ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-20-15-m-full

ប្រាសាទ តា​នៃ ខេត្តសៀមរាប

ប្រាសាទ តា​នៃ កសាងឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ក្នុងការ​ឧទ្ទិស​ថ្វាយ​ដល់​ពុទ្ធសាសនា មហាយាន។ ប្រាសាទ​នេះ​មាន​ទីតាំង​ឋិត​នៅ​ខាងកើត​ប្រាសាទតាកែវ​ចម្ងាយ​ប្រហែល ៨០០​ម៉ែត្រ នៅក្នុង​ព្រៃ​តាម​ច្រក​តូច​មួយ។​

​ ​ប្រាសាទ តា​នៃ មាន​កំពែង​ធ្វើ​អំពី​ថ្មបាយក្រៀម​តែមួយ​ជាន់ ខាងក្រៅ​ទេ​គឺមាន រាង​ចតុកោណកែង​ដែលមាន​បណ្តោយ ៥៥​ម៉ែត្រ និង​ទទឹង ៤៧​ម៉ែត្រ​។ ចំពោះ​ទីតាំង​ប្រាសាទ​ក៏​ឋិត​ក្នុង​បរិវេណ​ដែលមាន​រាង​ចតុកោណកែង​ដែរ ដែល​ក្នុងនោះ​ប្រាសាទ​មាន​ជួរ​បណ្តោយ​មាន​ប្រវែង ៣៥​ម៉ែត្រ និង​ជួរ​ទទឹង​មាន​ប្រវែង ២៦​ម៉ែត្រ​។ ប្រាសាទ​នេះ​បែរមុខ​ទៅ​ទិសខាងកើត​។​

​ ​បើតាម​ឯកសារ គឺ​សៀវភៅ​មាន​ចំណងជើង​ថា ៈ តំបន់​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់លោក កែវ​.​ភួង ឆ្នាំ​២០០៥ ទំព័រ​១៣១ បានអោយដឹងថា ៈ ប្រាសាទ​នេះ​បើតាម​អ្នកស្រុក​ដែល​រស់នៅ​ជិត​នោះបាន​និយាយ​អោយដឹងថាៈ ឈ្មោះ​នេះ ប្រហែលជា​ហៅ​តាម​ឈ្មោះ​តា ម្នាក់​ឈ្មោះ “​តា​នៃ​” ដែលជា​អ្នកថែរក្សា​ប្រាសាទ​នេះ​។​ក្នុង​ឯកសារ​បានបញ្ជាក់​បន្ត​ទៀតថា គំនិត​នេះ​អាច​ចាត់ទុក​ជាការ​បាន​ខ្លះ ព្រោះថា ប្រាសាទ​នៅ​តំបន់​អង្គរ ភាគច្រើន​មានឈ្មោះ​ហៅ​សព្វថ្ងៃ គឺ​មិនមែនជា​ឈ្មោះ កំណើត​ដើម​របស់​ប្រាសាទ​ឡើយ​។​

​ ​ប្រាសាទ តា​នៃ បានចាប់ផ្តើម​កសាង​នៅ​ចុង​សតវត្សរ៍​ទី​១២ មែន ប៉ុន្តែ​មាន​បញ្ហា​ចម្លាក់​ខាងក្នុង​បានអោយដឹងថា បាន​បង្ហើយ​ជា​ស្ថាពរ​នៅ​ដើម​សតវត្សរ៍​ទី​១៣​។ ខ្លឹមសារ​នៃ​ប្រាសាទ​តា​នៃ តាមរយៈ​សំណង់​អំពី​ថ្មភក់​នេ​ោះ​មិន​ខុសពី​ប្រាសាទ​ដទៃទៀត​ដែលជា​ស្នា​ព្រះហស្ត​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែរ គឺមាន​លំនាំ សំណង់​ប្រហាក់ប្រហែល​នឹង​ប្រាសាទបាយ័ន​, អង្គរធំ​, តា​ព្រហ្ម​,​ព្រះខ័ន​, បន្ទាយក្តី​, នាគព័ន្ធ​, តា​សោម​, ស្រះស្រង់​, ទន្លេបាទី​, បន្ទាយឆ្មារ​…​។ ឯ​អ្វីដែល​គួរអោយ​ចាប់អារម្មណ៍ និង​កត់សំគាល់​ដូចគ្នា​ទៀត​នោះ​គឺ​បញ្ហា​ចម្លាក់ ឬ​ទេវរូប​ព្រះ​ពោធិសត្វ អវលោកេស្វរៈ តែម្តង​ដែលជា​ទិសដៅ​នៃ​ការធ្វើ​សក្ការបូជា​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។​

​ ​ជាកស្តែង​ប្រាសាទ តា​នៃ ក៏មាន​បដិមា ឬ​ចម្លាក់​បង្ហាញ​ពី​ព្រះ​ពោធិសត្វ អវលោកេស្វរៈ​ផងដែរ​។ ជាពិសេស​នៅ​ប្រាសាទ​កណ្តាល​ត្រង់​ប៉ម​ខាងមុខ​ចំហៀង​ខាងលិច​នោះគេ​បាន​តម្កល់​ព្រះពុទ្ធ​ប្បដិមា ដែល​បាន​បង្ហាញថា ជាការ​ឧទ្ទិស​ថ្វាយ​ព្រះពុទ្ធសាសនា​នៃ​ប្រាសាទ​នេះ​តែម្តង​។ ទន្ទឹមនេះដែរ​បើតាម​មរតក​នៃ​ប្រាង្គ​ប្រាសាទ​ជា​ស្នា​ព្រះហស្ត​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នៅ​ខេត្តសៀមរាប គេ​ឃើញ​មាន​ច្រើនជាង ប្រាង្គ​ប្រាសាទ​ជា​ស្នា​ព្រះហស្ត​ព្រះមហាក្សត្រ​ដទៃទៀត តើ​មកពី​បញ្ហា​អ្វី​?

​ ​មុខ​នឹង​សាកល្បង​ឆ្លើយ​នូវ​សំនួរ​ដំ​សំខាន់​នេះ​គេ​សួរ​ត្រឡប់​ទៅវិញ​ថា បច្ចុប្បន្ននេះ​ហេតុអ្វី​បានជា​មាន​វត្ត​អារាម ជាច្រើន​កន្លែង​នៅតាម​ទីក្រុង ឬ​រាជធានី​? ចម្លើយ​នេះ​គឺ​មកពី​បញ្ហា មនុស្ស​ច្រើន​នៅតាម​ទីក្រុង​ហើយ​ដែល មនុស្ស​ម្នាក់ៗ​មាន​ជំនឿ​គ្រប់គ្នា​ផ្តោតទៅលើ​សាសនា​ជាទី​ពឹង​ផ្លូវចិត្ត​ក៏ដូចជា​ការប្រតិបត្តិ និង​ការបំពេញ​ការងារ​ទ្រទ្រង់​ជីវភាព​រស់នៅ​ដែរ​។​

​ ​យ៉ាងណាមិញ​នៅ​សម័យអង្គរ​ដែល​គេ​គិតតែ​ពី​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ គ​.​ស ១១៨១ ដល់គ​.​ស ១២១៨ នោះ​ព្រះអង្គ​កសាង​ប្រាង្គ​ប្រាសាទ​ជាច្រើន​នៅ​ខេត្តសៀមរាប​ព្រោះ​ទីនោះ​ជាទី​ក្រុង​ដែលមាន​មនុស្ស​រស់នៅ​កុះករ​ច្រើន​។ ការកសាង​ប្រាង្គ​ប្រាសាទ​ដ៏​ច្រើន​នោះ​ព្រោះ​ជាការ​ងារ​សម្រួល​ដល់​ការធ្វើ​សក្ការបូជា​នៃ​ជានា​នុ​ជន​តែម្តង​។ ក្រៅពីនេះ​នៅតាម​បណ្តា​ខេត្ត​នានា ក៏មាន​ប្រាសាទ​ជា​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​ដែរ ដោយ​គ្រាន់​តែមាន​តិចជាង​នៅ​ខេត្តសៀមរាប​។​

​ ​សរុបមក​ទាំង​តួ​ប៉ម​តំណាងអោយ​សាលា​ធម៌​ទាំង​១២១ កន្លែង​ក្តី​និង​តាំង​មន្ទីរពេទ្យ ១០២​កន្លែង​ក្តី​គឺ​តែងមាន​តម្កល់​ព្រះ​បដិមា​ព្រះ​ពោធិសត្វ សម្រាប់​គោរព​សក្ការៈ​ទាំងអស់​ដែលជា​ព្រះរាជតម្រិះ​ប្រកបដោយ​ជំនឿ​ដ៏​ស័ក្តិសិទ្ធិ​នៃ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ក្នុង​ការកសាង​វឌ្ឍនធម៌​នៃ​សង្គម​ខ្មែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684