Connect with us

ព័ត៌មានអន្ដរជាតិ

តើប្រទេសណាខ្លះទទួលប្រយោជន៍និងរងផលប៉ះពាល់ពីការជាប់ឆ្នោតរបស់លោក Joe Biden?

បានផុស

នៅ

បន្ទាប់ពីភាពមិនប្រាកដប្រជាអស់រយៈពេលជាច្រើនថ្ងៃ នៅទីបំផុត លោក Joe Biden បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក។

ក្នុងអំឡុងពេល៤ឆ្នាំនៃការកាន់តំណែងរបស់លោក Donald Trump ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង។

សារព័ត៌មាន BBC បានពន្យល់អំពីឥទ្ធិពលនៃជ័យជម្នះរបស់លោក Biden ទៅលើទំនាក់ទំនងសំខាន់ៗរបស់សហរដ្ឋអាមេរិក។

ចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ័យជម្នះរបស់លោក Biden បានចោទជាបញ្ហាប្រឈមមួយទៀតសម្រាប់ប្រព័ន្ធចិន។

អ្នកប្រហែលជាគិតថាទីក្រុងប៉េកាំងនឹងរីករាយដែលបានឃើញលោក Donald Trump បរាជ័យ។ ក្នុងនាមជាមេដឹកនាំប្រឆាំងចិន លោកបានវាយប្រហារពួកគេដោយសង្គ្រាមពាណិជ្ជកម្ម ការដាក់ទណ្ឌកម្មជាច្រើននិងស្តីបន្ទោសពួកគេចំពោះការរាតត្បាតនៃជំងឺកូវីដ១៩។

ប៉ុន្តែអ្នកវិភាគមួយចំនួនបានលើកឡើងថា ថ្នាក់ដឹកនាំចិនពេលនេះអាចនឹងមានអារម្មណ៍ខកចិត្ត។ មិនមែនដោយសារតែពួកគេមានចំណូលចិត្តលើលោក Trump នោះទេប៉ុន្តែដោយសារតែ បើគាត់កាន់តំណែងរយៈពេលបួនឆ្នាំទៀត ចិននឹងទទួលបានរង្វាន់ធំ។ ការបែកបាក់គ្នាក្នុងប្រទេសនិងភាពឯកោនៅក្រៅប្រទេស គឺជាអ្វីដែលទីក្រុងប៉េកាំងចង់ឃើញ។

ជាការពិតប្រទេសចិនអាចព្យាយាមស្វែងរកអត្ថប្រយោជន៍ពីឆន្ទៈរបស់លោក Joe Biden ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការលើបញ្ហាធំៗដូចជាបម្រែបម្រួលអាកាសធាតុជាដើម។ ប៉ុន្តែលោកក៏បានសន្យាថានឹងធ្វើការជួសជុលសម្ព័ន្ធមិត្តរបស់អាមេរិកផងដែរដើម្បីរារាំងមហិច្ឆតាមហាអំណាចរបស់ចិន។

ឥណ្ឌា

ដើមកំណើតរបស់អនុប្រធាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris គឺជាប្រភពនៃមោទនភាពនៅក្នុងប្រទេសឥណ្ឌាប៉ុន្តែលោក Narendra Modi អាចទទួលបានការស្វាគមន៍ពីលោក Biden មិនសូវកក់ក្តៅដូចអ្នកកាន់តំណែងមុនទេ។

ឥណ្ឌាគឺជាដៃគូដ៏សំខាន់របស់សហរដ្ឋអាមេរិកតាំងពីយូរយារណាស់មកហើយហើយទិសដៅរួមនៃការធ្វើដំណើរទំនងជាមិនផ្លាស់ប្តូរក្រោមការដឹកនាំរបស់លោក Biden ទេ។

ប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអាស៊ីខាងត្បូងមួយនេះនឹងនៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកដើម្បីកាត់បន្ថយការកើនឡើងនៃឥទ្ធិពលរបស់ចិននិងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មពិភពលោក។

លោក Biden និយាយមិនសំចៃមាត់ទេ។ វេបសាយឃោសនាបោះឆ្នោតរបស់លោកបានអំពាវនាវឲ្យមានការស្តារសិទ្ធិសម្រាប់អ្នករាល់គ្នានៅតំបន់កាស្មៀរនិងបានរិះគន់ការចុះឈ្មោះជាតិរបស់ពលរដ្ឋ (NRC) និងច្បាប់ស្តីពីវិសោធនកម្មពលរដ្ឋ (CAA) ដែលជាច្បាប់ចំនួន២ដែលបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ។

កូរ៉េ

ប្រទេសកូរ៉េខាងជើងធ្លាប់បានហៅលោក Biden ថា “ឆ្កែឆ្កួត” ប៉ុន្តែពេលនេះលោកគីមជុងអ៊ុននឹងត្រូវធ្វើការពិចារណាយ៉ាងប្រុងប្រយ័ត្នមុននឹងព្យាយាមបង្កហេតុដល់ប្រធានាធិបតីអាមេរិកថ្មីរូបនេះ។

វាទំនងជាថា លោកប្រធាន គីម ប្រហែលជាពេញចិត្តនឹងអាណត្តិបួនឆ្នាំទៀតរបស់លោក Donald Trump។

កិច្ចប្រជុំនិងរឿងរ៉ាវជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមករបស់មេដឹកនាំទាំងពីរបានចារក្នុងប្រវត្តិសាស្រ្តប៉ុន្តែមានកិច្ចព្រមព្រៀងតិចតួចណាស់ដែលត្រូវបានចុះហត្ថលេខា។ ភាគីទាំងពីរមិនបានទទួលអ្វីដែលពួកគេចង់បានពីកិច្ចពិភាក្សាទាំងនេះទេ៖ កូរ៉េខាងជើងបានបន្តកសាងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនហើយសហរដ្ឋអាមេរិកបានបន្តអនុវត្តការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង។

ផ្ទុយទៅវិញ លោក Joe Biden បានទាមទារឲ្យប្រទេសកូរ៉េខាងជើងបង្ហាញថា ខ្លួនមានឆន្ទៈក្នុងការបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនមុនពេលដែលលោកចូលរួមក្នុងកិច្ចប្រជុំណាមួយជាមួយលោកគីមជុងអ៊ុន។ អ្នកវិភាគជាច្រើនជឿជាក់ថា ប្រសិនបើក្រុមរបស់លោក Biden មិនចាប់ផ្តើមជជែកជាមួយក្រុងព្យុងយ៉ាងឆាប់ៗទេនោះ ថ្ងៃនៃ “ភ្លើងនិងកំហឹង” អាចនឹងវិលត្រឡប់មកវិញ។

ប្រទេសកូរ៉េខាងត្បូងបានព្រមានរួចទៅហើយថា កូរ៉េខាងជើងមិនត្រូវដើរតាមផ្លូវបង្កហេតុឡើយ។ ទីក្រុងសេអ៊ូលប្រហែលជាមានការលំបាកក្នុងការដោះស្រាយជាមួយលោក Donald Trump ប៉ុន្តែលោកប្រធានាធិបតី Moon មានឆន្ទៈក្នុងការបញ្ចប់សង្គ្រាមរយៈពេល៧០ឆ្នាំនៅឧបទ្វីបកូរ៉េហើយលោកបានកោតសរសើរលោក Trump ដែលមាន “ភាពក្លាហាន” ក្នុងការជួបជាមួយលោកគីម។ កូរ៉េខាងត្បូងនឹងតាមដានយ៉ាងដិតដល់ចំពោះសញ្ញាណាមួយដែលបង្ហាញថា លោក Biden មានឆន្ទៈធ្វើដូចគ្នា។

រុស្ស៊ី

កាលពីឆ្នាំ២០១១ លោកអនុប្រធានាធិបតី Biden បាននិយាយថា ប្រសិនបើគាត់ជាលោក Putin គាត់នឹងមិនឈរឈ្មោះជាប្រធានាធិបតីម្តងទៀតទេ វានឹងអាក្រក់សម្រាប់ប្រទេសនិងខ្លួនគាត់។ លោកប្រធានាធិបតី Putin នឹងមិនភ្លេចរឿងនោះឡើយ។

ដោយសារតែមេដឹកនាំទាំងពីរមិនត្រូវគ្នានោះ ទីក្រុងមូស្គូបារម្ភថា ការឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក Biden មានន័យថា នឹងមានសម្ពាធនិងការដាក់ទណ្ឌកម្មកាន់តែខ្លាំងពីទីក្រុងវ៉ាស៊ីនតោន។ ជាមួយនឹងអ្នកប្រជាធិបតេយ្យក្នុងសេតវិមាន តើវាអាចជាពេលវេលាដើម្បីសងសឹកសម្រាប់អន្តរាគមន៍របស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ដូចការចោទប្រកាន់ដែរឬទេ?

