លោក Trump ទទួលស្គាល់ជាសាធារណៈថា លោក Biden ឈ្នះឆ្នោត – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

លោក Trump ទទួលស្គាល់ជាសាធារណៈថា លោក Biden ឈ្នះឆ្នោត

Published

on

លោកប្រធានាធិបតី Donald Trump បានទទួលស្គាល់ជាសាធារណៈលើកដំបូងថា គូប្រជែងរបស់គាត់ខាងគណបក្សប្រជាធិបតេយ្យគឺលោក Joe Biden បានឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកថ្ងៃទី៣ខែវិច្ឆិកាប៉ុន្តែបានអះអាងជាថ្មីថា ការបោះឆ្នោតត្រូវបានគេក្លែងបន្លំ។

លោកប្រធានាធិបតីបានបន្ថែមថា “មិនមានអ្នកឃ្លាំមើលឬអ្នកសង្កេតការណ៍បោះឆ្នោតត្រូវបានអនុញ្ញាតនៅក្នុងការបោះឆ្នោតដែលរៀបចំឡើងដោយក្រុមហ៊ុនឯកជនឆ្វេងនិយមទេ”។

លោក Trump បានបន្ថែមនៅក្នុងសារ Twitter មួយទៀតថា “ខ្ញុំមិនចាញ់ទេ”។ នេះជាសារថ្មីបំផុតដែលបដិសេធចំពោះការបរាជ័យនិងជាការបង្ហាញចុងក្រោយបំផុតថា យុទ្ធនាការរបស់លោកប្រធានាធិបតីនៅតែមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតថ្ងៃទី៣ខែវិច្ឆិកា។

ស្របពេលជាមួយគ្នានោះ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ លោក Ron Klain អគ្គសេនាធិការរបស់លោក Biden បានច្រានចោលការទទួលស្គាល់របស់លោក Trump ចំពោះជ័យជម្នះរបស់អតីតអនុប្រធានាធិបតី។

លោក Klain បានប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថា “ប្រសិនបើប្រធានាធិបតីត្រៀមនឹងចាប់ផ្តើមទទួលស្គាល់ការពិតនោះ វាជាភាពវិជ្ជមាន”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា “ការបង្ហោះ Twitter របស់លោក Donald Trump មិនធ្វើឲ្យលោក Joe Biden ក្លាយជាប្រធានាធិបតីឬមិនមែនប្រធានាធិបតីនោះទេ ប្រជាជនអាមេរិកបានធ្វើហើយ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម