ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-09-15-f-full

សមាសភាព​សមាជិក គ​.​ជ​.​ប ថ្មី​ចំនួន​៩​រូប​បានចេញ​ជា​រូបរាង​ហើយ

*សម្តេច​អគ្គមហា​សេនាបតី​តេជោ​ហ៊ុន សែន លោកសម រង្ស៊ី នឹង​អញ្ជើញ​ទៅ​ចូល​រួម​បើក​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​ជា​មួយគ្នា

ភ្នំពេញ ៖ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ហើយ​ពិធី​ផ្ទេរ​មុខតំណែង​ពី​សមាជិក គ​.​ជ​.​ប ចាស់​ទី​ថ្មី នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ ខែមេសា ឆ្នាំ​២០១៥ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លោក សម រង្ស៊ី នឹង​អញ្ជើញ​ទៅ​ចូលរួម​បើក​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​ជាមួយគ្នា។

សមាសភាព​សមាជិក​គ​ណៈកម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថ្មី​ចំនួន​៩ រូប​បាន​លេចចេញ​ជា​រូបរាង​ហើយ តាមរយៈ​ការបោះឆ្នោត​គាំទ្រ​នៅក្នុង​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៥ ដោយមាន​សម្លេង​១១៣ លើ​១១៧ ហើយ​ក្នុងនោះ លោក ស៊ិ​ក ប៊ុន​ហុក បេក្ខភាព​មកពី​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ប្រធាន និង​លោក គួ​យ ប៊ុន​រឿន បេក្ខភាព​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​អនុប្រធាន ហើយ​៧ រូប​ទៀត ជា​សមាជិក។

បញ្ជី​ឈ្មោះ​បេក្ខភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប ) ដែល​ដាក់​ដោយ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​៤ រូប គឺ​ទី​១. លោក ស៊ិ​ក ប៊ុន​ហុក ទី​២. លោក មាន ស​ទិ ទី​៣. លោក ឌុ​ច សុន និង​ទី​៤. លោក ឯម សុផាត។ ដោយឡែក បញ្ជី​ឈ្មោះ​បេក្ខភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន​៤ រូប គឺ​ទី​១. លោក គួ​យ ប៊ុន​រឿន ទី​២. លោក រ៉ុង ឈុន ទី​៣. លោក ហ៊ីង ធី​ឬ​ទ្ធិ និង​ទី​៤. លោកស្រី តែ ម៉ា​នី​រ៉ុង ហើយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើសរើស​បាន​ឯកភាព​គ្នា​យក​លោក ហង្ស ពុទ្ធា ជា​សមាជិក​ទី​៩ នៃ គ​.​ជ​.​ប អាណត្តិ​ថ្មី។

ជា​លទ្ធផល​នៃ​ការបោះឆ្នោត ក្នុងចំណោម​បេក្ខភាព​សមាជិក គ​.​ជ​.​ប ថ្មី​ទាំង​៩ រូបនោះ គឺ ១. លោក ស៊ិ​ក ប៊ុន​ហុក ទទួលបាន​ការគាំទ្រ​ជា​ប្រធាន គ​.​ជ​.​ប ២. លោក គួ​យ ប៊ុន​រឿន ទទួលបាន​ការគាំទ្រ​ជា​អនុប្រធាន គ​.​ជ​.​ប ៣. លោក មាន ស​ទិ សមាជិក ៤. លោក ឌុ​ច សុន ជា​សមាជិក ៥. លោក ឯម សុផាត ជា​សមាជិក​៦. លោក រ៉ុង ឈុន ជា​សមាជិក ៧. លោក ហ៊ីង ធី​រិ​ទ្ធ ជា​សមាជិក ៨. លោកស្រី តែ ម៉ា​នី​រ៉ុង ជា​សមាជិក និង​៩. លោក ហង្ស ពុទ្ធា ជា​សមាជិក។

សូម​បញ្ជាក់​ថា នៅក្នុង​ការបោះឆ្នោត​នោះ មិនបាន​បោះឆ្នោត​ជ្រើសតាំង​អគ្គលេខាធិការ គ​.​ជ​.​ប នោះទេ ដោយសារ​តែ​តាមច្បាប់ អគ្គលេខាធិការ គ​.​ជ​.​ប ត្រូវ​ជ្រើសតាំង​ដោយ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តាម​សម្លេង​ភាព​ច្រើន​៥០ បូក​១ នៃ​សមាជិក​ទាំង​៩ រូប ហើយ​តាម​ប្រភព​មួយចំនួន​បាន​បង្ហើប​ថា លោក ទេព នីថា អាច​នឹង​ក្លាយជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​នេះ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​នោះ​ដែរ​បាន​មាន​ប្រសាសន៍​ថា ចាប់ពី​ពេលនេះ​តទៅ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លែង​ជា​សមាជិក​គណបក្ស​តទៅទៀត​ហើយ ចំណែក​សភាតំណាងរាស្ត្រ​ក៏​អស់​តួនាទី​ចំពោះ​ការរៀបចំ​នៃ​ដំណើរការ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នៅថ្ងៃ​នេះ​ដែរ ដូច្នេះ​សង្ឃឹមថា ប្រធាន អនុប្រធាន​និង​សមាជិក​សមាជិកា​ទាំង​អស់​នៃ គ​.​ជ​.​ប កុំ​សួរនាំ​តទៅទៀត​ពី​ការរៀប​ចំការ​ការងារ​របស់​ខ្លួន គឺ​ត្រូវ​រៀបចំ​ខ្លួនឯង “ពីព្រោះ​ប្រសិនបើ​សភា​លូកដៃ ឬ​គណបក្ស​លូកដៃ គឺ​អព្យាក្រឹត្យ​ភាព និង​ឯករាជ្យ​ភាព លែង​មានន័យ​ទៀតហើយ ដូច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​ឯកឧត្តម សម រង្ស៊ី ថា យើង​អស់​ភារកិច្ច​ហើយ ហើយ​អ្នក​ទាំងអស់​នោះ ត្រូវ​យក​ចេញពី​គណបក្ស ខ្ញុំ​មិន​ចង់​គិតថា អ្នក​ទាំងនោះ​ជា​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​តទៅទៀត​នោះ​ទេ ដូច្នេះ​សូម​បំពេញ​តួនាទី និង​ភារកិច្ច តាម​អ្វី​ដែល​ច្បាប់​បាន​ចែង”។

តាម​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា គណបក្ស​នយោបាយ​ទាំងអស់​សុទ្ធ​តែ​ផ្ញើ​ជោគវាសនា​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​នេះ​ទាំងអស់ ហើយ​សម្តេច​មាន​ក្តី​សង្ឃឹមថា គ​.​ជ​.​ប ថ្មី​នេះ នឹង​បំពេញ​តួនាទី​ប្រកបដោយ​ការទទួលខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ និង​ប្រជាជាតិ​កម្ពុជា ដោយ​ទុកជា​តំណ​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សំរាប់​កូនចៅ​ជំនាន់​ក្រោយ​។ ជាមួយគ្នា​នោះ​សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ ដែល​ម្ខាង​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន និង​ម្ខាង​ទៀត ដឹកនាំ​ដោយ​លោក គួ​យ ប៊ុន​រឿន ព្រមទាំង​សហការី ដែល​បាន​ប្រឹងប្រែង​ធ្វើ​សេចក្តី​ស្នើច្បាប់​ទាំងពីរ​ប្រកបដោយ​ជោគជ័យ។

សម្តេច​បាន​បញ្ជាក់​ថា “ទាំង​នេះ​ហើយ គឺជា​អ្វី​ដែល​យើង​ចង់បាន ស្មារតី​នៃ​ការសន្ទនា ដែល​ខ្ញុំ ជាមួយ​លោក សម រង្ស៊ី បាន​រួមគ្នា​បង្កើត​ឡើង​រវាង​គណបក្ស​ទាំងពីរ ហើយ​វា​មិន​ត្រឹម​រីក​រាលដាល​តែ​នៅក្នុង​រដ្ឋសភា​ទេ តែ​វា​បាន​រីក​រាលដាល​ទៅដល់​គ្រប់​ទីកន្លែង ហើយ​យើង​មិន​ត្រឹមតែ​ធ្វើ​នៅត្រឹម​ថ្នាក់ជាតិ​នោះទេ គឺ​យើង​ធ្វើទៅ​ថ្នាក់ក្រោម​ជាតិ​ទៀត នយោបាយ ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ត្រូវតែ​បញ្ចប់​ជា​ស្ថាពរ ហើយ​គ្មាន​ជំរើស​ណា​ក្រៅពី​រស់នៅ​ជាមួយគ្នា ទោះបី​មាន​ទស្សន​ខុសគ្នា តែ​ជា​ខ្មែរ​ដូចគ្នា ដែល​ត្រូវតែ​រស់នៅ​លើទឹក​ដី​ជាមួយគ្នា ហើយ​យើង​មាន​ភារកិច្ច​កសាង​ទឹកដី​នេះ ឲ្យ​ទៅជា​ទឹកដី ដែលមាន​ការរីកចម្រើន សម្បូរ​សប្បាយ ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សេចក្តីសុខ”។

ចំណែក​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា លោក​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋសភា​ដែល​បាន​បោះឆ្នោត​គាំទ្រ​សមាជិក សមាជិកា នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ឆ្នោត​នា​ពេល​នេះ។ លោក​បញ្ជាក់​ដែរ​ថា “ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​យើង​ត្រូវ​កត់ត្រា​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​ជឿជាក់​ថា ចាប់​ពី​ពេល​នេះ​តទៅ​ប្រជារាស្ត្រ​ខ្មែរ នឹង​មាន​ជំនឿ និង​មាន​ទំនុក​ទុកចិត្ត​លើ​ការ​បោះ​ឆ្នោត​កាន់​តែ​ខ្លាំង ហើយ​ច្បាស់​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នៅ​ក្រោយ​ការបោះឆ្នោត​ម្តងៗ ដូច​កាល​បោះឆ្នោត​ឆ្នាំ​២០១៣ ជាដើម”។

ជាមួយគ្នា​នោះ សម រង្ស៊ី បាន​ប្រកាស​ថា “ចាប់ពីពេលនេះ​តទៅ​លោកជំទាវ ឯកឧត្តម ដែល​ជា​សមាជិក សមាជិកា នៃ គ​.​ជ​.​ប គឺ​អស់​មាន​ចំណង​ជាមួយ​គណបក្ស​នយោបាយ​ណា​ទៀតហើយ ដូច្នេះ​លោកជំទាវ ឯកឧត្តម មិន​ត្រូវ​សម្តែង ឬ​បង្ហាញ​ពី​ការ​ស្មោះត្រង់​ជាមួយ​គណបក្ស​ណាមួយ​ទៀត​ឡើយ​។ គណបក្ស​ណា​ក៏ដោយ មិន​ចាំ​បាច់ និង​មិន​ត្រូវ​សម្តែង​ការ​ស្មោះត្រង់​ជាមួយ​នោះ​ទេ តែ​ត្រូវ​សម្តែង​ការ​ស្មោះត្រង់​ជាមួយ​ជាតិ​របស់​យើងទាំងអស់​គ្នា និង​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល។ ជាពិសេស​ត្រូវតែ​គោរព​ឆន្ទៈ​ប្រជារាស្ត្រ ត្រូវតែ​ផ្តល់​លទ្ធភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ ដែល​មាន​សិទ្ធិ​បោះឆ្នោត។

តាម​លោក សម រង្ស៊ី បញ្ជាក់​ថា “ប្រទេសជាតិ​ចង់​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ជា​អ្នក​សម្រេច​ជោគវាសនា​របស់​ខ្លួន​ដោយ​ខ្លួនឯង គឺ​លុះត្រាតែ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ហើយ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ត្រូវ​ធានា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាត់បង់​ឈ្មោះ បាត់បង់​សិទ្ធិ​បោះឆ្នោត បាត់បង់​សន្លឹកឆ្នោត​របស់​យើង ដូច្នេះ​យើង​ខិតខំ​ការពារ​ទាំង​សិទ្ធិ ទាំង​ឈ្មោះ ទាំង​សន្លឹកឆ្នោត​។ ដូច្នេះ​ចាប់តាំងពី​បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋ​ត្រូវតែ​មានឈ្មោះ​នៅក្នុង​បញ្ជី​អ្នកបោះឆ្នោត”។

ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​មន្ទីរ​រដ្ឋសភា សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​បាន​បញ្ចប់​នូវ​កិច្ចការ​ទាំងឡាយ ដែល​បាន​ព្រមព្រៀងគ្នា​កាលពី​ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ ហើយ​នេះ​គឺជា​សារ ឬ​ជា​កាដូ​សំរាប់​ឆ្នាំ​ថ្មី ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ហើយ​អ្វី​ដែល​សម្តេច និង​លោក សម រង្ស៊ី បាន​បង្កើត​ឡើង​នូវ​វប្បធម៌​សន្ទនា​ដោះស្រាយ​នូវ​បញ្ហា គឺ​ពិត​ទទួល​ជា​ផលប្រយោជន៍​ហើយ​ថ្ងៃនេះ គឺជា​សក្ខីភាព​ដ៏​ជាក់លាក់​បង្ហាញ​អំពី​ជោគជ័យ នៃ​វប្បធម៌​សន្ទនា​នេះឯង ហើយក៏​កាន់តែ​បង្ហាញ​បញ្ជាក់​ថា ខ្មែរ​មានលទ្ធភាព​ដោះស្រាយ​បញ្ហា​របស់​ខ្លួន ហើយ​ខ្មែរ​ក៏​មិន​ចាំ​បាច់​ឲ្យ​មានការ​ជ្រៀតជ្រែក​ពី​សំណាក់​ខាងក្រៅ ឬក៏​ទៅ​ពឹងពាក់​ពី​ខាងក្រៅ​ឲ្យ​ទៅ​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​ទេ បើសិនជា​ខ្មែរ​មាន​ស្មារតី​ដូច​លោក សម រង្ស៊ី និង​សម្តេច បានធ្វើ​កន្លងទៅ។

សម្តេច​បញ្ជាក់​ថា “ឥឡូវនេះ យើង​មានការ​ជឿជាក់​យ៉ាង​ដូច្នេះ​ចំពោះ​វប្បធម៌​សន្ទនា និង​ការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ ហើយ​វប្បធម៌​សន្ទនា នឹង​ពង្រីក​ទៅដល់​មូលដ្ឋាន ទៅដល់​អ្នកគាំទ្រ និង​ពង្រីក​ទៅដល់​អ្នក​ដែល​មាន​ជំនឿ​នយោបាយ​ខុសៗ​គ្នា និង​អ្នកមាន​ជំនឿ​សាសនា​ខុសៗ​គ្នា​ផង​ដែរ”។ ជាមួយគ្នា​នោះ​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ចូលឆ្នាំ​នៃ​ការបើក​អង្គរ​សង្ក្រាន្ត លោក សម រង្ស៊ី និង​លោកជំទាវ ត្រូវបាន​ទទួល​ការអញ្ជើញ​ពី​សំណាក់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ទៅ​ចូលរួម​បើក​អង្គរ​សង្ក្រាន្ត​នៅ​ទីនោះ ហើយ​នេះ​ប្រហែលជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​កើតឡើង​ដំបូង​នៅលើ​ទឹកដី​កម្ពុជា នៅក្នុង​ប្រវត្តិសាស្ត្រ តាំងពី​អតីតកាល និង​រហូតមក​ដល់ពេលនេះ ដែលមាន​គណបក្ស​នៅក្នុង​រដ្ឋាភិបាល និង​គណបក្ស​នៅក្រៅ​រដ្ឋាភិបាល​ចូលរួម​ជាមួយគ្នា​ក្នុង​បុណ្យចូលឆ្នាំ​ខ្មែរ ប៉ុន្តែ​ឆ្នាំនេះ គឺជា​ឆ្នាំ​ពិសេស​ដែល​លោក​សម រង្ស៊ី ក្នុងនាម​ជា​បក្ស​ក្រៅ​រដ្ឋាភិបាល និង​សម្តេច​ក្នុងនាម​រាជរដ្ឋាភិបាល គឺ​ចូលរួម​ជាមួយគ្នា​ក្នុង​ការបើក​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684