ការ​ស្វែង​យល់​អំពី ជំងឺ​រលាក​លំពែង​ស្រួចស្រាវ (pancréatite aiguë)! – Kampuchea Thmey Daily
Connect with us

សុខភាព

ការ​ស្វែង​យល់​អំពី ជំងឺ​រលាក​លំពែង​ស្រួចស្រាវ (pancréatite aiguë)!

Published

on

​លំពែង ​គឺជា​ប្រភេទ​ក្រពេញ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ស្ថិត​នៅ​ក្នុង​ពោះ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់រូប​ ដែល​យើង​មិន​អាច​ខ្វះ​បាន ហើយ​តួនាទី​ទាំងនោះ​រួមមាន ការ​ជួយ​ដល់​ការ​រំលាយ​អាហារ (enzymes digestifs) និង ការ​បញ្ចេញ​ជាតិ​អ័រម៉ូន​សំខាន់ៗ​មួយ​ចំនួន​ទៀត (exocrine et endocrine)​។​

​ជំងឺ​រលាក​លំពែង តែងតែ​បាន​ជួបប្រទះ​ជា​ញឹកញាប់​នៅ​ក្នុង​ផ្នែក ថ្លើម ក្រពះ ពោះវៀន នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ក្នុង​នោះ​ចំនួន​បុរស និង​ស្ត្រី​ គឺ​មាន​ចំនួន​ស្មើគ្នា ហើយ​ជំងឺ​នេះ​ក៏​ចាត់ទុកថា​ជា​ជំងឺ​ ដែល​អាច​បង្ក​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ និង​អាច​បង្ក​មរណភាព​ផង​ដែរ​។ ដូច្នេះ​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​ជាបន្ទាន់ និង​ត្រឹមត្រូវ​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ (urgence médicale) ។​

​ក. មូលហេតុ​៖

​មូលហេតុ​ ដែល​បង្ក​ឲ្យ​មាន​ការ​រលាក​ដល់​សរីរាង្គ​លំពែង គឺ​មាន​យ៉ាង​ច្រើន ហើយ​ក្នុង​នោះ មូល​ហេតុ​ដែល​សំខាន់ៗ​រួមមាន​:

– ការ​ពិសា​គ្រឿង​ស្រវឹង​ច្រើន ​ដែល​មាន​រយៈពេល​យូរ (alcoolisme chronique)

– បញ្ហា​គ្រួស​ក្នុង​ផ្លូវទឹក​ប្រមាត់​ ដែល​ធ្លាក់​មក​ស្ទះ​ នៅ​ក្នុង​ផ្លូវ​របស់​លំពែង (calcul biliaire migrant)

– ការប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ ដែល​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ និង​មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេងៗ​ទៀត​ដូចជា hémochromatose, maladie de Wilson, mucoviscidose …​។​

​ខ. រោគសញ្ញា​៖

​រោគសញ្ញា​របស់​ជំងឺ​នេះ​រួមមាន

– ការ​ឈឺ​ចុកចាប់​ក្នុង​ពោះ​ខ្លាំងក្លា​ភ្លាមៗ ជាពិសេស​នៅ​តំបន់​ចុងដង្ហើម​

– មានការ​ក្អួតចង្អោរ​

– មានការ​ទល់ខ្យល់ និង​លាមក​

– ការ​ឡើង​កម្ដៅ​ខ្លួន​

– មានការ​ហត់​ដង្ហក់​ពិបាក​ដកដង្ហើម ។ ល​។​

​គ. ការធ្វើ​រោគវិនិច្ឆ័យ​៖

​ការ​ធ្វើ​រោគ​វិនិច្ឆយ​ជំងឺ​នេះ គឺ​ទាមទារ​នៅ​រោគសញ្ញា​គ្លីនិក (symptômes cliniques) រួមផ្សំ​និង​ការពិនិត្យ​ឈាម (bilan sanguin) ការមើល​អេកូ​ពោះ ការថត​ស្គែ​នន​រ័ (scanner abdomino-pelvien avec injection)…​។​

​ឃ​) ការព្យាបាល​៖

​ការព្យាបាល គឺ​ទាមទារ​ត្រូវតែ​ឲ្យ​អ្នកជំងឺ​សម្រាក​ព្យាបាល និង​តាមដាន​នៅ​ក្នុង​មន្ទីរពេទ្យ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​ជំនាញ ដើម្បី​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​កា​រវិ​វ​ត្តិ​របស់​ជំងឺ​។ “គ្រឿង​ស្រវឹង គឺជា​មូលហេតុ​ចម្បង​មួយទៀត​នៃ​គ្រោះថ្នាក់​សុខភាព តាមរយៈ​ជំងឺ​រលាក​លំពែង​ធ្ងន់ធ្ងរ​! “៕

អត្ថបទ៖ ​រស្មី​

សូមចុចអាន៖ ស្វែងយល់​អំពី ជំងឺរបេង​!

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម