ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់ បក់បោក​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​១៦​ខ្នង និង​ដំណាំ​មួយចំនួន នៅ​ស្រុក​សាលា​ក្រៅ

 

ប៉ៃលិន ៖ លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​យ៉ាងហោចណាស់​ចំនួន​១៦​ខ្នង ត្រូវ​បាន​ដួល​រំលំ និង​ប៉ើង​ដំបូល ខូចខាត​សម្ភារៈ​មួយចំនួន ព្រមទាំង​ផលដំណាំ ខណៈ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​បក់បោក​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៥ ស្ថិត​ក្នុង​ភូមិ​អូរ​ទឹក​ភ្លាវ និង​ភូមិ​អូរ​ចិត្ត​ប្រាំ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

លោក ហ៊ឹម ឃ្លឿ មេឃុំ​អូរអណ្តូង បាន​ឲ្យ​ដឹង​ថា លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ ក្នុង​ឃុំ​អូរអណ្តូង ដោយ​ក្នុងនោះ​មាន​ភូមិ​អូរ​ទឹក​ភ្លាវ ចំនួន​១១​ខ្នង ត្រួវបាន​ដួលរលំ​ធ្ងន់ធ្ងរ និង​ភូមិ​អូរ​ចិត្ត​ប្រាំ មាន​ចំនួន​៥​ខ្នង ខួច​ខាត​មិន​ធ្ងន់ធ្ងរ​ទេ ដោយ​គ្រាន់តែ​ប៉ើង​ដំបូល​បន្តិច​ប៉ុណ្ណោះ ខ​ណៈ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​បក់បោក​ខ្លាំង​។ លោក​បន្តទៀត​ថា ករណី​ខាងលើ​លោក​បាន​រាយការ​ណ៍ ប្រាប់​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ និង​កាកបាទក្រហមកម្ពុជា​ខេត្ត​រួចរាល់​ហើយ​ដែរ។

លោក សំ សារ៉េត អភិបាលស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក ថ្ងៃទី​២ ខែមេសា​នេះ​ថា លោក​មិន​បានដឹង​អំពី​ព័ត៌មាន​នេះ​ទេ ព្រោះ​លោក​នៅ​ភ្នំពេញ​ជាប់រវល់​ប្រជុំ តែ​លោក​បាន​ផ្ទេរសិទ្ធិ​ឲ្យ​លោកស្រី មាស សំនៀង អភិបាលរង​ស្រុក​សាលា​ក្រៅ​រួចហើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា បើ​មាន​ករណី​ហ្នឹង​មែន គួរតែ​ផ្តល់​ដំណឹង​ឲ្យ​លោក​បាន​ដឹងផង។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាស្រុក បាន​ឲ្យ​ដឹង​ថា​ នៅ​ពេលនេះ​អាជ្ញាធរ បាន​បញ្ជូន​ក្រុមការងារ​ឲ្យ​ចុះទៅ​អន្តរាគមន៍ ជួយ​ដល់​ប្រពល​រដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​រលំ​ផ្ទះ និង​បាន​ឲ្យ​អាជ្ញាធរ​ភូមិ​-​ឃុំ​រៀបចំ​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​ជូន​ពួកគាត់ និង​ធ្វើ​របាយការណ៍​អំពី​ទំហំ​នៃ​ការខូចខាត​។ ប្រភព​បន្ត​ថា គ្រោះមហន្តរាយ​ខ្យល់​កន្ត្រាក់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ខ្នង ឯ​ដំណាំ​មួយចំនួន រួម​ទាំង​ដើមឈើ​ផ្សេងៗ​ដែល​នៅក្បែរ​លំនៅឋាន​ប្រជាពលរដ្ឋ និង ត្រូវ​ខូចខាត របើក​ដំបូល របើក​ជញ្ជាំង បាក់​សសរ ខ្លះ​បាក់​ទាំងស្រុង​ធ្លាក់​មក​ដី ព្រមទាំង​ខូចខាត​សម្ភារៈ​អស់​មួយ​ចំនួន​ទៀត​ដូចជា សំលៀកបំពាក់ ចានឆ្នាំង ស្រូវ​អង្ករ និង​ពាងទឹក​ផង​ដែរ។ ប្រភព​បន្ត​ទៀត​ថា កាលពី​ថ្ងៃទី​០១ ខែមេសា ម្សិលមិញ លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ចាត់តាំង​អោយ លោក ញ៉ឹក ថុល អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ និង លោក គង់ ណន នាយ​ប៉ុស្តិ៍​នគរបាល អូរអណ្តូង​និង​សហការី ដើម្បី​ដឹក​នាំ​យក​អំណោយ​មាន មី​និង​ថវិកា​មួយចំនួន មក​ប្រគល់​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ខូចខាត លំនៅ​ដ្ឋាន នៅ​ភូមិ​អូរ​ទឹក​ភ្លាវ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ផង​ដែរ៕

សេងសុវណ្ណរិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684