តើ​គួរ​ធ្វើ​ដូចម្ដេច បើ​ស្ត្រី​បែក​ទឹកភ្លោះ​មុន​ពេល​ឈឺពោះ​សម្រាល​? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

សុខភាព

តើ​គួរ​ធ្វើ​ដូចម្ដេច បើ​ស្ត្រី​បែក​ទឹកភ្លោះ​មុន​ពេល​ឈឺពោះ​សម្រាល​?

Published

on

​ការ​បែក​ទឹកភ្លោះ​មុន​ពេល​ឈឺពោះ​សម្រាល ជា​បញ្ហា​ជួប​ញឹកញាប់ និង​ជា​មូលហេតុ​ នៃ​ការ​ដាក់​ឲ្យ​សម្រាក​ពេទ្យ ​អំឡុង​មាន​ផ្ទៃពោះ​។

ការ​បែក​ទឹកភ្លោះ​អាច​កើតមាន​ទាំង​ពេល​គភ៌​មិនទាន់​គ្រប់​ខែ (​មុន​៣៧​អាទិត្យ​) និង​ពេល​គភ៌​គ្រប់​ខែ​(​ក្រោយ​៣៧​អាទិត្យ​)​។ ក្នុង​ករណី​ដែល​ម្តាយ​មិនបាន​ចាប់អារម្មណ៍​លើ​ការ​បែក​ទឹកភ្លោះ ឬ​ជ្រាប​ទឹក​ភ្លោះ​មុន​ពេល​សម្រាល​ អាច​បង្ក​ផល​ប៉ះពាល់​ទៅលើ​សុខភាព​ទាំង​ម្តាយ និង​ទារក​។​

​ក​) មូលហេតុ​ ៖

– ភាគច្រើន​ បណ្តាលមកពី​ការ​បង្ក​រោគ (Infection)

– ការ​រីក​តឹង ​នៃ​ស្បូន ក្នុង​ករណី​កូនភ្លោះ ឬ​កូន​ច្រើន ទឹកភ្លោះ​ច្រើន កូន​ថ្លោស​

– ការ​ប៉ះទង្គិច​ដូចជា ការ​រួម​ភេទ​(Coït) ជាដើម​។​

​ខ​) អ្វីដែល​នឹង​អាច​កើតមានឡើង​ក្រោយ​បែក​ទឹកភ្លោះ​មុន​ឈឺពោះ​សម្រាល ​៖

– ឈឺពោះ​សម្រាល :

+ ៥០ ភាគរយ ​នៃ​ស្ត្រី​ នឹង​សម្រាល​ក្នុង​រយៈពេល​ប្រមាណ​ជា​៥​ម៉ោង​

+ ហើយ​ប្រហែល​៩០​ភាគរយ នឹង​សម្រាល​ក្នុង​រយៈពេល​ប្រហែល​២៤​ម៉ោង​ ក្រោយពី​បែក​ទឹកភ្លោះ​

– ការ​បង្ក​រោគ​(Infection)​ ទៅលើ​កូន​ និង​ម្តាយ​

​គ​) តើ​គួរ​ធ្វើ​ដូចម្ដេច បើ​ស្ត្រី​បែក​ទឹកភ្លោះ​មុន​ពេល​ឈឺពោះ​សម្រាល​?

– ការថែទាំ និង​ការព្យាបាល​ ប្រែប្រួល​ទៅតាម​អាយុ​គភ៌ នៅពេលដែល​បែក​ទឹកភ្លោះ​

– ស្ត្រី​ត្រូវ​សម្រាក​ពេទ្យ​ក្នុង​ផ្នែក​សម្ភព ដើម្បី​ទទួល​ការតាមដាន​ម្តាយ ជាពិសេស​(​កម្ដៅ​, ការ​ឈឺពោះ​) និង​ទារក (​ការ​បម្រះ​របស់​កូន តាមដាន​ចង្វាក់បេះដូង​កូន​)

– កាត់បន្ថយ​ការ​លូក​ពិនិត្យ​ទ្វារមាស បើ​ស្ត្រី​ពុំមាន​សញ្ញា​ឈឺពោះ​

– ប្រើប្រាស់​ថ្នាំ​ផ្សះ បើ​ការ​បែក​ទឹកភ្លោះ​មាន​រយៈពេល​លើសពី​១២​ម៉ោង​

– ការតាមដាន​ទឹកភ្លោះ​ដោយ​ការពិនិត្យ​អេកូ​សាស្ត្រ​

– ក្នុងករណី​ដែល​មាត់ស្បូន​អំណោយផល ការប្រើប្រាស់​ថ្នាំ ដើម្បី​ឲ្យ​ការ​សម្រាល​បាន​ឆាប់ ដោយ​កាត់​បន្ថយ​ការប៉ះពាល់​ដល់​ម្តាយ​ និង​ទារក ហើយ​ភាគច្រើន​ទទួល​ការ​ពេញចិត្ត​ពី​អ្នកជំងឺ​(​ជា​ជម្រើស ​នៃ​អ្នក​ម្តាយ​)

– ក្នុងករណី​ដែល​មាត់ស្បូន​មិន​អំណោយផល ការតាមដាន​ក្នុង​រយៈពេល​១២​ម៉ោង ដើម្បី​ទុក​លទ្ធ​ភាព​ឲ្យ​មានការ​ឈឺពោះ​ដោយ​ឯកឯង​។ បើ​២៤​ម៉ោង ស្ត្រី​គ្មាន​សញ្ញា​ឈឺពោះ​ឯកឯង ការ​ធ្វើ Déclen​chement ឲ្យ​ឈឺពោះ​អាចធ្វើ​ទៅបាន ដើម្បី​កាត់បន្ថយ​ការវះកាត់​(Césarienne)

– ជាទូទៅ​រយៈពេល​ពី​បែក​ទឹកភ្លោះ រហូតដល់​ការធ្វើ Déclenchement មិន​ត្រូវ​លើស​ពី​៤៨​ម៉ោង​។​

“​សូម​មក​ពិភាក្សា​ និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែង​រក​ការ​ការពារ និង​ការ​ព្យាបាល​ឲ្យ​ទាន់ពេលវេលា ​ហើយ​មាន​ប្រសិទ្ធភាព ចៀសវាង​បង្ក​ផល​ប៉ះ​ពាល់​ដល់​ម្តាយ និង​ទារក​”៕

អត្ថបទ ៖ ​រស្មី​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម