ព័ត៍មានទាន់​ហេតុការណ៏
Search
1

អ្នកទោស​នៅ​ពន្ធនាគារ​ខេត្តកណ្តាល រាប់បាត្រ​ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់​នា​ឱកាស​បុណ្យចូលឆ្នាំ

កណ្ដាល​ ៖ មន្ត្រី​អនុរក្ស​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៥ បាន​ប្រារព្ធ​ពិធីសូត្រមន្ត​រាប់បាត្រ និង​បង្សុកូល ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ឋ​អ្នក​ដែល​បាន​ស្លាប់​ទៅ ត្រូវជា​សាច់ញាតិ នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​។

លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ពេល​ខាងមុខនេះ ដោយ​មើល​ឃើញ​ថា បងប្អូន​ជា​ទណ្ឌិត​ដែល​កំពុង​នៅ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ចង់​ធ្វើបុណ្យ​បង្សុកូល ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ឋ​ជា​សាច់ញាតិ​ដែល​បាន​ស្លាប់​ទៅ​នោះ ថ្នាក់ដឹកនាំ ពន្ធនាគារ រួម​នឹង​មន្ត្រី​អនុរក្ស​បាន​រៀបចំ​ធ្វើ​ចង្ហាន់ និង​និមន្ត​ព្រះសង្ឃ​ចំនួន​១២​អង្គ​មក​សូត្រ​ជ័យន​តោ ប្រោះព្រំ និង​ឲ្យ​ទណ្ឌិត​រាប់បាត្រ​ដើម្បី​ឲ្យ​ព្រះសង្ឃ​ឧទ្ទិស​បាន​ទៅដល់​ជីដូន​ជីតា​ញាតិ​សន្តាន​របស់​ខ្លួន​ដោយ​ប្រារព្ធ​ធ្វើឡើង​នៅ​កន្លែង​រោង​បាយ​ក្នុង​ពន្ធនាគារ​។

លោក​ប្រធាន​ពន្ធនាគារ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជា​រៀងរាល់​ឆ្នាំ​ឲ្យ​តែ​ជិត​ដល់​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ពន្ធនាគារ​ខេត្តកណ្តាល​តែងតែ​ប្រារព្ធ​ធ្វើ​ពិធីសូត្រមន្ត និង​ឲ្យ​មន្ត្រី​ក៏ដូចជា​ទណ្ឌិត​បាន​រាប់​បាត​ដល់​ព្រះសង្ឃ ព្រោះថា អ្នកទោស​នៅក្នុង​ពន្ធនាគារ​មិន​មាន​ឱកាស​បាន​ទៅ​ធ្វើ​បុណ្យ​នៅ​តាម​វត្ត​នោះ​ទេ លុះត្រា​ណា​ដល់​ថ្ងៃ​កំណត់​ផុត​ទោសទណ្ឌ​ទើប​មាន​សិទ្ធ​សេរីភាព​ឡើងវិញ​។

ទណ្ឌិត​ឈ្មោះ កុល សារ​ត្ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាប់ទោស​ពី​បទ​ភេរវកម្ម និង​ក្រុម​ជន​ប្រដាប់​អាវុធ ហើយ​សព្វ​ថ្ងៃ​នេះ នៅតែ​៤​ឆ្នាំ​ទៀត បាន​រួចផុត​ទោសទណ្ឌ​ថ្លែង​ឲ្យ​ដឹង​ថា រូប​គាត់​ក៏​ដូច​ជា​ទណ្ឌិត​ផ្សេងៗ​ទៀត មាន​សេចក្តី​ត្រេកអរ និង​រីករាយ​យ៉ាង​ខ្លាំង​ដោយ​បាន​រាប់បាត្រ​ដល់​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ទៅ​សាច់ញាតិ​បងប្អូន​ដែល​បាន​ចែក​ឋាន​ទៅ​នោះ បើ​ទោះ​បី​រូប​លោក​មានទោស​កំពុង​ជាប់ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ក៏ដោយ តែ​បាន​ធ្វើ​បុណ្យ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ទូទាំង​ប្រទេស​ដែរ​។ ចំណែកឯ​ទណ្ឌិត​នារី​ឈ្មោះ​ កុល សា​រ័ត្ន អាយុ​៣៤​ឆ្នាំ ជាប់ទោស​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត ហើយ​តុលាការ​បានសម្រេច​ផ្ដន្ទាទោស​ចំនួន​១០​ឆ្នាំ ហើយ​នៅតែ​ចំនួន​៣​ឆ្នាំ​ទៀត បាន​រួច​ទោស​នោះ​បាន​បង្ហាញ​ទឹកចិត្ត​ឲ្យ​ដឹង​ថា គាត់​សូម​អរគុណ​ដល់​អ្នកគ្រប់គ្រង​ពន្ធនាគារ​ខេត្តកណ្តាល​ដែល​បាន​រៀបចំ​ធ្វើ​ពិធី​សូត្រ​មន្ត​ និង​រាប់បាត្រ​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ បងប្អូន​ទណ្ឌិត​ទាំងអស់​បាន​អុច​ធូប ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ឋ​សាច់ញាតិ​ដែល​បាន​ស្លាប់​ទៅ និង​បាន​ឲ្យ​ព្រះសង្ឃ​ប្រោះព្រំ​កំចាត់​ឧបទ្រព​ចង្រៃ ព្រមទាំង​បាន​ស្តាប់ធម៌​សូត្រ​មន្ត​ទៀត​ផង​។ ទណ្ឌិត​រូប​នោះ​ក៏បាន​ឲ្យ​ដឹង​ទៀត​ថា ការរស់នៅ​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​នេះ ទាំង​ការ​ដេក នៅ ក៏ដូចជា​ការ​ហូបចុក គឺ​មាន​របៀបរៀបរយ អនាម័យ​ល្អ ជាពិសេស​មានឱកាស​ឲ្យ​ទណ្ឌិត បាន​លេង​កីឡា បាន​រៀន​សូត្រ គ្រប់មុខ​ជំនាញ​ទៀត​ផង តែ​យ៉ាងណាក៏ដោយ ស្ត្រី​ទណ្ឌិត​រូប​នោះ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​កុំ​សាង​អំពើអាក្រក់​ឲ្យ​មានទោស​ទណ្ឌ​ឲ្យ​សោះ ព្រោះថា ការ​នៅក្នុង​ពន្ធនាគារ​មិន​ដូច​នៅ​ក​ក្នុងផ្ទះ​យើង​ទេ ហើយ​រូប​គាត់​ក៏​ស្បថ​ថា ពេល​ចេញពី​ពន្ធនាគារ​វិញ​នឹង​ខិតខំ​ធ្វើ​បុណ្យ ធ្វើ​អំពើ​ល្អ​គ្រប់ពេល​។

សូម​បញ្ជាក់​ថា ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​សព្វថ្ងៃ​មាន​អ្នកទោស​ទាំង​ពិរុទ្ធជន និង​ទណ្ឌិត​ចំនួន​ជាង​១០០៥​នាក់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684