ចិនឆ្លើយតបបែបណាវិញ ក្រោយ Trump ចេញបញ្ជាហាមឃាត់ការវិនិយោគរបស់អាមេរិកជាមួយក្រុមហ៊ុនដែលជួយដល់យោធាខ្លួន – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ចិនឆ្លើយតបបែបណាវិញ ក្រោយ Trump ចេញបញ្ជាហាមឃាត់ការវិនិយោគរបស់អាមេរិកជាមួយក្រុមហ៊ុនដែលជួយដល់យោធាខ្លួន

Published

on

ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា នេះថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការគាបសង្កត់ក្រុមហ៊ុនចិនដោយមិនសមហេតុផលទៀតទៅ ដោយឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោនក្នុងការហាមឃាត់ការវិនិយោគរបស់សហរដ្ឋអាមេរិកជាមួយក្រុមហ៊ុនដែលជួយដល់យោធាចិន ។

ក្រសួងបាននិយាយថា ចិនប្រឆាំងដាច់ខាតចំពោះសកម្មភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។ ទន្ទឹមនោះក្រសួងការបរទេសចិនក៏បានធ្វើអត្ថាធិប្បាយស្រដៀងគ្នានេះផងដែរដោយធ្វើការរិះគន់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ។

ការចេញមុខឆ្លើយតបរបស់ក្រសួងពាណិជ្ជកម្មចិនបានធ្វើឡើង ក្រោយពីសារព័ត៌មាន CNN បានចុះផ្សាយថា លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយដោយហាមប្រាមជនជាតិអាមេរិកមិនឲ្យវិនិយោគនៅក្នុងក្រុមហ៊ុនចិនណាដែលរដ្ឋបាលនិយាយថាជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយយោធាចិន ។

បទបញ្ជានេះអនុវត្តចំពោះក្រុមហ៊ុនចិនចំនួន ៣១ ដែលអាមេរិកនិយាយថា អាចជួយអភិវឌ្ឍ និងធ្វើទំនើបកម្មយោធាចិន និងគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខអាមេរិក ។

ក្រុមហ៊ុនផលិតស្មាតហ្វូន Huawei និង Hikvision ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ឧបករណ៍ឃ្លាំមើលវីដេអូធំជាងគេបំផុតរបស់ពិភពលោកគឺស្ថិតក្នុងចំណោមក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីខ្មៅ ។ ក្រុមហ៊ុនមួយចំនួនផ្សេងទៀតដែលជាប់ក្នុងបញ្ជីរួមមានទាំងក្រុមហ៊ុន China Telecom និង China Mobile ដែលធ្វើពាណិជ្ជកម្មនៅផ្សារហ៊ុនទីក្រុងញូវយ៉កផងដែរ ។

បទបញ្ជាដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ បានកើតឡើងចំពេលដែលការប្រកួតប្រជែងពាណិជ្ជកម្ម និងបច្ចេកវិទ្យាកំពុងឡើងកម្តៅរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ២ នៅលើពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS/CNN

ចុចអាន ៖ Trump ចេញបញ្ជាហាមឃាត់ការវិនិយោគរបស់សហរដ្ឋអាមេរិកជាមួយក្រុមហ៊ុនដែលជួយដល់យោធាចិន

ចុចអាន ៖ លោក Trump ទទួលស្គាល់ជាសាធារណៈថា លោក Biden ឈ្នះឆ្នោត

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម