ព័ត៍មានទាន់​ហេតុការណ៏
Search
ក្រុមហ៊ុន​តាក់ស៊ី​​Kakao​

ក្រុមហ៊ុន​តាក់ស៊ី​​Kakao​ជំទាស់​ក្រុមហ៊ុន​Uber នៅ​កូរ៉េខាង​ត្បូង

 

ប្រតិបត្តិការ​នាំ​សារ​ចល័ត​លើ​គេ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ចាប់​ផ្ដើម​បម្រើ​សេវា​ថ្មី​ហៅ​រថយន្ដ​តាក់ស៊ី​ផ្អែក​លើ​បណ្ដាញ​វេបសាយ​នៅ​ថ្ងៃ​អង្គារ ទី៣១​ ខែ​មីនា​ ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​ក្រុមហ៊ុន​ Uber មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលី​ហ្វ័រនីញ៉ា ដែល​សេវា​របស់​ក្រុមហ៊ុន​នេះ​ បាន​ទទួល​រង​នូវ​ការ​ចាត់វិធានការ​បង្ក្រាប​ពី​និយតករ​របស់​រដ្ឋ។

ក្រុមហ៊ុន​តាក់ស៊ី Daum Kakao ដែល​បាន​អះអាង​ថា មាន​អ្នកប្រើប្រាស់​ប្រចាំខែ​ប្រហែល​៥០​លាន​នាក់​នោះ បាន​ប្រកាន់​យក​នូវ​ជំហាន​ផ្សេងៗ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដែល​ជួប​ប្រទះ​ជា​មួយ Uber ដោយ​រួមទាំង​ការ​ប្រើប្រាស់​អ្នក​បើក​បរ​រថយន្ត​តាក់ស៊ី​ ដែល​បាន​ចុះ​បញ្ជី​តែ​មួយ​គត់​សម្រាប់​សេវា​របស់​ខ្លួន ​ដែល​ហៅថា Kakao Taxi ​នោះ​ផង។

ការ​ចាប់​ផ្ដើម​នៅ​ថ្ងៃអង្គារ​គឺ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ Android ជាមួយ​ការ​កែ​ប្រែ​ថ្មី​ iOS ដែល​គ្រោង​នឹង​ប្រកាស​ឲ្យ​ដឹង​ជា​ទូទៅ​នៅ​ក្នុង​ខែ​មេសា។ Uber បាន​ចាប់​ផ្ដើម​សេវា​របស់​ខ្លួន​នៅ​កូរ៉េខាង​ត្បូង​ នៅ​ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​ភ្លាមៗ​នេះ​បាន​ទទួល​រង​នូវ​ការ​ប្រឆាំង ​ដែល​អ្នក​បើក​បរ​រថយន្ដតាក់ស៊ី បានតវ៉ា​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​មើល​ឃើញ​ថា ជា​ការ​គំរាម​មួយ​ចំពោះ​មធ្យោបាយ​រក​ប្រាក់​ចំណូល​ដើម្បី​រស់នៅ​របស់​ពួកគេ។

Uber បាន​ប្រើប្រាស់​អ្នក​បើក​បរ​ដែល​មិន​បាន​ចុះ​បញ្ជី​ និង​បាន​បង្កើត​ឲ្យ​មាន​ការ​ប្ដឹងផ្ដល់​ជា​បន្តបន្ទាប់​ពីមន្ដ្រី​សាលា​ក្រុង​ និង​រដ្ឋ។ កាល​ពីខែ​ធ្នូ កន្លងមក រដ្ឋអាជ្ញា​បាន​ចោទ​ប្រកាន់​ស្ថាបនិក​ និង​ជាប្រធាន​ប្រតិបត្ដិ​ជនជាតិ​អាមេ​រិក​របស់ Uber លោក Travis Kalanick និង​ដៃ​គូ​កូរ៉េខាង​ត្បូង​របស់​លោកថា បានប្រតិបត្ដិ​ការ​សេវា​រថយន្ដតាក់ស៊ី​ខុស​ច្បាប់។ រដ្ឋការ​ក្រុង​សេ​អ៊ូល បានផ្ដល់​ទឹកប្រាក់​មួយ​លាន​វ៉ុន​ (៩២០​ដុល្លារ) ជារង្វាន់​ដល់​ពួកអ្នក​ដែល​រាយ​ការណ៍​អំពី​រថយន្ដ​ដែល​ផ្ដល់​ការ​ជិះ​តាមរយៈ​សេវា​របស់ Uber ហើយការ​តាម​ឃ្លាំ​មើល​របស់​ទូរគមនា​គមន៍​ជាតិ​បាន​សម្រេច​ថា​ Uber នៅ​កូរ៉េ​ មិន​បាន​រាយការណ៍​អំពី​ការ​ធ្វើ​អាជីវកម្ម​របស់ខ្លួន​និង​ទទួល​នូវការ​អនុញ្ញាត​ផ្លូវការ​នៅមុនការ​ផ្ដល់​សេវា​តាម​ដាន​ទីកន្លែង​របស់ខ្លួននោះ។

ក្រុមតាក់ស៊ី​ Kakao បានចៀស​វាង​បញ្ហា​ទាំង​ឡាយ​បែប​នេះ ​ដោយ​ជំរុញ​ទៅមុខ​នូវ​ភាព​ជា​ដៃគូ ជាមួយ​សមាគម​រថយន្ដតាក់ស៊ី​ និង​ប្រតិបត្ដិ​ករ​បង់​ប្រាក់​អនឡាញ​ភ្លាមៗ​ដែល​ផ្ដល់​មូល​និធិ​ដោយ​រដ្ឋ។ ជាវិធានការ​ថែរក្សា​សុវត្ថិ​ភាព​នោះ Kakao បានអនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​ទទួល​បាន​ដោយស្វ័យ​ប្រវត្ដិ​នូវ​ឈ្មោះ​ និង​រូបថត​របស់អ្នក​បើក​ ក៏ដូចជា​ព័ត៌មាន​អំពី​រថយន្ដ​ផង​ដែរ។ មាន​អ្នក​បើក​បរ​រថយន្ដតាក់ស៊ី​២៨០,០០០​នាក់​ ដែល​បាន​ចុះ​បញ្ជី​នៅ​កូរ៉េ​ខាង​ត្បូង៕

AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684