ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-07-15-g-full

ក្នុង​ពេល​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ប្រជាពលរដ្ឋ​បាន​សម្រុក​ចាកចេញ​ទៅលេង​តំបន់​ទេសចរណ៍ ខណៈ​ទឹកដី​កោះ​ប៉ែន ភ្ញៀវ​មាន​កំណើន​ជាង​ឆ្នាំមុន

កំពង់ចាម ៖ ឲ្យ​តែ​មាន​ពិធី​បុណ្យទាន​ម្តងៗ រាជធានី​ភ្នំពេញ​តែងតែមាន​សភាព​ស្ងប់ស្ងាត់ ជាង​ថ្ងៃ​ធម្មតា។ នេះ​ក៏​ព្រោះតែ​ប្រជាពលរដ្ឋ​បាន​សម្រុក​ចាកចេញ​យ៉ាង​គំហុក​ទៅលេង​ស្រុក​ភូមិកំណើត​របស់ខ្លួន។

ការ​ទៅលេង​ស្រុកភូមិ​កំណើត​នេះ សុទ្ធសឹងតែ​មាន​គោលដៅ​ផ្សេងៗ​គ្នា ដោយ​អ្នកខ្លះ​បានត្រឹមតែ​ទៅ​ជួបជុំ​ក្រុមគ្រួសារ​ជាទី​ស្រលាញ់ ទៅ​វត្ត​អារាម​ធ្វើ​ពិធី​បុណ្យទាន​រួមគ្នា រីឯ​ខ្លះទៀត​ទៅលេង​តាម​តំបន់​ទេសចរណ៍​ផ្សេងៗ​ទាំង​ជិត​ឬ​ឆ្ងាយ​ជាដើម។

ក្រៅពី​ប្រជាពលរដ្ឋ​បាន​ចាកចេញ​ទៅលេង​ខេត្តសៀមរាប ទឹកដី​អង្គរ​ដ៏បវរ​កម្ពុជា តំបន់​ទេសចរណ៍​នៅ​គោលដៅ​ផ្សេងៗ​ទៀត ក៏​មិន​ចាញ់​និង​ទឹកដី​ខេត្តសៀមរាប​ប៉ុន្មាន​ដែរ។ ត្រង់​ចំណុច​នេះ​ខ្ញុំ​ចង់​និយាយ​ពី​ទឹកដី​ខេត្តកំពង់ចាម។ ខេត្តកំពង់ចាម​គឺជា​ទឹកដី​ដ៏​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ខេត្ត​ដែល​សំបូរ​ទៅ​ដោយ​ដំណាំ​ចំការកៅស៊ូ​មួយ​នេះ បាន​កាត់​ផ្តាច់​ជា​ពីរ នោះ​គឺ​ខេត្ត​ត្បូងឃ្មុំ។

​ខេត្តកំពង់ចាម​ប្រជាពលរដ្ឋ​តែង​មកលេង​ក្នុង​ទឹកដី​កោះ​ដី​ប៉ែ​ន កោះ​ប៉ែន​ដែល​ចម្ងាយ​ប្រមាណ​ជាង១​ពាន់​ម៉ែត្រ​ពី​ទី​រួម​ខេត្ត នៅ​ប៉ែក​ខាងត្បូង​ស្ពាន​គី​ហ្សូ​ណា ប្រជាពលរដ្ឋ​បាន​មក​លេង​យ៉ាង​គំហុក ដោយ​អ្នកខ្លះ​ធ្វើដំណើរ​តាម​រថយន្ត ខ្លះទៀត​ធ្វើដំណើរ​តាម​ម៉ូតូ ឬ​ធ្វើដំណើរ​ដោយ​ការ​ថ្មើរជើង​ជាដើម។

ទោះបីជា​ការ​ធ្វើ​ធ្វើដំណើរ ក្តៅ​ចង្អៀត​ឬ​ស្ទះ​ចរាចរ​បន្តិច​មែន ប៉ុន្តែ​កំណើន​ពលរដ្ឋ​នៅ​តែ​មាន​ការ​កើនឡើង នេះ​បើ​តាម​ការ​លើកឡើង​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​ចូលរួម​លេង​កំសាន្ត​ក្នុង​តំបន់​ទេសចរណ៍​មួយ​នេះ។

ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​តែងតែ​កោតសរសើរ​និង​ចាប់អារម្មណ៍​ពី​ការ​ធ្វើ​ស្ពាន​ឫស្សី ដែល​មាន​មនុស្សម្នា​រាប់​ពាន់នាក់​ឆ្លងកាត់ ឆ្ពោះ​ទៅ​កាន់​ទឹកដី​កោះ​ប៉ែន​ដ៏​តូច​ហ៊ុមព័ទ្ធ​ដោយ​ខ្សាច់​ព​ណ៌​សរ​លាយឡំ​ពណ៌​មាស​បញ្ចេញ​ពន្លឺ​ព្រាល​ៗ​អម​ដោយ​វាយោ​បក់​មករ​វិចៗ។

ខ្លះ​អង្គុយ​តាម​តូប​និង​ខ្លះទៀត​ចុះ​លេង​ទឹក​យ៉ា​ង​សប្បាយ បាន​និយាយ​ថា ភ្ញៀវ​ទេសចរណ៍​ឆ្នាំនេះ​មាន​កំណើន​ជាង​ឆ្នាំមុន ទោះបី​តម្លៃ​រថយន្ត​ឆ្លងកាត់​ការជួល​តូប​អង្គុយលេង​កំសាន្ត​និង​ការ​បង់​កន្លែង​ចូល​មក​ទេសចរណ៍​ថ្លៃ​បន្តិច​មែន ប៉ុន្តែ​លំហូរ​ចូល​នៃ​ភ្ញៀវ​មិន​ថមថយ​នោះ​ឡើយ។

បើតាម​ការ​លើកឡើង​ពី​អ្នកស្រី ប៉ែន សុជាតិ រស់នៅ​រាជធានី​ភ្នំពេញ បាន​រៀបរាប់​ថា ការ​មកលេង​កំសាន្ត​ក្នុង​ទឹកដី​កោះ​ប៉ែន ខេត្តកំពង់ចាម​នេះ បន្ទាប់ពី​អ្នកស្រី​បាន​មកលេង​ស្រុកកំណើត​ខាង​ស្វាមី​នៅ​ភូមិ​កំពង់ក្របី ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ ហើយ​ខេត្ត​មួយ​នេះ​ពោរពេញ​ទៅ​ដោយ​ប្រជាពលរដ្ឋ​ដ៏​ច្រើន​កុះករ។

ស្ថិត​នៅ​លើ​រថយន្ត​លុច្ស​ស៊ីស​ព​ណ៌​ខ្មៅ បន្ទាប់ពី​មកលេង​ទឹក​វិញ ក្រុម​គ្រួសារ​ដែល​បាន​មក​លេង​ទឹកដី​កោះប៉ែន​បាន​និយាយថា ឆ្នាំនេះ​សប្បាយ​ណាស់ ប៉ុន្តែ​តម្លៃ​រថយន្ត​ថ្លៃ​បន្តិច​ក្នុង​ការ​ឆ្លងកាត់​ស្ពាន​ឫស្សី​ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​១​ម៉ែត្រ។

និយាយ​ពី​ប្រជាពលរដ្ឋ​ផ្សេង​វិញ​បាន​ពោល​ថា ការរៀបចំ បរិវេណ​ទឹកដី​កោះ​ប៉ែន មិនទាន់​ល្អ​នោះ​ទេពោល​គឺ​មាន​កន្លែង​ខ្លះ​ល្អ កន្លែង​ខ្លះទៀត​មិនទាន់​ល្អ​ត្រឹមត្រូវ និយាយ​ឲ្យ​ចំ គឺ​អ្នកជំនួញ​នៅ​ទីនោះ​មានការ​កោរ​ឬ​យក​តម្លៃ​រថយន្ត​ឆ្លងកាត់​ស្ពាន​ឫស្សី​តម្លៃ​ថ្លៃ​លើស​សៀវភៅ​បន្ទុក និង​មិន​មាន​អនាម័យ​ត្រឹមត្រូវ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684