ព័ត៍មានទាន់​ហេតុការណ៏
Search
a15

ខ្មាន់​កាំភ្លើង​ បាន​ចាប់​ពង្រត់​អភិបាល​ក្រុង​ហ្វីលីពីន

 

ក្រុម​មន្ត្រី​បាន​និយាយ​ថា ក្រុម​បុរស​ប្រដាប់​ដោយ​អាវុធ ​បាន​ចាប់​ពង្រត់​អភិបាល​ក្រុង​ហ្វីលីពីន ដែល​ស្ថិតនៅ​ភាគ​ខាង​ត្បូង​ ចេញ​ពី​ផ្ទះ​ ហើយ​បាន​នាំ​គាត់​យក​ទៅ​ ដោយ​មធ្យោបាយ​ទូក​ម៉ាស៊ីន។

រដ្ឋមន្ដ្រី​មហាផ្ទៃ​លោក Mar Roxas បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​បុរស​ប្រដាប់​អាវុធ​ចំនួន​៥​នាក់​ បាន​ចាប់​បង្ខំ​ពង្រត់​លោក​ស្រី​អភិបាល​ក្រុងឈ្មោះ Gemma Adana នៃ​ក្រុង​ Naga ដែល​ជា​ទីក្រុ​ងមួយ​ស្ថិតនៅ​ភាគខាង​ត្បូង​ខេត្ដ Zamboanga Sibugay គឺ​ចាប់ពង្រត់​ចេញពី​គេហដ្ឋាន​របស់​លោកស្រី​ ខណៈដែល​លោកស្រី​ស្ថិតនៅ​ជាមួយ​នឹង​មិត្ដភក្ដិ​កាលពី​ល្ងាច​ថ្ងៃចន្ទ។ ក្រុម​នោះ​បាន​រត់គេចខ្លួនទៅ​កាន់​សមុទ្រ ​ដោយធ្វើ​ដំណើរ​តាមទូកម៉ាស៊ីន​ចំនួន​២គ្រឿង។

លោក Roxas បាន​ថ្កោល​ទោស​ការ​ចាប់ពង្រត់​នេះ​ដោយ​និយាយថា មិន​អាច​មិន​ដាក់​ទណ្ឌ​កម្ម​បាន​នោះឡើយ។ លោក​បាន​ថ្លែង​ថា ការ​តាម​ប្រមាញ់​មួយកំពុង​ត្រូវ​បាន​ប្រព្រឹត្ដ​ទៅ​ ហើយ​គណៈកម្មាធិការ​ដោះស្រាយ​វិបត្ដិ​នៅ​ក្នុង​ខេត្ដ​ត្រូវ​បាន​កោះ​ប្រជុំ។

មន្ដ្រី​ប៉ូលិស​នៃក្រុង Naga លោក Wilprim Timsan និយាយថា ក្រុម​ចាប់ពង្រត់​មិន​ត្រូវ​បាន​ស្គាល់អត្ដសញ្ញាណ​នោះទេ ប៉ុន្ដែ​មិន​អាច​ទំនាក់​ទំនង​បាន​ផងដែរជាមួយនឹង​ក្រុម​គ្រួសារ​របស់​លោកស្រី Adana ដែល​ជា​អភិបាលក្រុ​ងនោះ​ថា តើ​ក្រុម​ចាប់ពង្រត់​តម្រូវ​ឲ្យ​មានការ​បង់​ប្រាក់​លោះ​ដែរ​ឬ​យ៉ាងណានោះ?

ក្រុមសកម្មជន​ Abu Sayyaf គឺ​ជា​ក្រុម​ចាប់​ជំរិត និង​ចាប់ពង្រត់​ រួម​ជាមួយ​នឹង​ក្រុម​ឧក្រិដ្ឋ​ផ្សេង​ទៀតកំពុង​តែ​បើក​ប្រតិបត្ដិការ​នៅ​ក្នុង​ខេត្ដ​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684