ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-20-15-y-full

សម្ដេចក្រុមព្រះ​សង្ឃឹមថា គ​.​ជ​.​ប ថ្មី​នឹង​ធ្វើឱ្យ​ពលរដ្ឋ​កម្ពុជា​មានការ​ពេញចិត្ត​

ភ្នំពេញ ៖ សម្តេចក្រុមព្រះ នរោត្តមរ​ណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​សង្ឃឹមថា គ​.​ជ​.​ប ថ្មី​នឹង​ធ្វើឱ្យ​ពលរដ្ឋ​កម្ពុជា​មានការ​ពេញចិត្ត ហើយ​ព្រះអង្គ​ក៏បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ការផ្លាស់ប្ដូរ​បង្កើតឱ្យមាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ថ្មី​នេះ​។​

​ ​សម្តេចព្រះ​ប្រធាន​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​ព្រះបន្ទូល​យ៉ាង​ដូច្នេះ​នៅ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មុនពេល​ព្រះអង្គ​យាង​ចេញទៅ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៥​នេះ តប​តាម​ការយាង និង​អញ្ជើញ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​។​

​ ​សម្តេចក្រុមព្រះ​មានបន្ទូល​បន្តថា គោលដៅ​ធំ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​រយៈពេល​ពីរ​ថ្ងៃ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ជជែក​ផ្លាស់ប្ដូរ​យោបល់​ជាមួយនឹង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាមានិត​ចិន​។ ក្រៅពីនេះ​ព្រះអង្គ​នឹង​ចូល​ក្រាបថ្វាយបង្គំ​ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សម្ដេចម៉ែ ក្នុងឋានៈ​ជា​កូនចៅ ក្នុងនាម​ព្រះអង្គ​ជា​ព្រះមហាក្សត្រ​អ​ព្យា​ក្រឹត្យ​មួយអង្គ​។​

​ ​ព្រះអង្គ​បន្ថែមថា ដំណើរ​ទស្សនកិច្ច​នេះ ក៏​ធ្វើឡើង​តាម​ព្រះរាជបន្ទូល​ផ្តាំផ្ញើ​របស់​សម្ដេច​តា សម្ដេច​តា​ទួត ដែល​ព្រះអង្គ​បាន​មាន​ព្រះរាជទាន​នូវ​ព្រះ​យោបល់​ចុងក្រោយបង្អស់ ណែនាំ​ឲ្យ​កូនចៅ ចៅទួត​របស់​ព្រះអង្គ​ដើម្បី និង​ប្រមែប្រមូល​អ្នករាជានិយម​ឲ្យ​ក្លាយទៅជា​កម្លាំង​ជាតិ បូក​ជាមួយ​កម្លាំង​ជាតិ​មួយទៀត គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​នឹង​ដោះស្រាយ​នូវ​បញ្ហា​ជាតិ​មួយចំនួន​។ ដូច្នេះហើយ​បានជា​ព្រះអង្គ​កំពុងតែ​ខំប្រឹងប្រែង​ដើម្បី​រៀបចំ​បងប្អូន​កូនចៅ​អ្នករាជានិយម​ជាថ្មី​ឡើងវិញ​។ ក្នុង​គោលដៅ​នេះ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​ចិន​សំខាន់​ដើម្បី​ទំនាក់ទំនង​ជំនួយ​ពី​ខាងក្រៅ​ខ្លះ ជាពិសេស​ជំនួយ​ពី​ប្រទេស​ចិន ដែល​លោក​ធ្លាប់តែ​ជួយ​អ្នករាជានិយម (​គណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច​)​។​

​ ​ព្រះអង្គ​បានបញ្ជាក់​ថា ព្រះអង្គ​នៅតែមាន​សង្ឃឹមថា គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​របស់​ព្រះអង្គ​នឹង​ក្លាយជា​ដៃគូ​ពិតប្រាកដ មាន​អាសនៈ​នៅក្នុង​រដ្ឋសភា នា​ឆ្នាំ​២០១៨​ខាងមុខនេះ​ជាក់​ជាមិនខាន ហើយ​យើងទាំងអស់គ្នា​នឹង​បាន​ដោះស្រាយ​រួមគ្នា​នូវ​បញ្ហា​ជាតិ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684