ព័ត៍មានទាន់​ហេតុការណ៏
Search
30

ឈាន​រស្មី​ និង​ហឿន ​សុខលី​ សងសឹក​បានសម្រេច​ឬ​អត់​?

ភ្នំពេញ ៖ ឈាន រស្មី អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ខេត្តរតនគិរី​នឹង​ឡើង​សងសឹក​គង់ សំបូរ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ក្នុង​កម្មវិធី​ស្រា​បៀរ​កម្ពុ​ជានា​រសៀល​ថ្ងៃអាទិត្យ​ ទី​០៥ ខែ​មេសា ឆ្នាំ​២០១៥ នៅ​លើ​សង្វៀន​SEA-TV​។​

រស្មី មួយ​រយៈ​ចុងក្រោយ​នេះ គេ​ស្រុត​ធ្លាក់​ខ្លាំង​ណាស់ ដោយ​ប្រកួត​ពុំ​សូវ​ដែល​ឈ្នះ​គេ​ទេ ដូចជា​ប្រាំ​ប្រកួត​ចុងក្រោយ​នេះ គេ​ចាញ់​រហូត​ដែល​ការប្រកួត​លើក​ចុង​ក្រោយ​នេះ វាយ​ចាញ់​ទាំង​អ្នក​ប្រដាល់​ចំណូល​ថ្មី​ថែមទៀត​គឺ​ជ័យ ម៉េ​ត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ក្នុង​ទឹក​ទី​១​ក្នុង​ការ​វាយ​ក្នុង​ទ្រុង​។

គេ​នៅ​ចាំ​បាន​ថា ក្នុង​ការ​ជួប​ប្រកួត​ជាមួយ​ គង់ សំបូរ កាលពី​ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ​២០១៤​ក្នុង​ការ​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៥៧​គីឡូក្រាម​នោះ រស្មី​ប្រកួត​ចាញ់​សំបូរ​ដោយ​ពិន្ទុ​។ កន្លងមក គេ​ធ្លាប់​វាយ​ស្មើ​ជាមួយ​គង់ សំបូរ​ដល់​ទៅ​ពីរ​លើក តែ​មក​ដល់ពេល​ប៉ះ​គ្នា​ក្នុង​ជម្រុះ​ខ្សែក្រវាត់ បែរជា​វាយ​អន់​មែនទែន កណ្ដាប់ដៃ ជើង​ទាត់ គឺ​ចេញ​អត់​រួច​ទាល់តែសោះ​។

គង់ សំបូរ គេ​ជា​ជើង​ខ្លាំង​វ័យក្មេង​មួយ​រូប គេ​ធ្លាប់​ទទួល​ឋានៈ​ជា​ជើង​ខ្លាំង​របស់​បា​កាស ហើយ​ក៏​ធ្លាប់​វាយ​ជាមួយ​បរទេស​ផង​ដែរ​។ ដូច្នេះ​ការ​ឡើង​សងសឹក​របស់​ឈាន រស្មី លើក​នេះ​ទំនង​ជា​មិនអាច​សម្រេច​បាន​តាម​បំណង​នោះ​ឡើយ ព្រោះថា​រស្មី​ពុំ​មាន​សមត្ថភាព​នឹង​យកឈ្នះ​លើ ​គង់ សំបូរ​បាន​នោះ​ទេ​។ សំបូរ ប្រកួត​លើក​ចុង​ក្រោយ​នេះ គេ​វាយ​ឈ្នះ ផាន់ សា​រ៉ែ​ម ក្លិប​គុជ​សា​កីឡា​ដោយ​ពិន្ទុ​។​

ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​វាយតម្លៃ​និង​សន្និដ្ឋាន​មុន​តែប៉ុណ្ណោះ ឯ​ការពិត ជាក់​ស្តែង​យ៉ាងណា​នោះ គឺ​រង់ចាំ​អ៊ុត​មើល​ការប្រកួត​របស់​ពួកគេ​ទាំងពីរ​នៅ​ចុង​សប្ដាហ៍​នេះ ថា​តើ​នរណា​ជា​អ្នកឈ្នះ នៅក្នុង​ការ​ជួបគ្នា​លើក​នេះ​?​

ហឿន សុខលី អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​នឹង​ឡើង​សងសឹក​ ម៉ន វ​ណ្ណី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​។ សុខលី គេ​ចាញ់​ជង្គង់​របស់​វ​ណ្ណី ដោយ​ត្រូវ វ​ណ្ណី ចាប់​អុក​ចូល​ចុងដង្ហើម​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ក្នុង​ពេល​ជួប​ប្រកួត​គ្នា​លើក​មុន​(១១​មករា​២០១៥)​នោះ​។

សម្រាប់​ការ​ឡើង​សងសឹក​លើក​នេះ មិន​ដឹង​ថា​សុខលី​អាច​វាយ​ឈ្នះ​វ​ណ្ណី បាន​ឬ​អត់​នោះ​ទេ ដោយសារ​ម៉ន វ​ណ្ណី គេ​មាន​ផ្លែ​ល្អ​ជាង ខ្លាំង​ជាង​។ វ​ណ្ណី ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ឈ្នះ​ហេង ពន្លឺ ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង​ក្នុង​ទឹក​ទី​៤​។

ប៉ុន្តែ​យ៉ាងណា ហឿន សុខលី ប្រកួត​ចុងក្រោយ គេ​ក៏​ប្រកួត​ឈ្នះ​ណាក់ ស៊ីនួន ក្លិប​ឃ្លាំង​មឿង​កីឡា​ក្នុង​ទឹក​ទី​៣​ដែរ​។ ដូច្នេះ​ចាំ​មើល​ឡើង​សងសឹក​លើក​នេះ សុខលី​អាច​យកឈ្នះ​ម៉ន វ​ណ្ណី បាន​សម្រេច​ឬ​អត់​?​

ម៉ូ ណា​រ៉ុង អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​ គឿន សុខ​ហេង អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ​។ ពួកគេ​ពីរ​នាក់​នេះ មិនដែល​ប៉ះ​គ្នា​ទេ​ពី​មុន​មក​។

គឿន​សុខ​ហេង ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី មានបទពិសោធន៍​លើ​រេញ​តិចតួច​ប៉ុណ្ណោះ តែបើ​ប្រៀប​ជាមួយនឹង​ម៉ូ ណា​រ៉ុង គឺ​មិនជា​លើសខ្វះ​គ្នា​ប៉ុន្មាន​ទេ ព្រោះ​ណា​រ៉ុង​គេ​ក៏​មិនជា​អ្នក​ប្រដាល់​ខ្លាំង​ប៉ុន្មាន​ដែរ គឺ​ប្រហាក់​ប្រហែល​គ្នា​ទេ​។ អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ មិន អាច​ទាយ​មុន​បាន​ឡើយ​។​

សេក គឹម​ខួច អ្នក​ប្រដាល់​ក្លិប​រដ្ឋ​សែន​ជ័យ​៣១៧​គូលែន​នឹង​ជួប​ប្រកួត​ជាមួយ​គុន វាសនា អ្នក​ប្រដាល់​ក្លិប​អាស៊ី​កីឡា​។ ពីរ​នាក់​នេះ​មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក​។​ ចំពោះ ការ​ជួប​គ្នា​លើក​នេះ ពុំ​ដឹង​ថា​នរណា​ជា​អ្នក​ទទួល​បាន​ជ័យជំនះ​នោះ​ឡើយ​៕​

វិសិទ្ធិ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684