ស្ត្រី​ ព្រួយ​បារម្ភ​ចំពោះ​ការឈឺចាប់​ នៅ​ពេល​សម្រាល​បុត្រ​មែន​ទេ​? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

សុខភាព

ស្ត្រី​ ព្រួយ​បារម្ភ​ចំពោះ​ការឈឺចាប់​ នៅ​ពេល​សម្រាល​បុត្រ​មែន​ទេ​?

Published

on

​សម្រាល​បុត្រ​ដោយ​ប្រើប្រាស់​ថ្នាំ​សណ្ដំ​(Epidural) គឺជា​វិធីសាស្ត្រ​ដែល​កំពុង​ពេញនិយម​បំផុត សម្រាប់​បំបាត់​ការឈឺចាប់​ក្នុង​កំឡុងពេល​សម្រាលកូន​នៅ​ដំណាក់កាល​បច្ចុប្បន្ន​។ ជាង 70% នៃ​ស្ត្រី​ដែល​ផ្តល់​កំណើត​នៅ​មន្ទីរពេទ្យ ​នៃ​ប្រទេស​អភិវឌ្ឍន៍​បាន​ប្រើ​ថ្នាំ​សណ្ដំ epidural។ ការយល់ដឹង​ពី​របៀប​ប្រើប្រាស់ អត្ថប្រយោជន៍ និង​ហានិភ័យ​របស់​វា នឹង​ជួយ​អ្នក ក្នុង​ការ​ធ្វើការ​សម្រេច​ចិត្ត​របស់​អ្នក​អំឡុងពេល​ឈឺពោះ​សម្រាលកូន​។​

​ក​) ការប្រើ​ថ្នាំ​សណ្តំ epidural ជា​អ្វី​?
​ការដាក់​​ថ្នាំ​សណ្ដំ epidural ជាការ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ក្នុង​តំបន់​ដែល​មាន​ការឈឺចាប់ ជាក់លាក់​ណាមួយ ​នៃ​រាងកាយ​។ ជាក់ស្ដែង​ក្នុង​ពេល​សម្រាល គឺ​បន្ថយ​ការឈឺចាប់​ដោយសារ​ការ​កន្ត្រាក់ ​នៃ​ស្បូន​។ ថ្នាំ epidural ជា​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​មាន​ផល​ប៉ះពាល់ តិចតួច​បំផុត​។​

​ខ​) តើ epidural ត្រូវ​បាន​ចាក់​យ៉ាងដូចម្ដេច​?
​ជាទូទៅ​ការ​ប្រើ​​ថ្នាំ​សណ្ដំ epidural នឹង​ចាប់ផ្ដើម ចាប់ពី​ពេល​មាត់ស្បូន​បើក​បាន​៣សង់ទីម៉ែត្រ​។ ជា​ដំបូង​គ្រូពេទ្យ​ នឹង​ផ្ដល់​សារធាតុ​រាវ​តាម​សរសៃឈាម​របស់​អ្នក​(iv fluid) មុនពេល ចាប់ផ្ដើម​ដាក់ epidural​។ គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព និង​ផ្នែក​ដាក់​​ថ្នាំ​សណ្ដំ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត នឹង​នៅ​ទីនោះ សម្រាប់​ដំណើរ ​នៃ​ការ​ដាក់​​ថ្នាំ​សណ្ដំ។​

អ្នកនឹង​ត្រូវបាន​ស្នើ​ឲ្យ​អង្គុយ ឬ​គេង​ចង្កោងខ្នង បន្ទាប់មក​ខ្នង​របស់​អ្នក​ នឹង​ត្រូវ​លាង​សំអាត ដោយ​ទឹក​សម្លាប់​មេរោគ​។ គ្រូពេទ្យ​ នឹង​ចាក់​បញ្ចូល​ម្ជុល​ទៅ​ចន្លោះ​ឆ្អឹងខ្នង​របស់​អ្នក​។ ម្ជុល​ជ័រ​តូច ​នឹង ត្រូវ​បាន​បិត​ជាប់​ខ្នង​របស់​អ្នក​ដើម្បី​បង្ហូរ​ថ្នាំ​។ ពេលនោះ អ្នកនឹង​ត្រូវ​ស្នើ​ឲ្យ​ត្រឡប់​មក​គេង​ក្នុង​សភាព​ធម្មតា​វិញ អារម្មណ៍​ឈឺចាប់ ​ក៏​ត្រូវ​បាន​កាត់បន្ថយ​។​

​គ​) អត្ថប្រយោជន៍​ ៖
– បន្ថយ​ការឈឺចាប់​ពេល​សម្រាល ពេល​ទម្លាក់​សុក និង​ពេល​ដេរ​របួស​
– អ្នកមាន​ពេល​សម្រាក បើ​ការ​សម្រាល​មាន​រយៈពេល​យូរ​
– ក្នុងករណី​មានការ​វះកាត់​យក​កូន យើង​នៅតែ​អាច​បន្ត​តាមរយៈ​បច្ចេកទេស​នេះ​ដដែល​
– ជួយ​សម្រួល​ភាព​ភ័យខ្លាច ហត់នឿយ ថប់​បារម្ភ ហើយ​ជំនួស​មកវិញ​នៅ​អារម្មណ៍ ជឿជាក់​, ស្ងប់​ស្ងាត់ និង​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​សម្រាល​។​
ឃ​) ផល​រំខាន ​៖
– សំពាធ​ឈាម​ធ្លាក់ចុះ ក្នុងករណីនេះ គ្រូពេទ្យ​ជំនាញ​ នឹង​ព្យាយាម​ជួយ​រក្សា​សំពាធ​ឈាមឲ្យ​នៅ​ធម្មតា​
– ឈឺក្បាល​ផល​លំបាក​នេះ​តិច​ជាង ១%
– អាច​មាន​ផល​រំខាន​ដូចជា ញាក់ញ័រ ហ៊ឹងត្រចៀក ឈឺ​ត្រង់​កន្លែង​ចាក់​ម្ជុល (​នឹង​បាត់​ទៅវិញ​ដោយ​ឯក​ឯង​)
– បន្ទាប់ពី​ចាក់​ថ្នាំ​ហើយ អ្នក​នឹង​តម្រូវ​ឲ្យ​គេង​មួយ​កន្លែង​នៅ​លើ​គ្រែ ​ដើម្បី​រង់ចាំ​ការ​សម្រាល​
– អ្នក​អាច​កាត់បន្ថយ​អារម្មណ៍ ​នៃ​ការ​ប្រឹង ឬ​បញ្ចេញ​កូន​ដោយសារ​ការ​មិន​ឈឺចាប់​

​ង​) តើ​ការ​ប្រើ​ថ្នាំ epidural មាន​ផល​អាក្រក់​លើ​ទារក​ដែរ​ឬ​ទេ​?
​តាម​ការសិក្សា​ថ្មីៗ epidural មិន​មាន​ផល​ប៉ះពាល់​អាក្រក់​លើ​ទារក​ឡើយ​។​

​ច​) តើ​ស្ត្រី​ប្រភេទ​ណា​ដែល​មិន​អាច​ប្រើប្រាស់ epidural?
​ស្ត្រី​ដែល​មិន​អាច​ប្រើ​ថ្នាំ epidural មាន ​៖
– ការ​បដិសេធ​មិន​ធ្វើ​ពី​អ្នកជំងឺ​
– មាន​សំពាធ​ឈាម​ទាប​
– មាន​ជំងឺ​វិបត្តិ​កំណក​ឈាម​
– មាន​មេរោគ​ក្នុង​ឈាម​
– មាន​ដំបៅ ឬ​ដាច់​របួស​នៅ​កន្លែង​ដែល​ត្រូវ​ចាក់​ម្ជុល​
– ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំស្ពឹក​
– ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​
សម្រាល​បុត្រ ដោយ​មិន​មាន​ការឈឺចាប់ ប្រកបដោយ​ក្តី​ញញឹម អាច​រក​បាន​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​៕​
អត្ថបទ ៖ រស្មី​

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម