ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ថា អាមេរិកកំពុងគាំទ្រប្រទេសខ្លួន ហើយរាល់ការវាយប្រហារគឺមិនឲ្យជនស៊ីវិលគ្រោះថ្នាក់ឡើយ
រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តការវាយប្រហារ តាមអាកាសទៅលើតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu អះអាងថា ប្រទេសនេះមានការគាំទ្រពីសហរដ្ឋអាមេរិក ។

យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស ជាច្រើនលើកច្រើនសារ ទៅលើតំបន់ហ្គាហ្សា ខណៈអំពើហិង្សារវាងកម្លាំងអ៊ីស្រាអែល និងក្រុមឥស្លាមជ្រុលនិយមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បានបន្តកើតមាន ចាប់តាំងពីថ្ងៃទី១០ ឧសភា ។
លោក Netanyahu បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកមានការគាំទ្រពីសហរដ្ឋអាមេរិក ហើយថា ខ្លួននឹងបន្តការវាយប្រហារដើម្បីស្តារសន្តិភាព និងសន្តិសុខដល់ប្រជាជនអ៊ីស្រាអែល ។

ទន្ទឹមនោះ អ៊ីស្រាអែលទទូចថា ការវាយប្រហារតាមអាកាសរបស់ខ្លួន លើទីតាំងរបស់ក្រុមហាម៉ាស ត្រូវបានធ្វើឡើង បន្ទាប់ពីការព្រមានជាមុន ដើម្បីចៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ។ ប៉ុន្តែគោលដៅទាំងនោះ ក៏មានជំរុំជនភៀសខ្លួនប៉ាឡេស្ទីន ផងដែរ ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានបញ្ជូនមន្រ្តីជាន់ខ្ពស់ នៃក្រសួងការបរទេសអាមេរិក ទៅកាន់តំបន់រងគ្រោះផងដែរ ហើយតាមសេចក្តីរាយការណ៍ ក្រុមមន្ត្រីទាំងនោះបានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយមន្រ្តីនៃប្រទេសជុំវិញដូចជា អេហ្ស៊ីប និងកាតា ជាដើម ។

រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនបានទទួលយកការឆ្លើយតប រួមគ្នាណាមួយនៅឡើយទេ ។ សមាជិកជាច្រើនកំពុងព្រួយបារម្ភ ពីចំនួនអ្នកស្លាប់ និងរបួសយ៉ាងច្រើននៅលើទឹកដីប៉ាឡេស្ទីន ខណៈដែលសហរដ្ឋអាមេរិក គាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ។

គិតត្រឹមពេលនេះ យ៉ាងហោចណាស់ ប្រជាជនប៉ាឡេស្ទីនចំនួន ២១២ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ ៦១ នាក់ផងដែរ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីសប្តាហ៍មុន ។ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា ។

បន្ថែមពីនេះ មនុស្សជាង ១១,៣០៥ នាក់បានរងរបួស ហើយអគាររាប់សិបត្រូវបានបំផ្លាញ ឬខូចខាតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈនៅអ៊ីស្រាអែលវិញ មនុស្ស ១០ នាក់ក៏ត្រូវបានសម្លាប់ ដោយគ្រាប់រ៉ុកកែតរបស់ប៉ាឡេស្ទីន ពីតំបន់ហ្គាហ្សាស្ទ្រីបផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


