ព័ត៍មានទាន់​ហេតុការណ៏
Search
69

សាកលវិទ្យាល័យ​ប៊ែ​ល​ធី អន្តរជាតិ ចុះ​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ចំនួន​២១​គ្រួសារ​នៅ​សង្កាត់​ស្ពានថ្ម ​ខណ្ឌ​ដង្កោ

ភ្នំពេញ ​៖ ​លោក លី ណា​វុ​ឌ្ឍ សកលវិទ្យាធិការ​រង តំណាង លោក លី ឆេង សកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ រួមជាមួយ​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង​និស្សិត បាន​ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ប្រជាជន​ជួប​ការលំបាក​ចំនួន ២១​គ្រួសារ នៅ​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ កាលពី​រសៀល​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០១៥។

លោក រស់ រឿន ចៅសង្កាត់​ស្ពានថ្ម បានធ្វើ​របាយការណ៍ អំពី​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុង​សង្កាត់​ស្ពានថ្ម។ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង​និស្សិត នៃ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ដែល​បាន​នាំយក​សម្ភារៈ និង​ថវិកា​មក​ផ្តល់ជូន​ប្រជាជន​ដែល​ជួប​ការលំបាក​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ នៅក្នុង​សង្កាត់​របស់គាត់​នេះ​។

លោក លី ណា​វុ​ឌ្ឍ សកលវិទ្យាធិការ​រង សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​មានប្រសាសន៍​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​២១​គ្រួសារ​ថា ក្រោយពី​ទទួលបាន​របាយការណ៍​ពី​លោក រស់ រឿន ចៅសង្កាត់​ស្ពានថ្ម អំពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ ទើប​ថ្ងៃនេះ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង​និស្សិត នៃ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​នាំ​យក​នូវ​សម្ភារៈ និង​ថវិកា មក​ផ្តល់ជូន​ប្រជាជន​ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ចំនួន​១០​គ្រួសារ ដោយ​ទទួលបាន អង្ករ​៥០​គីឡូក្រាម ត្រី​ខ​កំប៉ុង​១​ឡូ ទឹកត្រី​៦​ដប ក្រមា​១ សារុង​១ មី​១​កេស ទឹកបរិសុទ្ធ​១​កេស និង​ថវិកា ៤​ម៉ឺន​រៀល និង​ប្រជាជន​ដែល​ទើប​ប្រសូត​បុត្រ ទាំង​១១​គ្រួសារ​ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ១០​ម៉ឺន​រៀល ក្នុង​មួយ​គ្រួសារ​ផងដែរ​។​

ឆ្លៀត​ក្នុងឱកាស​នោះ លោក លី ណា​វុ​ឌ្ឍ ក៏បាន​ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង​និស្សិត និង​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា និង​សម្ភារៈ​ក្នុង​កម្មវិធី​សប្បុរសធម៌​នា​ថ្ងៃនេះ​។ លោក ក៏បាន​បញ្ជាក់​ផង​ដែរ​ថា កន្លងមក ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង​និស្សិត ក៏បាន​ចែក​ជូន​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស សាលាបឋមសិក្សា​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ផងដែរ។

បន្ទាប់មក​លោក នុត យ៉េ​ង តំណាង​ប្រជាជន​ដែល​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ បាន​មាន​មតិ​ថ្លែងអំណរគុណ​ចំពោះ លោក លី ណា​វុ​ឌ្ឍ សកលវិទ្យាធិការ​រង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម លី ឆេង សកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ រួមជាមួយ​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង​និស្សិត​ទាំងអស់ ដែល​បាន​នាំ​យក​អំណោយ​ជូន​ដល់​ប្រជាជន​ជួប​ការ​លំបាក នាពេលនេះ។

ជាទី​បញ្ចប់ លោក លី ណា​វុ​ឌ្ឍ និង​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង​និស្សិត​ទាំងអស់ ក៏បាន​ចុះ​ពិនិត្យមើល​សាលា​ធម្ម​ភា (​សាលាឆាន់​) ដែល​កំពុង​សាងសង់​ក្នុង​វត្ត​ចំការ​ខ្សាច់ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684