រុស្ស៊ី យកឆ្អឹងខ្មោចលាយជាមួយខ្សាច់ ធ្វើផ្លូវការពារទឹកកក – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី យកឆ្អឹងខ្មោចលាយជាមួយខ្សាច់ ធ្វើផ្លូវការពារទឹកកក

Published

on

ប៉ូលិសរុស្ស៊ីបានបើកការស៊ើបអង្កេតបន្ទាប់ពីឆ្អឹងខ្មោចរួមទាំងឆ្អឹងលលាដ៍ក្បាលផងដែរត្រូវបានលាយបញ្ចូលគ្នាហើយប្រើដើម្បីធ្វើផ្លូវការពារទឹកកកនៅក្នុងតំបន់ស៊ីបេរី។

អ្នកស្រុកបានប្រទះឃើញឆ្អឹងទាំងនេះលាយជាមួយខ្សាច់ដាក់លើផ្លូវ Partisan Alymov ក្នុងក្រុង Kirensk នៅតំបន់ Irkutsk ភាគអាគ្នេយ៍។

វាត្រូវបានគេគិតថា ឆ្អឹងទាំងនេះជារបស់ជនរងគ្រោះនៃសង្គ្រាមស៊ីវិលរុស្ស៊ីដែលកាលនោះ សម្ព័ន្ធមិត្តនៃកងកម្លាំងប្រឆាំងរបបកុម្មុយនិស្តបានព្យាយាមផ្តួលរំលំរបបផ្តាច់ការ Bolshevik របស់លោក Vladimir Lenin ពីឆ្នាំ១៩១៧រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩២០។

ក្រសួងមហាផ្ទៃក្នុងតំបន់បានចាប់ផ្តើមពិនិត្យមើលបញ្ហានេះបន្ទាប់ពីប្រជាពលរដ្ឋបានបង្ហោះរូបភាពដ៏រន្ធត់នេះនៅលើបណ្តាញសង្គមហើយភ្លាមៗនោះបានបញ្ជាក់ថា ឆ្អឹងទាំងនោះគឺជាឆ្អឹងមនុស្ស។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការបកស្រាយណាមួយនៅឡើយទេប៉ុន្តែឧប្បត្តិហេតុនេះហាក់ដូចជាការធ្វេសប្រហែសរបស់អ្នកម៉ៅការឯកជនម្នាក់។

ដោយដកស្រង់ប្រភពអនាមិកដែលដឹងអំពីបញ្ហានេះ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍ថា ខ្សាច់នេះត្រូវបានគេយកចេញពីទីតាំងមួយក្បែរកន្លែងបញ្ចុះសពចាស់។

មនុស្សម្នាក់និយាយថា “ឆ្អឹងលលាដ៍ក្បាលប្រហែលជាមានអាយុកាលប្រហែល១០០ឆ្នាំហើយ។ ឥឡូវ អ្នកជំនាញកំពុងសិក្សាអំពីវានិងឆ្អឹងដទៃទៀតដើម្បីកំណត់អាយុនិងប្រភពដើម”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖​ Metro 

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម