ទីបំផុត ចិន អបអរសាទរប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ទីបំផុត ចិន អបអរសាទរប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden

Published

on

ប្រទេសចិននៅថ្ងៃសុក្រនេះបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមហាអំណាចបានអបអរសាទរដល់លោក Joe Biden ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ។

ប្រទេសចិនរួមជាមួយប្រទេសរុស្ស៊ីមិនបានចូលរួមជាមួយរដ្ឋាភិបាលជាច្រើនផ្សេងទៀតដែលបានអបអរសាទរដល់លោក Biden កាលពីចុងសប្តាហ៍មុននោះទេ បន្ទាប់ពីលោកទទួលបានសម្លេងគាំទ្រពីអង្គអ្នកបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៣ ខែវិច្ឆិកា ដើម្បីកាន់កាប់តំណែងនៅសេតវិមាន ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា “យើងគោរពជម្រើសរបស់ប្រជាជនអាមេរិក ។ យើងអបអរសាទរលោក Biden និងអនុប្រធានាធិបតីលោកស្រី Kamala Harris” ។

លោក Wang មិនបានផ្តល់ហេតុផលណាមួយសម្រាប់ការពន្យារពេលការអបអរនេះនោះទេ ប៉ុន្តែបាននិយាយថា “លទ្ធផលនឹងត្រូវបានបញ្ជាក់យោងទៅតាមច្បាប់ និងនីតិវិធីរបស់សហរដ្ឋអាមេរិក” ។

រដ្ឋាភិបាលរបស់ប្រទេសចិនត្រូវបានជាប់គាំងនៅក្នុងសង្គ្រាមពន្ធជាមួយរដ្ឋបាលលោក Trump ជុំវិញមហិច្ឆតាបច្ចេកវិទ្យា និងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ។

ទន្ទឹមនោះលោក Trump ក៏បានចោទប្រទេសចិនថាជាការគំរាមកំហែងផ្នែកសន្តិសុខ និងបានដាក់បំរាមលើការនាំចេញ និងដាក់ទណ្ឌកម្មផ្សេងទៀតទៅលើក្រុមហ៊ុនចិនផងដែរ ។

ស្របពេលជាមួយគ្នានេះ អ្នកវិភាគនយោបាយរំពឹងថានឹងមានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះក្រោមការគ្រប់គ្រងរបស់លោក Biden ដោយសារតែការមិនសប្បាយចិត្តជាទូទៅជាមួយនឹងកំណត់ត្រាពាណិជ្ជកម្ម និងសិទ្ធិមនុស្សរបស់ទីក្រុងប៉េកាំង និងការចោទប្រកាន់ពីបទធ្វើចារកម្ម និងចោរកម្មបច្ចេកវិទ្យា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AP

ចុចអាន ៖ មហាអំណាច ២ នេះមិនទាន់អបអរជ័យជម្នះលោក Biden ទេ ហេតុអ្វីទៅ?

ចុចអាន ៖ រហូតមកដល់ពេលនេះ តើមេដឹកនាំពិភពលោករូបណាខ្លះថ្លែងសារអបអរប្រធានាធិបតីជាប់ឆ្នោត Joe Biden?

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម