អ៊ីរ៉ង់បដិសេធរបាយការណ៍ដែលថា អ្នកស្នងតំណែងមេក្រុមអាល់កៃដាត្រូវបានសម្លាប់ក្នុងប្រទេសខ្លួន – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់បដិសេធរបាយការណ៍ដែលថា អ្នកស្នងតំណែងមេក្រុមអាល់កៃដាត្រូវបានសម្លាប់ក្នុងប្រទេសខ្លួន

Published

on

អ៊ីរ៉ង់បានបដិសេធចំពោះរបាយការណ៍ដែលថា មេដឹកនាំក្រុមសកម្មប្រយុទ្ធអាល់កៃដាម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការវាយប្រហារដ៏សាហាវទៅលើស្ថានទូតអាមេរិកនៅទ្វីបអាហ្វ្រិកក្នុងឆ្នាំ ១៩៩៨ ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានីតេអេរ៉ង់ កាលពីខែសីហា ។

កាសែត New York Times បានរាយការណ៍ថា លោក Abdullah Ahmed Abdullah ដែលជាមេបញ្ជាការទី ២ របស់ក្រុមអាល់កៃដាត្រូវបានបាញ់សម្លាប់នៅតាមដងផ្លូវដោយភ្នាក់ងារអ៊ីស្រាអែល បន្ទាប់ពីមានការបញ្ជាពីសហរដ្ឋអាមេរិក ។

អ៊ីរ៉ង់បាននិយាយថា ខ្លួនគ្មានភេរវករអាល់កៃដារស់នៅក្នុងប្រទេសរបស់ខ្លួននោះទេ ។

ដោយដកស្រង់សម្តីមន្ត្រីចារកម្មអាមេរិក កាសែត New York Times បានរាយការណ៍ថា លោក Abdullah Ahmed Abdullah ឬ Abu Muhammad al-Masri ត្រូវបានបាញ់សម្លាប់ជាមួយកូនស្រីដោយបុរស ២ នាក់ដែលជិះម៉ូតូកាលពីថ្ងៃទី ៧ ខែសីហា ។

របាយការណ៍បានអះអាងថា ដំបូងឡើយអ៊ីរ៉ង់បានព្យាយាមលាក់បាំងការស្លាប់របស់លោក Abdullah ដោយសារព័ត៌មានអ៊ីរ៉ង់ និងលីបង់បានពិពណ៌នាអំពីជនរងគ្រោះនៃការបាញ់សម្លាប់កាលពីថ្ងៃទី ៧ ខែសីហា ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រលីបង់ និងកូនស្រីរបស់គាត់ ។

ទោះយ៉ាងណាក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធរបាយការណ៍នេះកាលពីថ្ងៃសៅរ៍ដោយនិយាយថា “ជាញឹបញាប់ទីក្រុងវ៉ាស៊ីនតោន និងក្រុង Tel Aviv ព្យាយាមចងអ៊ីរ៉ង់ជាមួយក្រុមបែបនេះដោយនិយាយកុហក និងបែកធ្លាយព័ត៌មានមិនពិតទៅប្រព័ន្ធផ្សព្វផ្សាយដើម្បីចៀសវាងការទទួលខុសត្រូវចំពោះសកម្មភាពឧក្រិដ្ឋកម្មនៃរឿងនេះ និងក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់ ។

ដោយដកស្រង់សម្តីមន្ត្រីចារកម្មអាមេរិក កាសែត New York Times បានរាយការណ៍ថា លោក Al-Masri បានស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់តាំងពីឆ្នាំ ២០០៣ មកដោយដំបូងឡើយត្រូវបានឃុំខ្លួនក្នុងផ្ទះ ប៉ុន្តែក្រោយមករស់នៅ និងដើរហើរដោយសេរី ។

លោក Al-Masri ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីភេរវករដែល FBI តាមចាប់ខ្លួន និងផ្ដល់ប្រាក់រង្វាន់ ១០ លានដុល្លារសម្រាប់ព័ត៌មាននៃការចាប់ខ្លួន ហើយត្រូវបានចោទប្រកាន់នៅសហរដ្ឋអាមេរិកពីបទឧក្រិដ្ឋទាក់ទងនឹងការបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិកក្នុងប្រទេសកេនយ៉ា និងតង់ហ្សានី នៅឆ្នាំ ១៩៩៨ ដែលក្នុងនោះមនុស្ស ២២៤ នាក់ត្រូវបានសម្លាប់ និងរាប់រយនាក់រងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ អ្នកស្នងតំណែងមេក្រុមអាល់កៃដានិងជា​មេខ្លោងបំផ្ទុះគ្រាប់បែកស្ថានទូតអាមេរិកត្រូវបានសម្លាប់

ចុចអាន ៖ ចិន​ គំរាមអាមេរិកបន្ទាប់ពីលោក Pompeo និយាយរឿងមួយពាក់ព័ន្ធ កោះតៃវ៉ាន់

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម