ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-18-15-b-full

ទិដ្ឋភាព​នៃ​ប្រាសាទ បឹងមាលា

តាមរយៈ​ឯកសារ​តំបន់​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា របស់​អ្នកនិពន្ធ​កែវ​.​ភួង ឆ្នាំ​២០០៣ បោះពុម្ព​លើក​ទី​២ ទំព័រ​១៥៧ បាន​បញ្ជាក់​អំពី​ប្រាសាទបឹងមាលា​ឲ្យ​ដឹង​ថា ប្រាសាទ​នេះ​ឋិត​នៅ​ជើងភ្នំ​គូលែន ខាងកើត​ប្រហែល​៧០ គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។ ប្រាសាទ​នេះ​មាន​លក្ខណៈ​ស្រដៀង​នឹង​ប្រាសាទអង្គរវត្ត និង​កសាង​ឡើង​ដោយ​ព្រះបាទ​សូរិយា​វរ្ម័នទី​២​។ លក្ខណៈពិសេស​នៃ​ប្រាសាទ​នេះ​មាន​គូ​ទឹក​ដ៏​ធំ​ព័ទ្ធជុំវិញ​មាន​ប្រវែង​១២០០​ម (​បណ្តោយ​)​និង​ទទឹង ៩០០​ម​។ បរិយាកាស​នៅ​ទីនោះ​មាន​លក្ខណៈពិសេស​ប្លែក។

មាន​ឯកសារ​ជាច្រើន​ទៀត​បាន​ឲ្យដឹងថា​ប្រាសាទបឹងមាលា កសាង​ក្នុង​សតវត្សរ៍​ទី​១១ ដោយ​ស្នា​ព្រះហស្ត​ព្រះបាទ​សូរិយា​វរ្ម័នទី​២ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ សាសនា ជាពិសេស​ថ្វាយ​ព្រះ​វិស្ណុ (នារាយណ៍​)​។ ប៉ុន្តែ​ទិដ្ឋភាព​និង​រូបរាង​ប្រាសាទ បឹងមាលា​បច្ចុប្បន្ន​នេះ​មានការ​ខូចខាត​បាក់បែក​រប៉ាត់រប៉ាយ​និង​ទ្រុឌ​ទ្រម​ច្រើនណាស់ ពោល​គឺ​មិន​នៅ​ស្អាត​ល្អ​ដូច​ប្រាសាទអង្គរវត្ត​នោះ​ទេ។

មជ្ឈដ្ឋាន ជាច្រើន​ដែល​បាន​ទៅ​ទស្សនា​ប្រាសាទបឹងមាលា គេ​អាច​និយាយ​ថា ទ្រង់ទ្រាយ ឬ​បរិស្ថាន​នៃ​សំណង់​ប្រាសាទ​នោះ​ធ្វើ​អំពី​ថ្ម ភក់ មើលទៅ​មិន​ខុសពី​សំណង់​ប្រាសាទអង្គរវត្ត​ប៉ុន្មាន​នោះ​ទេ​។ គេ​តែង​និយាយ​ថា រចនាបថ​អង្គរវត្ត​មាន​ប្រភព​ចម្លង​ចេញពី​ពុម្ព​គំរូ​នៃ​ប្រាសាទ បឹងមាលា​តែម្តង​។ ក្នុង​នោះ​ហេតុផល​ដែល​គេ​បាន​អះអាង​ដូច្នេះ​ព្រោះ​ម្ចាស់​នៃ​សំណង់​ប្រាសាទ គឺ​ព្រះបាទ​សូរិយា​វរ្ម័នទី​២​ដូចគ្នា​។ ប៉ុន្តែ​គេ​ដឹង​ថា ប្រាសាទបឹងមាលា​កសាង​មុន​ប្រាសាទអង្គរវត្ត​។ គេ​យល់ថា ប្រាសាទបឹងមាលា អាច​កសាង​ក្នុងអំឡុង​ចុង​សតវត្សរ៍​ទី​១១ ។ រីឯ​ប្រាសាទអង្គរវត្ត​ដែល​មាន​លក្ខណៈ​ចម្លង​នោះ​គឺ​ក្នុង​ដើម​នៃ​សតវត្សរ៍​ទី​១២ ដែល​ឋិត​ក្នុងអំឡុង​គ​.​ស ១១១៣ ដល់ គ​.​ស ១១៤៥។

ចំពោះ​អ្វី​ដែល​ប្លែក​គ្នា​នោះ​គឺ​ប្រាសាទបឹងមាលា​មិន​សូវ​មាន​ក្បាច់ចម្លាក់​តាម​ជញ្ជាំង​ប្រាសាទ ដូចជា​ប្រាសាទអង្គរវត្ត នោះ​ទេ។ ក្នុង​នោះ​គេ​ឃើញ​ប្រាសាទ​បែរមុខ​ទៅ​ទិសខាងកើត​ហើយ​នៅ​ខាង​មុខ​ច្រកចូល​គេ​ឃើញ​មាន​ចម្លាក់​នាគ អនន្ត (​នាគ​ក្បាល​៥)​។ ក្រៅពី​នេះ​ក៏​មាន​ចម្លាក់​អប្សរា​ដែល​មាន​ដៃស្តាំ ច្បូតសក់​មក​ក្រោម​និង​មាន​ដៃ​ឆ្វេង​ទ្រ​សុដន់​ខាងស្តាំ។

តាមរយៈ​ចម្លាក់​ដ៏​តិចតួច​ប៉ុណ្ណោះ​ហើយក៏​មាន​បណ្ណាល័យ​នៅ​បរិវេណ​ខាងមុខ​ប្រាសាទ​ដែល​មាន​លក្ខណៈ​មិន​ខុសពី​ប្រាសាទអង្គរវត្ត​នោះ​ដែរ​។ ប្រការ​សំខាន់​ដែល​មជ្ឈដ្ឋាន​អ្នកទស្សនា ឬ​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​បុរាណវត្ថុវិទ្យា បាន​បញ្ជាក់​ថា រៀងរាល់​ប្រាង្គ​ប្រាសាទ​ដែល​ជា​ស្នា​ព្រះហស្ត ព្រះបាទ​សុរិយា​វរ្ម័នទី​២ នោះ​ពិតជា​ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ ព្រោះ​ព្រះអង្គ​មាន​ជំនឿ​យ៉ាង​មោះមុត​ខាង​ព្រហ្មញ្ញ សាសនា និកាយ​ព្រះ​វិស្ណុ​។ ជាក់ស្តែង​ទាំង​ប្រាសាទបឹងមាលា និង​ទាំង​ប្រាសាទអង្គរវត្ត គឺ​ព្រះអង្គ​បាន​ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ​តែម្តង​។ ការ​កត់សំគាល់​ម្យ៉ាងទៀត​នោះ​គឺ​នៅក្រោយពេល​ព្រះអង្គ​យាង​ចូល​ទិវង្គត​ទៅ​គេ​បាន​ថ្វាយព្រះប​ច្ឆា​មរណនាម​ដល់​ព្រះអង្គ​ថា “​ព្រះ​បរម​វិស្ណុ​លោក​”។

ឯ​ចំណែក​ការសន្និដ្ឋាន​មួយទៀត​ដែល​គួរ​យកជាការ​បានដែរ​នោះ​គឺ ប្រាសាទបឹងមាលា​បាន​បន្សល់​ចម្លាក់​នាគ​ក្បាល​៥ ហៅថា នាគ​អនន្ត​ជា​ជំនិះ​របស់​ព្រះ​នារាយណ៍ ឬ​ព្រះ​នារាយណ៍​ទ្រង់​ផ្ទំ​លើ​នាគ​អនន្ត​ឆ្លងកាត់​មហាសាគរ​ដ៏​ធំធេង​។​ក្នុង​នោះគេ​បានឃើញ​គូ​ទឹក​ដ៏​ធំ​មួយ​ព័ទ្ធជុំវិញ​ប្រាសាទបឹងមាលា ក៏​ចាត់ទុកជា​មហាសាគរ​ដែ​ល​ព្រះ​វិស្ណុ​ទ្រង់​ផ្ទំ​លើ​នាគ​អនន្ត​នោះ​មែន​។​

ចំ​ណែ​កការសន្និដ្ឋាន​ចុងក្រោយ​នៃ​ប្រាសាទបឹងមាលា ទោះជា​ស្ថាបត្យកម្ម​មិនបាន ល្អ​ក្តី​ក៏​គេ​ចាត់ទុកជា​ទម្រង់​ដើម​នៃ​ការដកពិសោធន៍​របស់​ព្រះបាទ​សូរិយា​វរ្ម័នទី​២ ដើម្បី​ព្រះអង្គ​មាន​ព្រះរាជតម្រិះ​ប្រាជ្ញា​ឈ្វេងយល់​ជាថ្មី​ក្នុងការ​ស្ថាបនា​ប្រាសាទអង្គរវត្ត​អោយមាន​ភាព​ពិសេស​ស្កឹមស្កៃ​ដ៏​អស្ចារ្យ​ប្រកបដោយ​សោភ័ណភាព​ឆើតឆាយ​គ្មាន​គូ​ប្រៀបប្រដូច៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684