ព័ត៍មានទាន់​ហេតុការណ៏
Search
26

សាលា​រាជធានី​ភ្នំពេញ​និង​សង្កាត់​លេខ​១៣​របស់​ទីក្រុង​ប៉ារីស​ពិនិត្យ​លទ្ធភាព​ដើម្បី​ពង្រឹង​កិច្ច សហប្រតិបត្តិការជាមួយ​គ្នា

ភ្នំពេញ ៖ លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​Buon Huong Tan ក្រុមប្រឹក្សាភិបាល​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង និង​លោក​Jerome Coumet ចៅ សង្កត់​លេខ​១៣​របស់​ទីក្រុង​ប៉ារីស បាន​បង្ហាញ​ពី​គោលបំណង​លើ​ការពិនិត្យ​លទ្ធភាព ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​រាជធានី​ភ្នំពេញ និង​សង្កាត់​លេខ​១៣ របស់​ទីក្រុង​ប៉ារីស ឲ្យ​កាន់តែ​ប្រសើរ​ឡើង ហើយនឹង​អាច​ឈាន​ទៅ​ចុះ​MOU​ជាមួយគ្នា​ធ្វើជា​ទីក្រុង​សម្ព័ន្ធភាព នា​ពេល​ខាងមុខ​ផង​ដែរ។

គោលបំណង​ខាងលើ​នេះ​ត្រូវ​បាន​លើកឡើង​កាល​រសៀល​ថ្ងៃទី​៣​មេសា​ក្នុង​ការ​ជួប​ពិភាក្សា​រវាង​លោកប៉ា សុជាតិ វង្ស​និង​ប្រតិភូ​សង្កាត់​លេខ​១៣​របស់​ទីក្រុង​ប៉ារីស ដែល​ប្រតិភូ​នេះ​គ្រោង​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៥​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ។

ក្នុង​ឱកាស​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ពី កិច្ច​សហប្រតិបត្តិការ​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ប៉ារីស ដែល​ធ្លាប់​មាន​ជា​យូរ​មក​ហើយ ជាក់ស្តែង​សំណង់​១​ចំនួន​ក៏បាន​បន្សល់ទុក​តាំងពី​ជំនាន់​បារាំង​ក្នុង​រាជធានី​ភ្នំពេញ។ បារាំង ក៏បាន​ជួយ​រាជធានី​ភ្នំពេញ​លើ​ការសិក្សា​ប្លង់​គោល ក៏​ដូច​ហេដ្ឋារចនាសម្ព័ន្ធ​១​ចំនួន​ទៀត ក្នុង​រាជធានី​ភ្នំពេញ។

លោក​អភិបាល​បាន​បន្ត​ថា នៅ​ខែកក្កដា​ខាងមុខនេះ គណៈប្រតិភូ​សាលា​រាជធានី​ភ្នំ ពេញ​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉ារីស​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តាមរយៈ​ការ ចុះ​អនុសារណៈ​នៃ​ការយោគយល់​ដើម្បី​ឈាន​ទៅ​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​រាជធានី​ភ្នំពេញ និង​សង្កាត់​លេខ​១៣​របស់​ទីក្រុង​ប៉ារីស។

លោក​Buon Huong Tan បញ្ជាក់​ថា លោក​នឹង​ខិតខំ​ធ្វើ​ឲ្យ​ទីក្រុង​ប៉ារីស និង​ទីក្រុង​ភ្នំ ពេញ​កាន់តែ​ខិត​ជិត​គ្នា និង​នាំ​យក​សំណើ​ប្រកបដោយ​សុឆន្ទៈ​របស់​រាជធានី​ភ្នំពេញ​ទៅ ពិនិត្យ​នឹង​អាច​ឈាន​ទៅ​ចុះ​MOU​ជាមួយ​សង្កាត់​លេខ​១៣​ដែល​ជា​សង្កាត់​ទើប​បង្កើត ក្រោយ​គេ​ក្នុងចំណោម​សង្កាត់​ទាំង​១២​ក្នុង​ក្រុងប៉ារីស៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684