ព័ត៌មានអន្ដរជាតិ
អារ៉ាប៊ីសាអូឌីតជំរុញឲ្យអ៊ីរ៉ង់ឆាប់ធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខ្លាចត្រូវអ៊ីស្រាអែលវាយប្រហារ
យោងតាមការចុះផ្សាយនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ របស់ទីភ្នាក់ងារព័ត៌មាន Reuters អារ៉ាប៊ីសាអូឌីតធ្លាប់បានព្រមានត្រង់ៗតែម្ដងទៅកាន់អ៊ីរ៉ង់ ដោយជំរុញឲ្យប្រទេសនេះពន្លឿនកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក បើមិនដូច្នោះទេនឹងប្រឈមមុខនឹងការវាយប្រហារយោធាដ៏ខ្លាំងក្លាយពីអ៊ីស្រាអែល។

កាលពីខែមេសា រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman បានផ្ញើសារសម្ងាត់មួយរបស់ស្តេច Salman bin Abdulaziz ទៅកាន់ទីក្រុងតេហេរ៉ង់។ សារនោះបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិក ដោយបង្ហាញពីការអត់ធ្មត់មានកម្រិតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ការចរចាដែលអូសបន្លាយ។ អារ៉ាប៊ីសាអូឌីតបានព្រមានថា ការបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀង អាចបង្កសកម្មភាពយោធាពីអ៊ីស្រាអែលប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានបង្ហាញចំណាប់អារម្មណ៍ចំពោះដំណោះស្រាយនយោបាយដែលនឹងរួមបញ្ចូលការបន្ធូរបន្ថយទណ្ឌកម្ម។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏បានសម្តែងការព្រួយបារម្ភអំពីរបៀបចរចាដែលមិនអាចទាយទុកជាមុនបានរបស់លោក ត្រាំ និងការទាមទារដ៏ហួសហេតុទាក់ទងនឹងកម្រិតការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។
សាររបស់អារ៉ាប៊ីសាអូឌីត បានឆ្លុះបញ្ចាំងពីក្ដីបារម្ភចំពោះស្ថិរភាពក្នុងតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ច ជុំវិញការកើនឡើងនៃភាពតានតឹង។ អារ៉ាប៊ីសាអូឌីតដែលបាននិងកំពុងបង្កើនឥទ្ធិពលក្នុងតំបន់របស់ខ្លួនបន្ទាប់ពីបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់កាលពីឆ្នាំ២០២៣ មានបំណងបញ្ចៀសអស្ថិរភាពបន្ថែមទៀតដែលអាចគំរាមកំហែងដល់មហិច្ឆតាសេដ្ឋកិច្ចរបស់ខ្លួន។
អំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកទៅកាន់មជ្ឈិមបូព៌ានាពេលថ្មីៗនេះ មេដឹកនាំអារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម បាននាំគ្នាជំរុញឲ្យលោក ត្រាំ ច្រានចោលការវាយប្រហារយោធាលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់។ ពួកគេបានគាំទ្រសម្រាប់ការបន្តកិច្ចខិតខំប្រឹងប្រែងការទូត និងព្រួយបារម្ភថា សកម្មភាពយោធាណាមួយអាចនាំឲ្យមានការសងសឹកពីអ៊ីរ៉ង់វិញ ជាពិសេសដោយសារតែវត្តមានមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសរបស់ពួកគេ។
លោក ត្រាំ បានទទួលស្គាល់ការព្រួយបារម្ភទាំងនេះ ដោយបញ្ជាក់ថា លោកបានណែនាំនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ មិនឲ្យបើកការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់ទេ ដោយលើកឡើងថា ការចរចានុយក្លេអ៊ែរជិតឈានដល់ការព្រមព្រៀងគ្នាហើយក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀត។ លោក ត្រាំ បានបន្ថែមថា កិច្ចព្រមព្រៀងដែលនឹងសម្រេចបាន នឹង«ជួយសង្គ្រោះជីវិតមនុស្សបានយ៉ាងច្រើន»។
របាយការណ៍ពី New York Times កាលពីពេលថ្មីៗ បានបង្ហាញថា លោក ណេតាន់យ៉ាហ៊ូ កំពុងពិចារណាលើការវាយប្រហារដោយឯកឯងលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទោះពុំមានការគាំទ្រពីអាមេរិកក៏ដោយ ដែលនេះជាទង្វើមួយអាចបង្កគ្រោះថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត។ ចំណែកឯ អ៊ីរ៉ង់ ក៏ធ្លាប់ចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ីស្រាអែល និងអាមេរិកផងដែរ ដោយអះអាងថា ទីក្រុងតេហេរ៉ង់នឹងចាត់«វិធានការពិសេស» បើមានការវាយប្រហារយោធាណាមួយលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ហើយការឆ្លើយតបនោះនឹងអាចបង្កជាសង្គ្រាមដ៏ធំនៅក្នុងតំបន់៕

ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន