អតីត​ភរិយា​ស្ថាបនិក AMAZON អ្នកស្រី MACKENZIE BEZOS ជា​ស្ត្រី​បែបណា? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

អតីត​ភរិយា​ស្ថាបនិក AMAZON អ្នកស្រី MACKENZIE BEZOS ជា​ស្ត្រី​បែបណា?

Published

on

ក្រោយ​ពី​បាន​សាង​ជីវិត​គ្រួសារ​ជាមួយ​ស្ថាបនិក Amazon អស់​ពេល ២៥ ឆ្នាំ អ្នកស្រី MacKenzie Bezos បាន​សម្រេចចិត្ត​ចែក​ផ្លូវ​គ្នា​ជាមួយ​លោក Jeff Bezos​ កាល​ពី​ឆ្នាំ ២០១៩ កន្លងទៅ ។

ជឿ​ថា មកទល់​ពេល​នេះ មាន​អ្នក​មិន​ទាន់​ដឹង​ប្រវត្តិ​ភរិយា​របស់​លោក Jeff Bezos ថា​ជា​អ្នកណា​នៅ​ឡើយ​ទេ។ អ៊ីចឹង! មក​ស្គាល់​ប្រវត្តិ​អ្នកស្រី MacKenzie Bezos ជាមួយ​កម្ពុជា​ថ្មី​ទាំងអស់​គ្នា!

MacKenzie Bezos កើត​និង​ធំ​ឡើង​នៅ​ក្នុង​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែល​មាន​ឪពុក​ជា​អ្នក​ជំនាញ​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ។

កញ្ញា MacKenzie បញ្ចប់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សកលវិទ្យាល័យ Princeton ក្នុង​ឆ្នាំ ១៩៩២ ហើយ​កញ្ញា​ក៏​ធ្លាប់​សិក្សា​ជំនាញ​ទេសចរ​ផងដែរ។ កញ្ញា​បាន​ធ្វើដំណើរ​ទៅ​កាន់​ក្រុង​ញូវយ៉កដើម្បីស្វែងរកការងារធ្វើក្រោយ​បញ្ចប់ការ​សិក្សា និង​បាន​ជួប​អនាគត​ស្វាមី​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា D.E Shaw ដែល​កាលណោះ​លោក Jeff ក៏​ធ្វើការ​នៅ​ទីនោះ​ដែរ។

ក្រោយមក MacKenzie ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ជាមួយ Jeff ។ ក្នុង​ឆ្នាំ ១៩៩៣ អ្នក​ទាំងពីរ​ក៏​បាន​សម្រេចចិត្ត​រៀបការ​ជាមួយ​គ្នា ដែល​នៅ​ពេលនោះ Jeff Bezos មា​នអាយុ ២៩ ឆ្នាំ ចំណែក​ឯ MacKenzie មានវ័យ ២៣ ឆ្នាំ។

អ្នកស្រី MacKenzie ជា​ភរិយា​ដែល​បានលើកទឹកចិត្តនិងជំរុញ​ឲ្យ​ស្វាមីអ្វីដែលលោកចង់ធ្វើ ។ បន្ទាប់ពីផ្លាស់ទីលំនៅពីក្រុងញូវយ៉កទៅកាន់ក្រុងស៊ីថលនៅឆ្នាំ ១៩៩៤ លោក Jeff បាន​សរសេរ​គម្រោង​រកស៊ី​លក់​សៀវភៅអនឡាញ ហើយក្រោយ​មក​វា​បាន​ក្លាយ​ជា Amazon.com ដែល​ពេល​នោះ​អ្នកស្រី MacKenzie ធ្វើ​ជា​គណនេយ្យករ។

ខណៈដែល Jeff Bezos​ ប្រែក្លាយ Amazon ឲ្យ​ទៅជាក្រុមហ៊ុន E-Commerce មួយ​ដែល​មាន​តម្លៃ ១ ទ្រីលានដុល្លារក្នុងឆ្នាំ ២០១៨ អ្នកស្រី MacKenzie Bezos ក៏​រក​ចំណូល​បាន​ពី​ការ​សរសេរ​សៀវភៅ​បែប​ប្រឌិត​របស់​ខ្លួន​ផងដែរ ដោយ​ហេតុថា​អ្នកស្រីចេះ​និពន្ធ​តាំង​អាយុ ៦ ឆ្នាំ​មកម្លេះ។

អតីត​ភរិយាស្ថានិក Amazon ត្រូវគេ​ស្គាល់​ច្រើន​បំផុត​តាម​រយៈ​ការ​ផ្សាយ​សៀវភៅ​ប្រលោម​លោក​របស់​ខ្លួន​ពីរ​ក្បាល​គឺ “The Testing of Luther Albright” នៅ​ឆ្នាំ ២០០៥ និង “Traps” នៅឆ្នាំ ២០១៣ ហើយ​សៀវភៅ​មួយ​ក្បាល​ដំបូង​របស់​នាង​ត្រូវ​កាសែត The New York Times ផ្សាយ​ថា ជា​សៀវភៅ​ដែល​ឈ្នះរង្វាន់ American Book Award ក្នុង​ឆ្នាំ ២០០៦។

ក្រៅ​ពី​អាជីព​ជា​អ្នក​និពន្ធ នៅ​ឆ្នាំ ២០១៤ អ្នកស្រី MacKenzie បាន​បង្កើត​អង្គការ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​មួយ​ឈ្មោះថា Bystander Revolution ដែល​ខ្លួន​ផ្ទាល់​ជា​ប្រធានស្ថាប័ន។

អ្នកស្រី MacKenzie និង​អតីត​ស្វាមី​ពុំ​មាន​កូនបង្កើតទេ។ ប៉ុន្តែ​អ្នក​ទាំងពីរ​មាន​កូន​ចិញ្ចឹម ៤ នាក់​ដែល​យក​មក​ពី​ប្រទេស​ចិន​គឺ​កូនប្រុសបីនាក់ និងកូនស្រី​ម្នាក់។ ឪពុកម្ដាយ​មួយ​គូ​នេះ​មិន​សូវ​បង្ហាញ​ពី​ជីវិត​ឯកជន​របស់​ពួកគេ​និង​កូនៗ​ឡើយ។

ក្រោយ​ពី​ប្រកាស​លែងលះ​ជាមួយ​លោក Jeff Bezos​ កាល​ពី​ខែ​មករា ឆ្នាំ ២០១៩ ទ្រព្យសម្បត្តិ​គ្រួសារ​ត្រូវ​បាន​បែងចែក​មួយ​ចំណែក ហើយ​គិត​មក​ដល់ឆ្នាំ ២០២០ នេះ​អ្នក​ស្រី MacKenzie មាន​ទ្រព្យប្រមាណ ៥៩.៦ ប៊ីលាន​ដុល្លារ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ The New York Time

ចុចអាន៖សេដ្ឋីជេកម៉ាថា ចង់​មានបាន ចូរកាត់ចោលចំណុចទំាងនេះបន្ទាន់

ចុចអាន៖សេដ្ឋី​ៗទម្លាប់​ធ្វើអ្វី​ខ្លះ មុន​ពេល​ចូល​គេង?

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម