គណបក្សរបស់លោកស្រី ស៊ូជី អះអាងជ័យជម្នះក្នុងការបោះឆ្នោត មីយ៉ាន់ម៉ា – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

គណបក្សរបស់លោកស្រី ស៊ូជី អះអាងជ័យជម្នះក្នុងការបោះឆ្នោត មីយ៉ាន់ម៉ា

Published

on

គណបក្សកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានឈ្នះអាសនៈគ្រប់គ្រាន់នៅក្នុងសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មី។

អ្នកនាំពាក្យគណបក្សលោក Myo Nyunt បានប្រាប់ Reuters ថា របាយការណ៍ផ្ទៃក្នុងបង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី បានឈ្នះអាសនៈចំនួន៣២២នៅក្នុងសភាដែលត្រូវការបើទោះបីជាពុំមានលទ្ធផលផ្លូវការណាមួយត្រូវបានប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតក៏ដោយ។

លោកនិយាយថា “យើងសូមអរគុណប្រជាជន។ សម្រាប់ប្រជាជន សម្រាប់គណបក្ស នេះគឺជាលទ្ធផលនៃការបោះឆ្នោតដ៏គួរឲ្យចាប់អារម្មណ៍”។

គណៈកម្មការរៀបចំការបោះឆ្នោតរំពឹងថានឹងប្រកាសលទ្ធផលជាផ្លូវការនៅយប់ថ្ងៃចន្ទនេះ។

ការបោះឆ្នោតកាលពីថ្ងៃអាទិត្យត្រូវបានគេមើលឃើញថាជាការធ្វើប្រជាមតិមួយលើរដ្ឋាភិបាលប្រជាធិបតេយ្យដែលដឹកនាំដោយលោកស្រីស៊ូជីនិងគណបក្ស NLD ដែលនៅតែមានប្រជាប្រិយភាពក្នុងប្រទេសប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ខ្លួនបានធ្លាក់ចុះជ្រៅនៅក្រៅប្រទេសចំពេលមានការចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។

អាសនៈដែលត្រូវប្រជែងគ្នាដណ្តើមក្នុងការបោះឆ្នោតនេះគឺមាន៣១៥អាសនៈនៅក្នុងសភាជាន់ទាបដែលមានសមាជិក៤២៥នាក់និង១៦១អាសនៈនៅក្នុងសភាជាន់ខ្ពស់ដែលមាន២១៧អាសនៈ។

គណបក្ស NLD បានឡើងកាន់អំណាចបន្ទាប់ពីឈ្នះឆ្នោតភ្លូកទឹកភ្លូកដីក្នុងឆ្នាំ២០១៥ដែលកាលនោះ ខ្លួនទទួលបានអាសនៈសរុបចំនួន៣៩០អាសនៈ។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យរបស់គណបក្សធំទី២គឺគណបក្សសាមគ្គីភាពនិងអភិវឌ្ឍន៍សហភាពដែលគាំទ្រដោយយោធាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម