ចំនួនអ្នកស្លាប់ដោយសារការចាក់វ៉ាក់សាំងផ្ដាសាយនៅកូរ៉េខាងត្បូងកើនដល់ ៩៤ នាក់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនអ្នកស្លាប់ដោយសារការចាក់វ៉ាក់សាំងផ្ដាសាយនៅកូរ៉េខាងត្បូងកើនដល់ ៩៤ នាក់

Published

on

ទីភ្នាក់ងារសុខាភិបាលសាធារណៈរបស់កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សសរុបចំនួន ៩៤ នាក់ដែលភាគច្រើនជាមនុស្សចាស់បានស្លាប់ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយ ។

ទន្ទឹមនោះការស្លាប់នេះបានបង្កឲ្យមានការព្រួយបារម្ភជាសាធារណៈចំពោះសុវត្ថិភាពនៃវ៉ាក់សាំងបែបនេះ ប៉ុន្តែទីភ្នាក់ងារទប់ស្កាត់ និងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយថា មនុស្ស ៨៧ នាក់នៃការស្លាប់ទាំងនោះមានទំនាក់ទំនងតិចតួចណាស់ជាមួយនឹងការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ ខណៈ ៧ ករណីទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត ។

KDCA បាននិយាយថា ក្នុងចំណោមមនុស្សទាំងអស់មាន ៤០ នាក់ស្ថិតក្នុងអាយុ ៧០ ឆ្នាំ បន្ទាប់មកមានមនុស្ស ៣៨ នាក់មានអាយុលើសពី ៨០ ឆ្នាំ ៨ នាក់នៅអាយុ ៦០ ឆ្នាំ និង ៨ នាក់ទៀតអាយុក្រោម ៦០ ឆ្នាំ ។

បន្ថែមពីនេះអាជ្ញាធរសុខាភិបាលបាននិយាយម្តងហើយម្តងទៀតថា ពួកគេមិនបានរកឃើញទំនាក់ទំនងដោយផ្ទាល់រវាងការចាក់វ៉ាក់សាំង និងការស្លាប់នេះនោះទេដោយជំរុញឲ្យប្រជាជនទទួលការចាក់វ៉ាក់សាំងផ្តាសាយមុនពេលចាប់ផ្តើមនៃរដូវរងា ចំពេលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ។

ការព្រួយបារម្ភរបស់សាធារណៈជនបានកើនឡើងខ្ពស់ចំពោះសុវត្ថិភាពនៃវ៉ាក់សាំងផ្តាសាយនេះ បន្ទាប់ពីដបវ៉ាក់សាំងមួយចំនួនត្រូវបានប៉ះពាល់នឹងសីតុណ្ហភាពក្នុងបន្ទប់អំឡុងពេលការចាក់នេះ ។ ទោះយ៉ាងណាអាជ្ញាធរបាននិយាយថាវាមិនមានបញ្ហាសុវត្ថិភាពនោះទេ ។

រហូតមកដល់ពេលនេះប្រជាជនកូរ៉េខាងត្បូងជាង ១២,១៤ លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយដោយឥតគិតថ្លៃក្នុងចំណោមប្រជាជនប្រមាណ ១៩ លាននាក់រួមទាំងក្មេងជំទង់ និងពលរដ្ឋវ័យចំណាស់ជាដើម ។

ជាទូទៅរដូវផ្តាសាយមកដល់ចន្លោះចុងខែវិច្ឆិកា និងធ្នូ ។ ដោយពិចារណាថាវ៉ាក់សាំងផ្តាសាយបណ្តាលអង់ទីគ័រមានការវិវត្តនៅក្នុងខ្លួនប្រហែលពីរសប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំង អ្នកជំនាញណែនាំឲ្យមនុស្សចាក់វ៉ាក់សាំងផ្តាសាយនៅពាក់កណ្តាលខែវិច្ឆិកា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ YONHAP

ចុចអាន ៖ កូរ៉េខាងត្បូងបន្តកម្មវិធីចាក់វ៉ាក់សាំងផ្តាសាយ ទោះចំនួនអ្នកស្លាប់កើនឡើងក៏ដោយ

ចុចអាន ៖ តុលាការសម្រេចផ្ដន្ទាទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូងមួយរូបទៀតជាប់ពន្ធនាគាររយៈពេល ១៧ ឆ្នាំ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម