Connect with us

KPT+

គួរ​ឈប់​ជា​បន្ទាន់! ទង្វើ​ធម្មតា​ៗ​ដែល​កំពុង​បំផ្លាញ​​ផែន​ដី​​ដោយ​មិន​ដឹង​ខ្លួន

បានផុស

នៅ

ស្បៀងអាហារ ១.៣ ប៊ីលានតោនត្រូវបានខ្ជះខ្ជាយជារៀងរាល់ឆ្នាំ ហើយ​សត្វ​ជាង ១០០ លាន​ក្បាល​កំពុង​ងាប់​ដោយសារ​ពួកគេ​កំពុង​ស៊ី​ថង់​ប្លាស្ទិក។ ​ដល់​ពេល​ដែល​យើង​ត្រូវ​បញ្ឈប់​ពី​សកម្មភាព​ដែល​ធ្វើ​ឲ្យផែនដី​កាន់​តែ​ដុនដាប​ទៅ។ យើង​មិន​អាច​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​យើង​ភ្លាមៗ​នោះ​ទេ​ ប៉ុន្តែ​យើង​អាច​ចាប់ផ្ដើម​ធ្វើ​វា​បន្តិច​ម្ដង​ដើម្បី​រក្សា​ទុក​ភព​ផែនដី​របស់​យើង។

១. កាត់​បន្ថយ​ផលិត​អាហារ​ដែល​ឥតបានការ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​អង្គការ​ស្បៀងអាហារ​ពិភពលោក​និង​នាយកដ្ឋានកសិកម្ម​នៃ​អង្គការ​សហ​ប្រជា​ជាតិ​អាហារ ១ ភាគ ៣ ដែល​ត្រូវ​បាន​ផលិត​សម្រាប់​ការ​ប្រើប្រាស់​ មាន​ចំនួន​ប្រមាណ ១.៣ ប៊ី​លាន​តោន​ត្រូវ​បាន​ខ្ជះខ្ជាយ​ជា​រៀង​រាល់​ឆ្នាំ។ ដើម្បី​ផលិត​ចំណី​អាហារ​បាន​ច្រើន​បែបនេះ​រុក្ខជាតិ​រាប់​លាន​ដើម​ត្រូវ​បាន​កាប់​បំផ្លាញ​ពាសពេញ​ពិភពលោក។ យោង​តាម​ទិន្នន័យ​ដែល​បាន​រក​ឃើញ​ថា ​ផ្លែឈើ​និង​បន្លែ​គឺ​ជា​ផលិតផល​ដែល​ខ្ជះខ្ជាយ​បំផុត​ បន្ទាប់​ពី​អាហារ​សមុទ្រ។

២. ទេសចរ​តាម​នាវា

កប៉ាល់​ទេសចរណ៍​គឺ​ជា​ទីក្រុង​អណ្ដែត​ទឹក​មួយ​ដ៏​អស្ចារ្យ​បំផុត​ តែ​វា​ក៏​​កខ្វក់​មិនតិចដែរ។ ទិន្នន័យ​មួយ​បាន​បង្ហាញ​ថា ​គុណភាព​ខ្យល់​នៅ​លើ​នាវា​ស្រដៀងគ្នា​ទៅ​នឹង​ខ្យល់​នៅ​ក្នុង​ទីក្រុង​ដែល​មាន​កា​បំពុល​ខ្លាំង​បំផុត​នៅ​លើ​ពិភព​លោក។ គេ​ប៉ាន់​ប្រមាណ​ថា​ ជនជាតិ​អឺរ៉ុប​ជាង ៥ ម៉ឺន​នាក់​បាន​ស្លាប់​មុន​អាយុ​ជា​រៀងរាល់​ឆ្នាំ​ដោយសារ​ការ​បំពុល​ពីកប៉ាល់។ វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​កាបូន​ដែល​ជា​ផ្សែង​ពុល​បាន​កើន​ឡើង​បី​ដង​នៅ​ពេល​ដែល​ពួកគេ​ជិះកប៉ាល់​កម្សាន្ត​ បើ​ប្រៀបធៀប​នឹង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ។ អ្នក​សង្កេតការណ៍​ជនជាតិ​អាល្លឺម៉ង់​បាន​ស្ទាបស្ទង់​​នាវា​ទេសចរណ៍​ចំនួន ៧៧ គ្រឿង​ហើយ​បាន​រក​ឃើញ​ថាកប៉ាល់ ៧៦ ​បាន​ប្រើប្រាស់​ប្រេងឥន្ធនៈ​ធុន​ធ្ងន់​ដែល​វា​ហៅ​ថា​ឥន្ធនៈ​ស្ងួត​បំផុត។ លើស​ពី​នេះ​ទៅទៀត​កប៉ាល់​ទេសចរណ៍​ទាំងនោះ​បាន​យក​សំរាម​ប្រេងឥន្ធនៈ​និង​ទឹក​សំអុយ​ចាក់​ចូល​ក្នុង​មហា​សមុទ្រ។

៣. ទិញ​សម្លៀកបំពាក់​ច្រើន​ពេក

ឧស្សាហកម្ម​ម៉ូដ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បំពុល​បរិស្ថាន​ធំៗ​នៅ​លើ​ពិភពលោក​ និង​ជា​អ្នក​បំពុល​ទឹកធំ​ជាងគេ​ទី ២ ។ កប្បាស​នៃ​ជាតិ​សរសៃ​ដែល​គេ​និយម​ប្រើ​ក្នុង​សម្លៀកបំពាក់​ក៏​ជា​ដំណាំ​ដែល​ចំណាយ​ទឹក​ខ្លាំង​ដែរ។ បរិមាណ​កប្បាស​ដែល​ត្រូវការ​ដើម្បី​ផលិត​អាវ​មួយ​ត្រូវ​ការ​ទឹក​ប្រហែល ២៧០០ លីត្រ។ ចំនួន​នេះ​គឺ​ស្មើ​នឹង​អ្វី​ដែល​មនុស្ស​ម្នាក់​ផឹក​ក្នុង​រយៈពេល ២ ឆ្នាំ​កន្លះ។ សរសៃ​សំយោគ​ដូចជា​ជ័រ​មាន​ឥទ្ធិពល​តិច​ជាង​ទឹក​ច្រើន​ជាង​កប្បាស​ ប៉ុន្តែ​ចំពោះការ​ផលិត​ វា​បញ្ចេញ​ឧស្ម័ន​ពុល​ជា​ច្រើន​ក្នុង​មួយ​គីឡូក្រាម។ ដូច្នេះ​នៅ​ពេល​ដែល​យើង​ចង់​ទិញ​សម្លៀកបំពាក់​ថ្មី​ សូម​ចងចាំ​ថា​មនុស្ស​ម្នាក់​ក្នុង​ចំណោម ៩ នាក់​នៅ​ទូទាំង​ពិភពលោក​មិន​មាន​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់ទេ។ ​មនុស្ស​ប្រហែល ៤.៦ លាន​នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​តែ​ការ​បំពុល​បរិយាកាស។​

៤. ចុច​ទឹក​​បង្គន់ច្រើនពេក

ស្ដាប់​មើល​ទៅ​គួរ​ឱ្យ​អស់​សំណើច​ណាស់ ​ប៉ុន្តែ​តាម​ពិត​វា​មិនមែន​ជា​តម្រូវការ​ដែល​អ្នក​ត្រូវ​បង្ហូរ​រាល់​ពេល​ដែល​អ្នក​បន្ទោបង់​នោះ​ទេ។ ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ ១៩៩៩ បាន​រក​ឃើញ​ថា​ ​ចុច​ទឹក​​បង្គន់​មាន​ប្រហែល ២៧% នៃ​ការ​ប្រើប្រាស់​ទឹក​ក្នុង​ផ្ទះ​ប្រចាំថ្ងៃ​របស់​មនុស្ស​ម្នាក់​ប្រៀបធៀប​នឹង​សកម្មភាព​ទឹក​ផ្សេងៗ​ដូចជា​ បោក​គក់​សម្លៀកបំពាក់​ដែល​មាន​ចំនួន ២២% ខណៈ​ពេល​ដែល​ទឹកតាមផ្កាឈូក​មាន​ចំនួន ១៧% ។

៥. ចង្កឹះ​ប្រើ​រួច​ហើយ​បោះចោល

ចង្កឹះ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បរិភោគ​អាហារដោយពួកអាស៊ី មាន​ផល​​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន។ នៅ​ក្នុង​ប្រទេស​ចិន​តែ​មួយ​ ចង្កឹះ​ដែល​អាច​បោះចោល​បាន​ប្រហែល ៨០ ប៊ី​លាន​គូ​ និងត្រូវ​បាន​ផលិត​ជា​រៀង​រាល់​ឆ្នាំ។ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ដ៏​សម្បើម​នេះ ​ដើមឈើ​ប្រហែល ៤ លាន​ដើម​ត្រូវ​បាន​កាប់​បំផ្លាញ​ជា​រៀង​រាល់​ឆ្នាំ។ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នេះ​មាន​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ។ វា​នាំ​ឱ្យ​មាន​ការ​រញ្ជួយ​ដី​និង​ទឹក​ជំនន់ ហើយ​បន្ទាប់មក​គឺ​អាកាសធាតុ​ដែល​រីងស្ងួត​និង​ការ​ឡើង​កម្ដៅ​លើ​ពិភពលោក​ផង​ដែរ។

៦. ផឹក​កាហ្វេ

កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ដែល​មាន​ប្រជាប្រិយ​ ហើយ​អត្ថប្រយោជន៍​របស់​វា​ត្រូវ​បាន​គេ​កត់ត្រា​យ៉ាង​ល្អ។ ការ​សិក្សា​មួយ​ក៏​បាន​រក​ឃើញ​ថា ​ការ​ផឹក​កាហ្វេ​អាច​ជួយ​បង្កើន​អាយុ​ជីវិត​មនុស្ស​បាន​ដល់​ទៅ ២ ឆ្នាំ។ ប៉ុន្តែ​ដំណឹង​អាក្រក់​នោះ​គឺ​ថា​ឧស្សាហកម្ម​កាហ្វេ​ក៏​អាច​ប៉ះពាល់​ដល់​បរិស្ថាន​ដែរ។ កសិដ្ឋាន​កាហ្វេ​នៅ​លើ​ពិភពលោក​ឥឡូវនេះ​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន​ជាង​ពេល​ណាៗ​ទាំងអស់។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​កើន​ឡើង​ប្រជាប្រិយ​ភាព​នៃ​កាហ្វេ​បាន​បណ្ដាល​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ធំៗ និងជំរុញឲ្យបាត់បង់ជីវចំរុះផ្សេងទៀត។ កែវ​ប្លាស្ទិក​ដែល​គេ​បោះចោល​បន្ទាប់​ពី​បាន​ប្រើប្រាស់​រួច ទាំង​នេះ​ក៏​រួម​ចំណែក​ដល់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ដូចគ្នា។

៧. ការ​ប្រើប្រាស់​ក្រដាស​សើម

ការ​ប្រើ​ក្រដាស​សើម​អាច​មាន​ភាព​ងាយស្រួល​ ប៉ុន្តែ​ពួកវាមិន​ល្អ​សម្រាប់​បរិស្ថាន​ទេ។ នៅ​ឆ្នាំ ២០១៥ The Guardian បាន​ហៅ​ពួកវាថា​ជា “មនុស្ស​អាក្រក់​បំផុត​នៃ​បរិស្ថាន”។ ក្រដាស​សើម​ភាគ​ច្រើន​មាន​សារជាតិ​ប្លាស្ទិក​ដែល​តែងតែ​ត្រូវ​បាន​គេ​បោះ​ចូល​ទៅ​ក្នុង​មហាសមុទ្រ។ បន្ទាប់​មក​ក្រដាស​សើម​ទាំង​នោះ​អាច​ត្រូវ​បាន​ស៊ី​ដោយ​សត្វ​សមុទ្រ​ដែល​ធ្វើ​ឱ្យ​ពួក​សត្វ​នៅ​ទីនោះ ឈាន​ដល់​ការ​បាត់បង់​ជីវិត។ មនុស្ស​ជា​ច្រើន​បាន​បោះ​វា​ចោល​នៅ​ក្នុង​បង្គន់ ​ហើយ​បណ្ដាល​ឱ្យ​ស្ទះលូ ក្នុងនោះវា​ប្រហែល ៩៣% នៃ​ការស្ទះ។ ក្រៅពីនោះ ​ក្រដាស​ជូត​ទាំងនេះ​ភាគច្រើន​មាន​ផ្ទុក​នូវ​សារធាតុគីមី​គ្រោះថ្នាក់​ដែល​អាច​បណ្ដាល​ឱ្យ​មាន​កន្ទួល​រមាស់​នៅ​ពេល​យើង​ប្រើ។

៨. ការ​ប្រើប្រាស់​ថ្ម​​ពិល

ថ្ម​ដែល​យើង​ធ្លាប់​ប្រើប្រាស់​រួម​មាន ថ្ម​នាឡិកា ម៉ាស៊ីន​គិតលេខ​ ហើយសូម្បី​តែ​ថ្ម​ដែល​អាច​សាក​បាន ដែល​យើង​ប្រើ​នៅ​ក្នុង​កុំព្យូទ័រ​យួរ​ដៃ​ ទូរសព្ទ ​និង​ឧបករណ៍​ផ្សេងទៀត​ សុទ្ធតែ​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​បរិស្ថាន។ ពួក​វា​មាន​សារធាតុ​បំពុល​ខ្លាំង​ដូចជា Cadmium, Lead, Zinc, Manganese ដែល​ជា​អាស៊ីដ​នៅ​ក្នុង​អាគុយ។ នៅ​ពេល​ដែល​យើង​បោះចោល​ថ្ម​ទាំងនេះ​គឺ​ដូចជា​យើង​កំពុង​តែ​បំពុល​បរិយាកាស ពីព្រោះសារធាតុ​ទាំងនោះ​វា​និង ចាប់ផ្ដើម​រលួយ​ហើយ​បញ្ចេញ​ឧស្ម័ន​ដែល​នាំ​ឱ្យ​មាន​កម្ដៅ​លើ​ផែនដី។ សារធាតុគីមី​ដែល​បង្ក​គ្រោះថ្នាក់​ទាំង​នេះ​ក៏​ត្រូវ​បាន​ស្រូប​យក​ដោយ​ដី​និង​បង្ក​ឱ្យ​មាន​ការ​បំពុល​ដី​ដែល​អាច​ជះឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បន្លែ​និង​អាយុជីវិត​របស់​ដី។

៩. កាត់​បន្ថយ​ឧបករណ៍​កោរ

របាយការណ៍​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ​ក្នុង​ឆ្នាំ ២០១៨ ​អតិថិជន​នៅ​អាមេរិក​ចំនួន ១៦៣ លាន​នាក់​បាន​ប្រើ​ឡាម​រួចបោះចោល​។ ឡាម​ទាំងនោះ​ត្រូវ​បាន​ផលិត​ចេញ​ពី​ប្លាស្ទិក​និង​ជ័រកៅស៊ូ​ដែល​មិន​អាច​បម្លែង​ ហើយ​ភាគច្រើន​ជា​កន្លែង​ចាក់សំរាម​ ហើយ​មិន​ត្រូវ​យក​ទៅ​កែច្នៃ​ទៀត​ឡើយ។

តើ​យើង​គិត​ថា​ ខ្លួនយើងអាច​ធ្វើអ្វី​បាន​ខ្លះ​ បន្ទាប់​ពី​អាន​អត្ថបទ​នេះរួច ​ដើម្បី​បញ្ឈប់​ការ​ប្រែប្រួល​អាកាសធាតុ​និង​ជួយ​ការពារបរិស្ថាន?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ មនុស្សជាតិដ៏អស្ចារ្យទាំង៥រូប​ក្នុងប្រវត្តិសាស្ត្រការពារ​បរិស្ថាន

ចុចអាន៖ ហេតុអ្វី​ក៏​មហា​សេដ្ឋី​ល្បី​ៗ​ និយម​ទិញ​​របស់​ចាស់ៗ​ យក​មក​កែច្នៃ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម