ស្វែងយល់លម្អិតអំពីវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna ដែលបង្ហាញប្រសិទ្ធភាពសឹង១០០ភាគរយ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ស្វែងយល់លម្អិតអំពីវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna ដែលបង្ហាញប្រសិទ្ធភាពសឹង១០០ភាគរយ

Published

on

Moderna Inc បានក្លាយជាក្រុមហ៊ុនឱសថទី២របស់សហរដ្ឋអាមេរិកដែលបញ្ចេញទិន្នន័យពីការសិក្សាដ៏ធំមួយស្តីពីវ៉ាក់សាំងពិសោធន៍របស់ខ្លួនដោយនិយាយថា វាមានប្រសិទ្ធិភាព៩៤,៥ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩។

វានឹងស្វែងរកការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិកនៅពេលដែលវាបង្ហាញទិន្នន័យសុវត្ថិភាពបន្ថែមទៀតដែលគេរំពឹងថានឹងចេញនៅចុងខែនេះ។

ការវិភាគដំបូងរបស់វាត្រូវបានផ្អែកទៅលើ៩៥ករណីនៃជំងឺកូវីដ១៩ដែលក្នុងនោះ៩០ករណីបានទទួលការប្រើថ្នាំ Placebo ខណៈ៥ករណីទទួលវ៉ាក់សាំង។

មានករណីធ្ងន់ធ្ងរចំនួន១១នៅក្នុងក្រុមប្រើថ្នាំ Placebo និងគ្មានសោះក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំង។

លទ្ធផលនេះបានបញ្ចេញ មួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Pfizer Inc និងដៃគូអាល្លឺម៉ង់ BioNTech SE និយាយថា វ៉ាក់សាំងពិសោធន៍របស់ពួកគេមានប្រសិទ្ធភាពជាង៩០ភាគរយដោយផ្អែកលើទិន្នន័យដំបូង។

  • តើវាល្អកម្រិតណាទៅ?

ការធ្វើតេស្តមានការចូលរួមពីមនុស្ស៣០,០០០នាក់នៅសហរដ្ឋអាមេរិកដោយពាក់កណ្តាលត្រូវបានចាក់វ៉ាក់សាំងចំនួនពីរដូស បួនសប្តាហ៍ម្តង។

ការវិភាគគឺផ្អែកលើមនុស្ស៩៥នាក់ដំបូងដែលបង្ហាញរោគសញ្ញាជំងឺកូវីដ១៩។

មានតែអ្នកកើតកូវីដចំនួន៥នាក់ប៉ុណ្ណោះដែលត្រូវបានចាក់វ៉ាក់សាំង។ ក្រុមហ៊ុននិយាយថា វ៉ាក់សាំងនេះការពារបាន៩៤,៥ភាគរយ។

ទិន្នន័យនេះក៏បង្ហាញផងដែរថា មានអ្នកកើតកូវីដធ្ងន់ធ្ងរចំនួន១១នាក់ក្នុងការសាកល្បងប៉ុន្តែមិនមានអ្វីកើតឡើងចំពោះមនុស្សដែលត្រូវបានគេចាក់ថ្នាំបង្ការនោះទេ។

  • តើអ្វីដែលយើងមិនដឹង?

យើងនៅមិនទាន់ដឹងថាតើភាពស៊ាំនឹងមានរយៈពេលយូរប៉ុនណាខណៈអ្នកស្ម័គ្រចិត្តនឹងត្រូវគេតាមដានយូរជាងមុន មុនពេលអាចទទួលបានចម្លើយ។

មានព័ត៌មានថា វាផ្តល់នូវការការពារមួយចំនួននៅក្នុងក្រុមមនុស្សវ័យចំណាស់ដែលជាក្រុមមានហានិភ័យខ្ពស់បំផុតពីការស្លាប់ដោយសារជំងឺកូវីដ១៩ប៉ុន្តែមិនមានទិន្នន័យពេញលេញទេ។ ហើយគេមិនទាន់ដឹងទេថាតើវ៉ាក់សាំងនេះនឹងបញ្ឈប់មនុស្សពីការមានជំងឺធ្ងន់ធ្ងរឬក៏វាបញ្ឈប់ពួកគេពីការចម្លងវីរុសដែរឬក៏អត់។

សំណួរទាំងអស់នេះនឹងជះឥទ្ធិពលដល់របៀបប្រើប្រាស់វ៉ាក់សាំងការពារវីរុសកូរ៉ូណា។

  • តើវាមានសុវត្ថិភាពដែរឬទេ?

មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ការអស់កម្លាំងរយៈពេលខ្លី ឈឺក្បាលនិងឈឺចាប់ត្រូវបានរាយការណ៍បន្ទាប់ពីចាក់វ៉ាក់សាំងលើអ្នកជំងឺមួយចំនួន។

សាស្ត្រាចារ្យ Peter Openshaw មកពីមហាវិទ្យាល័យ Imperial College London បាននិយាយថា “ផលប៉ះពាល់ទាំងនេះគឺជាអ្វីដែលយើងរំពឹងថានឹងកើតឡើងជាមួយវ៉ាក់សាំងមួយដែលកំពុងធ្វើការនិងជំរុញឲ្យមានការឆ្លើយតបភាពស៊ាំល្អ។

  • បើប្រៀបធៀបទៅនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer តើវាខុសគ្នាយ៉ាងដូចម្តេច?

វ៉ាក់សាំងទាំងពីរប្រើវិធីដូចគ្នាក្នុងការចាក់ហ្សែនវីរុសដើម្បីបង្កការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ។

មកទល់ពេលនេះ ទិន្នន័យបឋមដែលយើងបានឃើញគឺស្រដៀងគ្នាខ្លាំងណាស់។ មានការការពារប្រហែល៩០ភាគរយសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech និងប្រហែល៩៥ភាគរយសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna។

ទោះបីជាយ៉ាងណាក៏ដោយ ការសាកល្បងទាំងពីរនៅតែធ្វើឡើងហើយតួរលេខចុងក្រោយអាចផ្លាស់ប្តូរ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ហាក់ដូចជាងាយស្រួលជាងក្នុងការទុកដាក់ព្រោះវានៅតែមានប្រសិទ្ធភាពក្នុងសីតុណ្ហភាពដក២០អង្សាសេរហូតដល់៦ខែហើយអាចរក្សាទុកនៅក្នុងទូរទឹកកកស្តង់ដារបានរហូតដល់មួយខែ។

ប៉ុន្តែវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ត្រូវការទុកដាក់ក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងប្រហែលដក៧៥អង្សាសេប៉ុន្តែវាអាចរក្សាទុកនៅក្នុងទូរទឹកកកបានរយៈពេល៥ថ្ងៃ។

ចំណែក វ៉ាក់សាំង Sputnik V ដែលត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសរុស្ស៊ីក៏បានចេញផ្សាយទិន្នន័យដំបូងផងដែរដែលបង្ហាញថា វាមានប្រសិទ្ធភាព៩២ភាគរយ។

  • តើយើងនឹងទទួលបានវាក់សាំងនៅពេលណា?

នោះអាស្រ័យលើកន្លែងដែលអ្នករស់នៅលើពិភពលោកនិងអាយុរបស់អ្នក។

ក្រុមហ៊ុន Moderna និយាយថា ខ្លួននឹងដាក់ពាក្យទៅនិយ័តករសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ខ្លួនរំពឹងថានឹងមានវ៉ាក់សាំងចំនួន២០លានដូសនៅក្នុងប្រទេសនេះ។

ក្រុមហ៊ុនសង្ឃឹមថា នឹងមានរហូតដល់ទៅមួយពាន់លានដូសសម្រាប់ប្រើប្រាស់នៅជុំវិញពិភពលោកនៅឆ្នាំក្រោយហើយក៏គ្រោងនឹងស្វែងរកការយល់ព្រមនៅក្នុងប្រទេសដទៃទៀតផងដែរ។

រដ្ឋាភិបាលចក្រភពអង់គ្លេសនៅតែកំពុងចរចាជាមួយក្រុមហ៊ុន Moderna ព្រោះវ៉ាក់សាំងនេះមិនមែនជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួនប្រាំមួយដែលខ្លួនបានកុម្ម៉ង់ទិញនោះទេ។

ចក្រភពអង់គ្លេសបានបង្ហាញផែនការដែលផ្តល់អាទិភាពដល់មនុស្សវ័យចំណាស់សម្រាប់ការចាក់វ៉ាក់សាំង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC, Al Jazeera

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម