ទីបំផុត ប្រេស៊ីលយល់ព្រមនាំចូលវ៉ាក់សាំងកូវីដរបស់ចិនហើយ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ទីបំផុត ប្រេស៊ីលយល់ព្រមនាំចូលវ៉ាក់សាំងកូវីដរបស់ចិនហើយ

Published

on

និយតករសុខភាពរបស់ប្រទេសប្រេស៊ីលបានអនុញ្ញាតការនាំចូលវ៉ាក់សាំងកូវីដពីប្រទេសចិនដែលការយល់ព្រមនេះបានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធិបតី Jair Bolsonaro ទទូចថា លោកនឹងមិនអនុញ្ញាតឲ្យមានការនាំថ្នាំមកពីប្រទេសអាស៊ីមួយនេះឡើយ។

និយតករសុខភាព Anvisa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា វិទ្យាស្ថាន Butantan របស់រដ្ឋ Sao Paulo អាចនាំចូលវ៉ាក់សាំង CoronaVac ចំនួន៦លានដូសដែលក្រុមហ៊ុន Sinovac របស់ចិនកំពុងអភិវឌ្ឍ។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះបាននិយាយថា វ៉ាក់សាំងដែលមានសក្តានុពលនេះមិនអាចចាក់ឲ្យប្រជាជនប្រេស៊ីលបានទេព្រោះវាមិនទាន់ត្រូវបានអនុម័តនៅក្នុងស្រុក។

កាលពីដើមសប្តាហ៍នេះ លោក Bolsonaro បានបង្កឲ្យមានការភ័ន្តច្រឡំនៅពេលដែលលោកបានបដិសេធជាសាធារណៈចំពោះការចាក់វ៉ាក់សាំង CoronaVac ដោយនិយាយថា ប្រជាជនប្រេស៊ីលនឹងមិនត្រូវបានប្រើជាសត្វជ្រូកនោះទេ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានព័ត៌មានថា រដ្ឋមន្ត្រីសុខាភិបាលរបស់លោកឈ្មោះ Eduardo Pazuello បានយល់ព្រមទិញវ៉ាក់សាំង CoronaVac ដែលផលិតក្នុងស្រុកដោយវិទ្យាស្ថាន Butantan។

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro

នៅថ្ងៃទី២១ខែតុលា លេខាធិការប្រតិបត្តិនៃក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា មានការយល់ច្រឡំ។

លោក Antonio Elcio Franco បាននិយាយថា “មិនមានបំណងទិញវ៉ាក់សាំងពីប្រទេសចិនទេ។ នឹងមានតែវ៉ាក់សាំងប្រេស៊ីលដែលផលិតដោយវិទ្យាស្ថាន Butantan ប៉ុណ្ណោះ”។

វិមានប្រធានាធិបតីប្រេស៊ីលមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីការអនុញ្ញាតរបស់ Anvisa ចំពោះវ៉ាក់សាំងដែលនាំចូលទេ។

លោក Bolsonaro បានសម្តែងការមិនទុកចិត្តចំពោះប្រទេសចិនជាពិសេសក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៨បើទោះបីជាគាត់បានបន្ទន់វោហាសាស្រ្តរបស់គាត់នៅពេលឡើងកាន់តំណែងក៏ដោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម