ពេល​ជីវិត​ជួប​ទុក្ខ​លំបាកធ្លាក់ដល់ចំណុចសូន្យ ​​សូម​ចងចាំ​រឿង​ទាំង ៦នេះ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ពេល​ជីវិត​ជួប​ទុក្ខ​លំបាកធ្លាក់ដល់ចំណុចសូន្យ ​​សូម​ចងចាំ​រឿង​ទាំង ៦នេះ

Published

on

ជីវិត​ពេល​ខ្លះ​ជួប​រឿង​អយុត្តិធម៌​ជា​ច្រើន ​ហើយ​រងទុក្ខ​តែ​ម្នាក់​ឯង​អស់​រយៈពេល​ជា​យូរ​មកថែមទៀត។ នៅ​ពេល​ជីវិត​ធ្លាក់​ចុះ​ដល់​បាត ​​មាន​រឿង ៦ យ៉ាង​ដែល​យើង​ត្រូវ​ចងចាំ​មេរៀន​ពី​អតីតកាល​ទាំង​នោះ។

១. ជឿ​លើ​បទ​ពិសោធន៍

មិន​ថា​អ្នក​ចូលចិត្ត​ឬ​មិន​ចូលចិត្ត​ស្ថានភាព​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ពេលនេះ​ទេ​ តែ​ចូរ​ចងចាំ​ថា​ភាព​ឈឺចាប់​គឺ​ជា​បទ​ពិសោធន៍​ដែល​គួរ​រំឭក។ យោង​ទៅ​តាម​បណ្ឌិត Rubin Khoddam បាន​និយាយ​ថា “គ្មាន​នរណា​ម្នាក់​ស៊ាំ​នឹង​ស្ត្រេស​ក្នុង​ជីវិត​ទេ ​ប៉ុន្តែ​សំណួរ​គឺ​ថា​តើ​អ្នក​មើល​ឃើញ​ស្ត្រេស​ទាំង​នោះ​ជា​ការ​ប្រឆាំង​ឬ​ពេល​វេលា​នៃ​ឱកាស? វា​អាច​ជា​ថ្នាំ​ដ៏​ពិបាក​ក្នុង​ការ​លេប ​ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ឈាន​ដល់​ចំណុច​មួយ​ដែល​បញ្ហា​កំពុង​ប្រឈម ​វា​ក៏​អាច​នាំ​មក​នូវ​ឱកាស​មួយ​ដែរ​ឆ្ពោះ​ទៅ​ក្ដី​សង្ឃឹម។

២. ទទួល​យក​ការ​ពិត

ជា​ជាង​ការ​ព្រួយ​បារម្ភ​រឿង​ហេតុ​ដែល​កំពុង​តែ​កើត​ឡើង​ សូម​ពិចារណា​គិត​អ្វី​ដែល​ធ្វើ​ឲ្យ​ចិត្ត​យើង​បាន​ធូរ​ស្បើយ​ខ្លះ​ ឬ​ទទួល​យក​ការ​ពិត​ពី​រឿង​ទាំងនោះ។ ហើយ​កំឡុង​ពេល​កំពុង​ពិបាក​ចិត្ត​ សូម​កុំ​បន្ថែម​ភាព​ស្មុគស្មាញ​ដែល​មិន​ចាំបាច់​ចូល​ទៅ​។ ការ​រៀន​ទទួល​យក​អារម្មណ៍​អវិជ្ជមាន ​គឺ​ជា​ទម្លាប់​ដ៏​សំខាន់​មួយ​ដែល​គេ​ហៅ​ថា “ភាព​ស្ទាត់​ជំនាញ​ខាង​អារម្មណ៍” នេះ​អនុញ្ញាត​ឱ្យ​អ្នក​រៀន​ពី​ស្ថានភាព​លំបាក​និង​រៀន​ប្រើ​អារម្មណ៍​ឲ្យ​ផ្លាស់ទី​កាន់​តែ​ងាយស្រួល។

៣. កុំសម្ងំលាក់ខ្លួនតែឯង

ពេល​ខូចចិត្ត​យើង​តែង​ដក​ខ្លួន​ទៅ​រក​ទី​ងងឹត​នៃ​ជីវិត ​មិន​ចង់​លឺ​ មិន​ចង់​ជួប​នរណា​ម្នាក់​ក្រៅ​ពី​ខ្លួន​ឯង។ ប៉ុន្តែនេះជាការយល់ខុសពេលយើងមិនចង់ជួបនរណាម្នាក់ ក្នុងពេលយើងកើតទុក្ខ ការ​លួងលោម​ពី​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ​ធ្វើ​ឱ្យ​​​យើង​ទទួល​បាន​កម្លាំង​វិជ្ជមាន​ច្រើន​ជាង​នៅ​ម្នាក់​ឯង ហើយ​ការ​ស៊ូទ្រាំ​នឹង​ជីវិត​ក៏​មិន​សូវ​ស្មុគស្មាញ​ដូច​សរសៃ អំបោះ​ព័ន្ធ​គ្នា។ ដូច្នេះ​ជា​ជាង​លាក់ខ្លួន​ សូម​ទៅ​រក​មិត្តភ័ក្ដិ​ឬ​នរណា​ម្នាក់​ដែល​អាច​ស្ដាប់​បញ្ហា​ដែល​តែងតែ​លាក់​ទុក​តែឯង។

៤. រាប់អំពើល្អដែលយើងធ្វើពីមុន

ជំនួស​ឱ្យ​ការ​ផ្ដោត​លើ​អ្វី​ដែល​បាន​ធ្វើ​ខុស​បច្ចុប្បន្ន​នេះ​ សូម​ងាក​ថយ​ក្រោយ​បន្តិច​ ហើយ​សាក​គិត​លមើល​ថា​តើ​ពី​មុន​យើង​ធ្លាប់​ធ្វើ​រឿង​ល្អៗ​អ្វី​ខ្លះ​មក ​ឬ​យ៉ាង​ហោច​ណាស់​ មាន​អ្វី​ផ្សេង​ទៀត​ដែល​យើង​មិនបាន​ធ្វើខុស​។ ចូរ​លួងលោម​ខ្លួន​ឯង​ និយាយ​ជាមួយ​ខ្លួន​ឯង​ដោយ​សំដី​ល្អៗ​ ចងចាំ​ថា​គ្មាន​នរណា​យល់​ពី​យើង​ជាង​យើង​ខ្លួន​ឯង​ទេ។

៥. រស់នៅជាមួយបច្ចុប្បន្ន

ពាក្យ​ថា​រស់​នៅ​ជាមួយ​បច្ចុប្បន្ន​គឺ​ពិត​ជា​ស្រួល​និយាយ​ចេញ​មក ​តែ​ក៏​ពិបាក​ធ្វើ​ដូច​គ្នា។ គ្មាន​នរណា​ម្នាក់​ចង់​ឈឺចាប់ ​ចង់​កើត​ទុក្ខ​ឥត​ល្ហែ​នោះ​ទេ ​តែ​ពេល​ខ្លះ​អតីតកាល​បាន​លេចឡើង​មក​ក្នុង​ខួរក្បាល​របស់​យើង​ឬ​ស្រេ្តស​ពី​កន្លែង​ការងារ​ធ្វើ​ឲ្យ​យើង​ចេះ​តែ​យក​​អតីតកាល​ចាស់ៗ​មក​ឡូកឡំ​នឹង​បច្ចុប្បន្ន។ ដូច្នេះ​ចាប់ផ្ដើម​ទទួល​ស្គាល់ ​ហើយ​យក​ឈ្នះ​វា​ឲ្យ​បាន។

៦. ញញឹម

សើច​ពេល​កំពុង​កើតទុក្ខ​អ្នកណា​សើច​ចេញ​បាន? ប៉ុន្តែ​ជឿ​ថា​អ្នក​អាច​ធ្វើ​បាន​ដោយ​មិន​ពិបាក​ ព្រោះ​សំណើច​គឺ​ជា​ឱសថ​ដ៏​ពូកែ​និង​ជា​ថ្នាំ​សម្លាប់​ស្រ្តេស​ដែល​មាន​នៅ​ក្នុង​ខ្លួន​យើង។ ទោះបី​អ្នក​ស្ថិត​ក្នុង​គ្រា​លំបាក​ឬ​សោកសៅ​ក៏​ដោយ​ ត្រូវ​តែ​មាន​សំណើច​មួយ​លាន់​ចេញ​មក​ដែរ។ សំណើច​នោះ​ហើយ ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ស៊ូទ្រាំ​ឆ្លង​កាត់​គ្រា​លំបាក​បាន ៕

ប្រែសម្រួល៖ Blue Sky

ចុចអាន៖ ចូលចិត្ត​ប្រៀបធៀប​រហូត​ជួន​ហួស​ដល់​ចេះ​ច្រណែន​ គួរ​ផ្លាស់ប្ដូរ​ខ្លួនឯង​បែប​ណា?

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម