តៃវ៉ាន់ផ្អាកការហោះហើរយន្តហោះចម្បាំង F-16 បន្ទាប់ពីគ្រោះថ្នាក់លើកទី ២ ក្នុងរយៈពេលមិនដល់មួយខែផង – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ផ្អាកការហោះហើរយន្តហោះចម្បាំង F-16 បន្ទាប់ពីគ្រោះថ្នាក់លើកទី ២ ក្នុងរយៈពេលមិនដល់មួយខែផង

Published

on

ប្រធានាធិបតីលោកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា នេះថា កងទ័ពអាកាសតៃវ៉ាន់បានផ្អាកការហោះហើរយន្តហោះចម្បាំង F-16 របស់ខ្លួន បន្ទាប់ពីបានបាត់យន្តហោះនៅលើបេសកកម្មបណ្តុះបណ្តាលមួយដែលជាការបាត់បង់លើកទី ២ នៃយន្តហោះចម្បាំងក្នុងរយៈពេលមិនដល់មួយខែ ក្នុងពេលបង្កើនបេសកកម្មស្ទាក់ចាប់យន្តហោះចិន ។

កាលពីល្ងាចថ្ងៃអង្គារ កងទ័ពអាកាសតៃវ៉ាន់បាននិយាយថា យន្តហោះចម្បាំង F-16 ដែលសាងសង់ដោយអាមេរិកបានបាត់ខ្លួនភ្លាមៗ បន្ទាប់ពីហោះចេញពីមូលដ្ឋានអាកាស Hualien នៅឆ្នេរសមុទ្រខាងកើតក្នុងបេសកកម្មហ្វឹកហាត់ជាធម្មតា ។

ហេតុការណ៍នោះបានកើតឡើង បន្ទាប់ពីការធ្លាក់យន្តហោះ F-5 ជាយន្តហោះចម្បាំងដែលបានចូលបម្រើសេវាកម្មដំបូងនៅកោះតៃវ៉ាន់ក្នុងទសវត្សឆ្នាំ ១៩៧០ នៅចុងខែតុលា ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានលោកស្រី Tsai បាននិយាយថា កងកម្លាំងអាកាសបានផ្អាកការហោះហើរយន្តហោះ F-16 រួចហើយដើម្បីធ្វើការត្រួតពិនិត្យ ។ លោកស្រីបានបន្ថែមថា “ខ្ញុំបានស្នើសុំក្រសួងការពារជាតិផ្អាកបន្តិចលើការការពារ និងការត្រៀមប្រយុទ្ធដើម្បីធានាសន្តិសុខជាតិ” ។

ទន្ទឹមនោះក្រសួងការពារជាតិបានអំពាវនាវដល់បណ្តាញសារព័ត៌មានកុំធ្វើការប៉ាន់ស្មានអំពីអ្វីដែលបានកើតឡើងចំពោះយន្តហោះ F-16 ដោយបន្ថែមថាបេសកកម្មចាំបាច់ត្រូវបន្តពិចារណាពីការគំរាមកំហែងដែលកំពុងកើតមានពីប្រទេសចិន ។

នៅក្នុងការឆ្លើយតបទៅនឹងស្ថានការណ៍ដែលកាន់តែខ្លាំងឡើងនៅច្រកសមុទ្រតៃវ៉ាន់ យោធាបានបន្តពង្រឹងការបណ្តុះបណ្តាលត្រៀមប្រយុទ្ធដើម្បីធានាសន្តិសុខជាតិ ។

គួរបញ្ជាក់ថា ការបាត់យន្តហោះ F-16 គឺជាគ្រោះថ្នាក់យោធាលើកទី ៤ របស់កោះតៃវ៉ាន់នៅឆ្នាំនេះ ខណៈកាលពីខែមករា មន្រ្តីយោធាកំពូលរបស់តៃវ៉ាន់ស្ថិតក្នុងចំណោមមនុស្ស ៨ នាក់ដែលត្រូវបានសម្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រដឹកពួកគេទៅសួរសុខទុក្ខទាហានបានធ្លាក់នៅតំបន់ភ្នំក្បែរទីក្រុងតៃប៉ិ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម