ព័ត៍មានទាន់​ហេតុការណ៏
Search
01

សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់​គ្រឿងចក្រ​ ធ្វើ​សកម្មភាព​ឈូស​ឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​

កំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​រួមមាន​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត និង​អាជ្ញាធរ ឃុំ ស្រុក នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៥ បាន​សហការ​គ្នា​ចុះ​ពិនិត្យ​ទីតាំង​ដី ព្រៃ​លិច​ទឹក ​ដែល​រង​ការ​ឈូសឆាយ​បំផ្លាញ នៅ​ចំណុច​ដំបូក​ក្រហម ស្ថិតក្នុង ភូមិ​កំព្រ​ង ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ​ហើយ​បានសម្រេច​ឃាត់​គ្រឿងចក្រ​មួយ​គ្រឿង​ក្នុងចំណោម​២​គ្រឿង​នាំមក​យក​ រក្សាទុក​នៅ​សាលាស្រុក​បរិបូណ៌ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ បន្ទាប់ពី​ដឹងថា សកម្មភាព​ឈូសឆាយ​ទាំងនោះ មិនមែន​ជា​ការ​ឈូស​ពង្រាប​ដីស្រែ​តាម​ការ​ស្នើ​សុំ​ឡើយ គឺជា​ការ​លួច​ឈូសឆាយ​ព្រៃ​លិច​ទឹក​វាត​យក​ដី​ធ្វើជា​កម្មសិទ្ឋិ ​ក្រោយពី​មានការ​ចុះផ្សាយ​របស់​កាសែត និង​ទូរទស្សន៍​ក្នុងស្រុក​ជា​បន្តបន្ទាប់​រួចមក​។​

​ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ បានឲ្យដឹងថា ក្រោយពី​សមត្ថ​កិច្ច​ចម្រុះ​និង​មន្ត្រី​គ្រប់​ជំនាញ​បាន​ពិនិត្យឃើញថា អា​បុល​ឈូស​ដី មួយគ្រឿង​ក្នុងចំណោម​២​គ្រឿង​ពិតជា​បាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​មែន ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ឆ្លង​យោបល់​អាជ្ញាធរខេត្ត និង​បាន​សម្រេច​ចាប់ ​និង​ឃាត់​ទុកជា​បណ្ដោះអាសន្ន​នៅ​សាលាស្រុក​បរិបូណ៌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវីធីច្បាប់​។ លោក​បាន​បញ្ជាក់ថា ក្នុង​លិខិត​សើ្ន​សុំ​របស់​ប្រជាពលរដ្ឋ​គឺ​សុំ​ឈូស​ពង្រាប​ដី​ស្រែប្រាំង​ ប៉ុន្តែ​ក្នុង​លិខិត​នោះ លោក​បាន​ចារ​ដាក់ថា សុំឲ្យ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​មើល​សិន តែ​មន្ត្រី​ជំនាញ​មិនទាន់​វាយតម្លៃ​បែបណា​ផង ម្ចាស់​គ្រឿងចក្រ​នោះបាន​លួច​ឈូសឆាយ​ទៅ​ហើយ ដូច្នេះ​អ្នក​ប្រព្រឹត្ត​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៥ មាន​គ្រឿងចក្រ​២​គ្រឿង​ត្រូវបាន​គេ​ដាក់​មកឈូស​ពង្រាប​ដីស្រែ​តាម​ ការស្នើសុំ​របស់​ប្រជាពលរដ្ឋនៅក្នុង​ចំណុច​ខាងលើនេះ ក្នុងនោះ​មួយ​គ្រឿង​របស់​ឈ្មោះ រ៉ុង និង​មួយគ្រឿង​ទៀត​ជា​របស់​ឈ្មោះ សៅ ប៊ុនធឿន​។ ចាប់តាំងពី​បានដាក់​គ្រឿងចក្រ​នោះមក​ម្ចាស់​គ្រឿងចក្រ ឈ្មោះ​រ៉ុង ដែលមាន​កម្លាំង​ម៉ាស៊ីន​ធំ បាន​ឈូស​ដីព្រៃ​លិច​ទឹក​រហូតមក ចំណែក ម្ចាស់​គ្រឿងចក្រ​ឈ្មោះ សៅ ប៊ុនធឿន មាន​កម្លាំង​តូច គឺ​បាន​ឈូស​តែ​ដីស្រែ​លើ ៗ​តែប៉ុណ្ណោះ ហេតុនេះហើយ​ទើប​ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​តែ​គ្រឿងចក្រ​ ដែល​បំពាន​ច្បាប់​តែប៉ុណ្ណោះ។

​ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូណ៌ សូម​ថ្លែងអំណរគុណ​ដល់​សមត្ថ​កិច្ច​ចម្រុះ​ដែល​បាន​ចំណាត់ការ​បន្ទាន់​ ក្នុងការ​បង្ក្រាប​បទល្មើស​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​នេះ ពុំ​នោះទេ​ដី​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង​កូន​នៅ​តំបន់​នេះ ពិតជា​ត្រូវ​ហិនហោច​ដោយសារតែ​ជនល្មើស​មួយ​ក្តាប់​តូច​ទាំងនេះ​មិនខានឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684