Trump ចេញបញ្ជាហាមឃាត់ការវិនិយោគរបស់សហរដ្ឋអាមេរិកជាមួយក្រុមហ៊ុនដែលជួយដល់យោធាចិន – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

Trump ចេញបញ្ជាហាមឃាត់ការវិនិយោគរបស់សហរដ្ឋអាមេរិកជាមួយក្រុមហ៊ុនដែលជួយដល់យោធាចិន

Published

on

លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយដោយហាមប្រាមជនជាតិអាមេរិកមិនឲ្យវិនិយោគនៅក្នុងក្រុមហ៊ុនចិនណាដែលរដ្ឋបាលនិយាយថាជាកម្មសិទ្ធិឬគ្រប់គ្រងដោយយោធាចិន។

បទបញ្ជានេះអនុវត្តចំពោះក្រុមហ៊ុនចិនចំនួន៣១ដែលខ្លួននិយាយថា អាចជួយអភិវឌ្ឍនិងធ្វើទំនើបកម្មយោធាចិននិងគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខអាមេរិក។

ក្រុមហ៊ុនផលិតស្មាតហ្វូន Huawei និង Hikvision ដែលជាក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់ឧបករណ៍ឃ្លាំមើលវីដេអូធំជាងគេបំផុតរបស់ពិភពលោកគឺស្ថិតក្នុងចំណោមក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីខ្មៅ។ ក្រុមហ៊ុនមួយចំនួនផ្សេងទៀតដែលជាប់ក្នុងបញ្ជីរួមមានទាំងក្រុមហ៊ុន China Telecom និង China Mobile ដែលធ្វើពាណិជ្ជកម្មនៅផ្សារហ៊ុនទីក្រុងញូវយ៉កផងដែរ។

បទបញ្ជារបស់លោក Trump ក៏ហាមឃាត់វិនិយោគិនអាមេរិកពីការកាន់កាប់ឬធ្វើពាណិជ្ជកម្មមូលប័ត្រណាមួយដែលមានប្រភពដើមឬប៉ះពាល់ជាមួយក្រុមហ៊ុនទាំងនោះផងដែរ។ នេះរួមបញ្ចូលទាំងមូលនិធិសោធននិវត្តន៍ឬការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនដែលត្រូវបានហាមឃាត់។ វិនិយោគិនទាំងឡាយមានពេលរហូតដល់ខែវិច្ឆិកាឆ្នាំ២០២១ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនទាំងនោះ។

បទបញ្ជាដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១១ខែមករានេះបានកើតឡើងចំពេលដែលការប្រកួតប្រជែងពាណិជ្ជកម្មនិងបច្ចេកវិទ្យាកំពុងឡើងកម្តៅរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២នៅលើពិភពលោក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម