ព័ត៍មានទាន់​ហេតុការណ៏
Search
a4

ក្រុម​សកម្មជន​នៅ​កូរ៉េ​ខាងត្បូង​បាន​បញ្ជូន​ឌីវីឌី​The Interview តាម​ការ​បង្ហោះ​បាល់​ឡុង​ទៅកូរ៉េ​ខាង​ជើង​

 

សកម្មជន​កូរ៉េខាងត្បូងម្នាក់ បាននិយាយ​កាល​ពីថ្ងៃពុធថា ខ្លួនបានបង្ហោះបាល់ឡុង​ដែល​មាន​ឌីវីឌីដល់ទៅ​រាប់​ពាន់​បន្ទះឯណោះ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងជើង​ ដោយឆ្លង​កាត់ព្រំដែន។

លោក Lee Min-bok បាន​និយាយ​ថា លោក​បាន​បង្ហោះ​បាល់ឡុង​ដែល​មាន​ឌីវីឌីជា​ភាព​យន្ដ​រឿង The Interview ដែល​លើកយក​មក​និយាយ​អំពី​ការ​ធ្វើ​ឃាត​មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក Kim Jong Un អស់​កាល​ដល់ទៅ​៤លើក​កន្លង​មក​ហើយ ​ពីទីក្រុង​ដែលស្ថិ​តនៅព្រំដែន​របស់​ប្រទេស​កូរ៉េខាងត្បូង​នោះ ហើយបង្ហោះច្រើន​បំផុត​កាលពី​ពេល​ថ្មីៗនេះ​ គឺ​នៅ​ថ្ងៃសៅរ៍កន្លង​មកនេះ។ លោក Lee និយាយថា បាល់ឡុង​ដែល​លោក​បង្ហោះនោះ​មាន​ទាំង​ខិត្ដប័ណ្ណថែម​ទៀត​ផង ដោយ​លើកយក​មកធ្វើ​ការ​ទិតៀន​ដល់​រដ្ឋាភិ​បាល​របស់​លោក Kim ដោយ​គូស​បញ្ជាក់​ឲ្យឃើញ​យ៉ាងច្បាស់​ពីក្ដីរំពឹង​ទុក​នៃ​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាង​ត្បូង​ នៅ​ក្នុង​សេចក្ដី​សង្ឃឹម​ដែល​ថា នឹង​ទាក់ទាញ​ប្រជាជន​ឲ្យធ្វើ​ការ​តស៊ូ​ប្រឆាំង​នឹង​ការ​ដឹកនាំ​នៅក្នុង​ក្រុ​ងព្យុងយ៉ាង​កូរ៉េខាងជើង។

កូរ៉េខាងជើង​ បានចាត់​ទុកខិត្ដប័ណ្ណទាំង​នោះ​ថា ជាការ​វាយប្រហារ​មួយ​ទៅលើ​រដ្ឋាភិ​បាល​របស់​ខ្លួន ហើយ​ធ្លាប់តែងតែ​ធ្វើ​ការ​ទាម​ទារ​អស់​ពេលដ៏យូរ​មកហើយ កុំ​ឲ្យសកម្ម​ជន​របស់​កូរ៉េ​ខាងត្បូង​ធ្វើ​យ៉ាង​ដូច្នេះ​តទៅទៀត។ គួរ​រំលឹកថា កាលពីឆ្នាំ​ទៅមិញ កូរ៉េខាងជើង​បាន​បើក​ការបាញ់​កម្ទេច​ចោល​បាល់ឡុង​ (ប៉ោងប៉ោង​ហោះ) ដែលបង្ហោះ​ដោយ​ក្រុមសកម្ម​ជន​ទាំង​នោះ​ ពេលដែល​វា​រសាត់​ពីលើ​អាកាស​ចូលទៅ​ក្នុង​ទឹកដី​របស់​កូរ៉េខាងជើង។ ដោយឡែក​ក្រុង​សេអ៊ូលវិញ បាននិយាយថា សកម្ម​ជន​ទាំង​ឡាយ​នោះ កំពុ​ងតែ​ប្រើប្រាស់​សិទ្ធិសេរីភាព​ក្នុង​ការនិយាយ​ និង​បញ្ចេញ​មតិនោះ​ហើយ។

ប៉ុន្ដែរដ្ឋាភិបាល​របស់​កូរ៉េខាងត្បូង កាលពី​ថ្មីៗនេះ​វិញ បាន​ជំរុញ​ឲ្យ​សកម្មជន​ប្រឆាំង​នឹង​​អ្នកដឹកនាំអំណា​ចនៅក្រុ​ងព្យុងយ៉ាង ​ធ្វើ​ការ​ទប់​ស្កាត់​ដើម្បី​កុំ​ឲ្យធ្វើ​ការបង្ហោះ​បាល់​ឡុង​យ៉ាង​​ដូច្នេះ​តទៅទៀត​ទៅកាន់​កូរ៉េខាងជើងនោះ ដោយ​និយាយថា ក្រុមសកម្មជន​អាច​បង្ក​ឲ្យ​មាន​ទំនាក់​ទំនង​មិន​ល្អ​ និង​កាន់តែ​អាក្រក់​ថែមទៀត​រវាង​ប្រទេស​ទាំងពីរ​ ព្រមពេល​ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​ដែល​រស់នៅ​តាម​ទីប្រជុំ​ជន​ជាប់តំបន់ព្រំដែន​នៅ​ផ្នែក​កូរ៉េខាងត្បូងនោះ ប្រឈមនឹងហានិភ័យ​ដ៏ខ្ពស់។

ទោះជាយ៉ាង​ណាក្ដី ក៏​លោក Lee និយាយ​ថា លោក​នឹង​នៅតែបន្ដព្យាយាម​ធ្វើការ​បង្ហោះ​ និង​ផ្ញើ​ឯកសារ​ទាំងឡាយ​នោះ​ឲ្យ​ធ្លាក់ចូល​ទៅក្នុង​ទឹកដីនៃប្រទេស​កូរ៉េខាង​ជើង​ ជាដដែល ដោយ​និយាយថា ខិត្ដប័ណ្ណទាំងនោះ គឺ​ជា​ប្រភព​ដ៏​សំខាន់​មួយ​ក្នុងការ​ផ្ដល់​ព័ត៌មាន​ពីខាងក្រៅ​ សម្រាប់ប្រជាជន​កូរ៉េខាងជើង​ ហើយដែល​អាចនឹ​ងបង្កើន​ការ​ទាមទារ​ណាមួយ​ដើម្បី​ឲ្យ​មានកា​រផ្លាស់ប្ដូរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684