ព័ត៍មានទាន់​ហេតុការណ៏
Search
4696

ម៉ាឡេស៊ី​ អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​សិទ្ធិមនុស្ស

 

Kuala Lumpur ៖ កាលពី​ថ្ងៃ​អង្គារ សភា​ម៉ាឡេស៊ី​ បានអនុម័ត​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ភេរវកម្ម ក្នុង​គោលបំណង​ដើម្បី​បន្ធូរបន្ថយ​សញ្ញា​នៃ​ការកើនឡើង​របស់​បណ្តា​ញ​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​ ប៉ុន្តែ​ក្រុមប្រឆាំង​បានប្រកាសថា ​វា​នឹង​ប៉ះពាល់​យ៉ាងធ្ងន់​ដល់​សិទ្ធិ​ជន​ស៊ីវិល។

ច្បាប់​នៃ​ការទប់ស្កាត់​អំពើ​ភេរវកម្ម​បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ក្នុង​តំបន់​ មាន​សិទ្ធិ​ឃុំឃាំង​ជនសង្ស័យ​ភេរវកម្ម​ដោយ​គ្មាន​ការចោទប្រកាន់​ហើយ​ជាមួយគ្នា​នោះ​ អ្នកនយោបាយ​គណបក្ស​ប្រឆាំង​ព្រមទាំង​អ្នកច្បាប់​ និង​ក្រុម​សិទ្ធិមនុស្ស​ជាច្រើន​ បាន​ជំរុញ​​ឲ្យ​ដក​ច្បាប់​នេះ​ចេញ​វិញ។​

អាជ្ញាធរ​បានប្រកាស​អាសន្ន​ចំពោះ​ការកើន​ឡើង​នៃ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ​(IS)​ដែល​​បាន​ប្រយុទ្ធ​បង្ហូរឈាម​ក្នុងប្រទេស​ស៊ី​រី​ដែល​​ប៉ូលិស​បាន​និយាយថា បាន​កៀរ​គរ​មនុស្ស​ជាច្រើន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ឥស្លាម​នោះ។​

កាលពី​ថ្ងៃ​ច័ន្ទ ប៉ូលិស​បាន​និយាយថា មនុស្ស​ចំនួន​១៧​នាក់​ដោយ​រួម​ទាំងពីរ​នាក់​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ស៊ី​រី​វិញ​ផង​នោះ​ ត្រូវបាន​ចាប់ខ្លួន​ដោយ​ជាប់​សង្ស័យថា​ មាន​គម្រោង​វាយប្រហារ​ភេរវកម្ម​ក្នុង​ទីក្រុង Kuala Lumpur ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ​ប៉ូលិស​មិន​បាន​ផ្តល់ព័ត៌មាន​លម្អិត​ឲ្យ​បាន​ច្រើនជាង​នេះ​នោះទេ។​

យោងតាម​សារព័ត៌មាន​របស់​ម៉ាឡេស៊ី​ បាន​ផ្សព្វផ្សាយ​ថា ច្បាប់​ថ្មី​នេះ​ត្រូវបាន​គេ​អនុម័ត​នៅ​ពាក់​កណ្តាលយប់​ ក្រោយពេល​ការពិភាក្សា​ក្នុង​សភា​អស់​រយៈពេល​១៥​ម៉ោង ។ ការអនុម័ត​ច្បាប់​ថ្មី​នេះ​គឺ​មិនបាន​ចោទ​ជា​បញ្ហា​នោះទេដោយ​សារ​តែមាន​សមាជិក​របស់​គ​ណ​បក្ស​កាន់អំណាច​ជាច្រើន​ស្ថិតនៅក្នុង​សភា។

សកម្មភាព​ភេរវកម្ម​កំពុង​ក្លាយជា​កង្វល់​ដ៏​ធំ​មួយ​ក្នុងប្រទេស​ម៉ាឡេស៊ី​ ដោយសា​រតែ​ការបង្ក្រាប​យ៉ាងខ្លាំង​លើ​សេរីភាព​ជន​ស៊ីវិល​ដែល​ធ្វើឡើង​ដោយ​រដ្ឋ​ាភិ​បាល ​ក្នុងការ​កើតឡើង​នៃ​ឧបសគ្គ​ការបោះឆ្នោត​នៅ​ឆ្នាំ២០១៣។​

គណបក្ស United Malays National Organisation (UMNO) ដែល​កំពុងកាន់​អំណាច បានធ្វើការ​គ្រប់គ្រង​ប្រទេសចាប់​ តាំងពី​ឆ្នាំ១៩៥៧ មកម៉្លេះ ប៉ុន្តែ​បាន​ប្រឈម​មុខ​នឹង​ការធ្លាក់ចុះ​ពី​តំណែង​ក្នុង​ដៃ​របស់​គណ​បក្សប្រឆាំង​មួយ ​ដែល​បាន​ប្រយុទ្ធប្រឆាំង​នឹង​​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​ និង​បាន​ចោទប្រកាន់ថា​ រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​រំលោភ​​បំពាន​អំណាច។​

មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​ត្រូវបាន​រង​ការរិះគន់​ដោយ​រួមទាំង​អ្នកនយោបាយ​គណបក្សប្រឆាំង សាស្ត្រាចារ្យ សកម្មជន និង​អ្នកសារព័ត៌មាន​ផងដែរ។ ជាពិសេស​នៅក្នុង​ច្បាប់​ប្រឆាំង​ភេរវ​កម្ម​នេះ​បានធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​ថា ច្បាប់​សន្តិសុខ​ជាតិ ISA នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើការ​ឃុំខ្លួន​ជនសង្ស័យ​ដែល​មិន​មានទោស ​ហើយ​ច្បាប់​នេះ​នឹង​ត្រូវបាន​គេ​ប្រើ​ជាថ្មី​ដើម្បី​ប្រឆាំង​ទៅនឹង​អ្នកនយោបាយ​គណបក្សប្រឆាំង។ ISA ធ្លាប់​ត្រូវបាន​គេ​លុបចោល​ក្នុង​ឆ្នាំ២០១២ ស្រប​ពេល​ដែល​មានការ​ដាក់​សម្ពាធ​ជា​សាធារណៈ​លើ​កំណែទម្រង់​នយោបាយ។​

ទោះបីជា​យ៉ាងណាក៏ដោយ ​រដ្ឋាភិបាល​មិន​ទាន់បាន​ឆ្លើយតប​ភ្លាមៗ​ទាក់ទិន​ទៅនឹង​ការ​លើកឡើង​នេះ​ទេ​ ប៉ុន្តែ​ខ្លួន​ធ្លាប់បាន​និយាយថា ច្បាប់​នេះ​នឹងមិន​ត្រូវបាន​ប្រើ​ដើម្បី​ប្រឆាំង​ទៅនឹង​ន​រណា​ម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះទេ។​

ប៉ូលិស​បាន​និយាយ​ក្នុង​ខែមករា​ថា ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​១២០​នាក់​ ដោយ​សង្ស័យ​មាន​ជាប់ទាក់ទង​ជាមួយ​ក្រុម​ IS​ និង​ប៉ុនប៉ង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី​ ឬ​អ៊ីរ៉ាក់។​ ប៉ូលិស​ក៏បាន​និយាយ​ផងដែរ​ថា​ ជនជាតិ​ម៉ាឡេ​ស៊ី​៦៧​នាក់​ បានធ្វើ​ដំណើរ​ទៅ​បរទេស​ដើម្បី​ចូល​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ IS ជី​ហា​ឌី​ស៕

AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684