សារព័ត៌មានរុស្ស៊ីមួយថ្មីៗនេះបានអះអាងថា ក្រោមការដឹកនាំរបស់លោក Trump ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីបានធ្លាក់ចុះដល់បាតសមុទ្រ។ ប៉ុន្តែវាបានប្រដូចលោក Biden ទៅនឹង “អ្នកបូមខ្សាច់” ដែលនឹងជីកកាន់តែជ្រៅជាងនេះទៀត។

អ្នកអត្ថាធិប្បាយជនជាតិរុស្ស៊ីបានព្យាករណ៍ថា រដ្ឋបាលលោក Biden នឹងអាចស្រួលព្យាករណ៍ ជាងក្រុមលោក Trump។ នោះអាចធ្វើឲ្យមានភាពងាយស្រួលក្នុងការឈានដល់កិច្ចព្រមព្រៀងលើបញ្ហាសំខាន់ៗនានាដូចជា New Start ដែលជាសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរដ៏សំខាន់រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីដែលនឹងផុតកំណត់នៅខែកុម្ភៈឆ្នាំក្រោយ។

ទីក្រុងមូស្គូចង់បន្តដំណើរពីយុគសម័យលោក Trump ហើយព្យាយាមកសាងទំនាក់ទំនងការងារជាមួយសេតវិមានថ្មីប៉ុន្តែមិនមានការធានាពីជោគជ័យទេ។

អ៊ីរ៉ង់

ជ័យជម្នះរបស់លោក Biden អាចនាំទីក្រុងតេអេរ៉ង់វិលត្រលប់មកតុចរចាវិញ។

ប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក លោកប្រធានាធិបតី Trump បាននិយាយដោយសុទិដ្ឋិនិយមថា នៅពេលលោកជាប់ឆ្នោតជាថ្មី ទូរស័ព្ទដំបូងបង្អស់ដែលលោកបានទទួលគឺមកពីមេដឹកនាំអ៊ីរ៉ង់ដែលស្នើសុំចរចា។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើគាត់ឈ្នះមែន ការហៅទូរស័ព្ទទៅលោក Trump នឹងមិនកើតឡើងទេ។ ការចរចាជាមួយរដ្ឋបាលលោក Trump នឹងមិនអាចទៅរួចសម្រាប់អ៊ីរ៉ង់ឡើយ វាគួរឲ្យអាម៉ាស់ណាស់។

ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងគោលនយោបាយនៃសម្ពាធអតិបរិមាបានធ្វើឲ្យអ៊ីរ៉ង់វិលត្រឡប់ទៅរកការដួលរលំនៃសេដ្ឋកិច្ច។ លោក Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ អាក្រក់ជាងនេះទៅទៀត គាត់បានបញ្ជាឲ្យសម្លាប់លោកឧត្តមសេនីយ៍ Qasem Soleimani ដែលជាមិត្តជិតស្និទ្ធរបស់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei។ ការសងសឹកចំពោះការសម្លាប់របស់គាត់នៅតែស្ថិតក្នុងរបៀបវារៈកំពូលសម្រាប់ក្រុមអ្នកកាន់សាសនាឥស្លាម។

ការជាប់ឆ្នោតរបស់លោក Joe Biden ធ្វើឲ្យការចរចាជាមួយរដ្ឋបាលអាមេរិកកាន់តែមានភាពងាយស្រួលសម្រាប់អ៊ីរ៉ង់។ ប្រធានាធិបតីជាប់ឆ្នោតរូបនេះខុសពីលោក Trump។ គាត់បាននិយាយថា គាត់ចង់ប្រើផ្នែកការទូតនិងវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់វិញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៦ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥០ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម