Connect with us

ព័ត៌មានជាតិ

កណ្តុរស្រែ ក្លាយជាអាហារដ៏ពេញនិយមសម្រាប់អ្នកកំពង់ឆ្នាំង

បានផុស

នៅ

សត្វ​កណ្តុរស្រែ​បានក្លាយ​ជា​អាហារសម្រន់​ដ៏​ពេញនិយម​សម្រាប់​អ្នក​ចូលចិត្ត​មួយចំនួន ប៉ុន្តែ​កណ្ដុរស្រែ​អាំង​មិន​សុទ្ធតែជា​ជម្រើស​អាហារសម្រន់​ដ៏​ឈ្ងុយឆ្ងាញ់​សម្រាប់​មនុស្ស​គ្រប់រូប​នោះទេ តែ​នៅ​ទីជនបទ​នៃ​ខេត្ដ​កំពង់ឆ្នាំង កណ្ដុរស្រែ​អាំង​កំពុង​ពេញនិយម ដោយសារ​វា​ជា​អាហារ​មានតម្លៃ​ថោក ​និង​ងាយស្រួល​ចម្អិន​ ​ដោយ​កណ្ដុរ​អាំង​ធុន​តូច​មួយ​ក្បាល​មានតម្លៃ ១,០០០រៀល ទៅ២,០០០​រៀល​តែប៉ុណ្ណោះ ។​

បើតាម​ស្ត្រី​អ្នកទទួល​ទិញ​សាច់​កណ្តុល​នៅក្រោម​ដើម​ពោធិ៍ ​កំពង់ដរ​ផ្សារ​ក្រោម​ ខេត្ត​កំពង់​ឆ្នាំ ដែល​កំពុង​ច្រក់​សាច់​កណ្តុរ​ដែលគេ​បាន​ពន្លាត់ស្បែក​រួច​ដាក់​ចូលទៅក្នុងថង់​បាន​ឲ្យ​ដឹងថា ​ជា​រៀងរាល់​ព្រឹក​គាត់​តែង​តែ​មក​ចាំ​ថ្លឹង​ប្រមូល​ទិញ​សាច់​កណ្តុរ​ដែល​ម៉ូយ​របស់គាត់​តាម​ភូមិ​នីមួយៗ​តាម​ដង​ទន្លេ​ដឹក​យកមក​លក់ ហើយ​ការ​ប្រ​មូល​ទិញ​សាច់​កណ្តុរនេះ ​ក្នុង​មួយ​ព្រឹក​បាន​ចាប់ពី៧០គីឡូក្រាម ទៅ​១០០​គីឡូក្រាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​រូបនោះ​បាន​ឲ្យ​ដឹងថា ​សាច់​កណ្ដុរ​ស្រស់​នេះ​ គាត់​ទិញ​ពី​ម៉ូយ​ដឹក​យកមក​លក់​ឲ្យ​១​គីឡូក្រាម​តម្លៃ​៦០០០​រៀល​ទៅ​៧០០០​រៀល​ នៅពេល​គាត់​យកទៅ​បោះ​ឲ្យ​ម៉ូយ​តាម​ផ្សារ​ និង​កន្លែង​លក់​ផ្សេងៗ​បន្តទៀត​តម្លៃ១ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម​។

ស្ត្រី​អ្នកប្រមូល​ទិញ​កណ្តុរ​បន្តថា​ ជាធម្មតា​នៅពេល​ទឹកទន្លេ​ចាប់ផ្តើម​ឡើង​ បងប្អូន​ប្រជា​ពលរដ្ឋ​តែងតែ​ចាប់​សត្វ​កណ្តុរ​មក​លក់ ព្រោះ​ទឹក​ចាប់ផ្តើម​បែក​វាល​ធ្វើ​ឲ្យ​សត្វ​កណ្តុរ​ត្រូវរ​ត់រក​ទីទួល​និង​ចុងឈើ ក៏ប៉ុន្តែ​ដោយ​សារ​ទឹក​ទើប​ចាប់ផ្តើម​ឡើង​ ដូចនេះ​ការចាប់កណ្តុរ​មិនសូវ​បាន​ច្រើន​ទេ បើ​ទឹកទន្លេ​ឡើង​ធំ​លិច​ទួល ​ខ្នង​កោះ​ តាម​ចម្ការ​និង​តំបន់​ឆ្ងាយៗ​នោះ ​ពួកគេ​ចាប់បាន​ច្រើន​ ថ្ងៃ​ខ្លះ​មាន​រហូត៣០០ ទៅ៤០០គីឡូក្រាម ក៏​មានដែរ ។​

ស្ត្រី​រូបនោះ​បន្តថា​ ដោយសារ​សត្វ​កណ្តុរ​ស្រែ​ស្អាត​ ពួកវា​ស៊ី​ស្រូវ​,​ស៊ី​សំបកឈើ​,​ស៊ី​ស្មៅ​.​និង​ស៊ី​ដំណាំ​ផ្សេងៗ​ មិន​ដូច​សត្វ​កណ្តុល​នៅតាម​ទីក្រុង​នោះឡើយ​។​ ស្ត្រី​ប្រមូល​ទិញ​កណ្តុរ​បន្ត​ឲ្យ​ដឹងថា ​នៅ​ពេលដែល​កណ្តុរ​ត្រូវ​ច្រើន​មាន​ឈ្មួញ​មក​ប្រមូល​ទិញ​ដឹក​យកទៅ​ប្រទេស​វៀតណាម​ទៀតផង ។​

ប្អូនប្រុស​តុលា​ជា​អ្នក​ចាប់​កណ្តុរ​យកមក​លក់​នៅ​កំពង់​ផែ​ផ្សារ​ក្រោម​បាន​និយាយថា​ កណ្តុល​ដែល​គាត់​ចាប់​យកមក​លក់ ​វា​ជា​សត្វ​កណ្តុរ​ត្រូវ​ទឹក​លិច​ព្រៃ នៅពេល​ចេញ​ចាក់​ម្តងៗ​មាន​គ្នា​ពី​៤ ទៅ​៥​ទូក​ ពេលខ្លះ​សំបូរ​ម្នាក់ៗ​អាច​ចាប់បាន​ពី១០ ទៅ២០គីឡូក្រាម​ ដែលជា​មុខរបរ​រួមផ្សំ​ពី​ការនេសាទ​ត្រី​ខ្លះៗ​ទំនេរ​ពី​ការធ្វើ​ស្រែ​ចម្ការ​ធ្វើ​ឲ្យ​ជីវភាព​បាន​ធូ​ស្រាល​មួយគ្រាៗ ​នៅពេល​រដូវ​ទឹក​ឡើង​។ ពេលខ្លះ​ចាប់បាន​តិចតួច​ពេក​ក៏​ទុក​ធ្វើ​ម្ហូប​ក៏មាន។ ប្អូនប្រុស​បាន​បន្តថា ​អ្នកភូមិរបស់គាត់ អ្នកណា​ក៏​ចេះ​ហូប​សាច់កណ្តុរ​នេះដែរ ពេល​អាំង​ជា​មួយ​អំបិលម្ទេស​ទៅ ​សាច់​វា​ស្រដៀង​សាច់សត្វ​ទ​ស្សាយ គាត់ចូលចិត្ត​ញ៉ាំ ហើយ​ញ៉ាំ​វា​រាល់​តែ​ថ្ងៃ​ទៅហើយ ។

SONY DSC

កណ្ដុរស្រែ​ត្រូវបាន​ទទួលទាន​ជាទូទៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ពេល​ប្រជាជន​ខ្មែរ​ស្ថិតនៅក្រោម​ការ​ត្រួតត្រារ​បស់​ខ្មែរក្រហម​ ខណៈដែល​សត្វ​ល្អិត​ជាច្រើន​ប្រភេទ​ទៀត​ត្រូវបាន​ចាត់ទុក​វា​ជា​អាហារ​ស្រោច​ស្រង់​ជីវិត ។ ពេលនេះ​កណ្ដុរ​ឆ្អិន​ក្លាយជា​អាហារ​ថ្ងៃត្រង់​មាន​តម្លៃថោក​សម្រាប់​កម្ម​ករ និងកសិករ ទោះជា​មានការ​និយាយ​ខុសៗ​គ្នា​ពី​រស់ជាតិ​វា​យ៉ាងណាក៏ដោយ​។ អ្នកខ្លះ​ថា​សាច់​កណ្ដុរ​មិន​ខុសពី «​សាច់មាន់ ឬ​សាច់គោ​» នោះទេ​ ខណៈ​អ្នក​ដទៃទៀត​និយាយថា ​វា​មាន​រសជាតិ​ស្រដៀង​សាច់ជ្រូក​ច្រើនជាង ។ សព្វថ្ងៃនេះ​មិនមែន​តែ​ប្រជាជន​ខ្មែរ​ទេ​ដែល​យក​សត្វ​កណ្តុរ​មក​ធ្វើជា​អាហារ​នោះ ។ កណ្តុរស្រែ​ដែល​គេ​ទិញ​យកមក​ធ្វើ​ម្ហូប​និង​នាំ​ចេញទៅ​ប្រទេស​វៀតណាម​នេះ​មិនមែនជា​ប្រភេទ​កណ្តុរ​រស់នៅ​តាម​ភូមិ​ឬ​កណ្តុរ​ដែល​នៅលើផ្ទះ​យើង​សព្វថ្ងៃ​ទេ​កណ្តុរ​នោះ​ជា​កណ្តុរ​នៅតាម​ស្រែ តាម​បឹង​គេ​ហៅថា​ជា​កណ្តុរស្រែ ។ ជនជាតិ​វៀតណាម​ពួកគេ​ហូប​សាច់​កណ្តុរ​មិន​រើសអើង​ទេ​មិន​ថា​អាំង ខ ស្ល ស្ងោរ​ទេ ឲ្យ​តែ​ឆ្អិន​គឺ​គេ​ហូប​ទាំង​អស់ហើយ​អ្វីដែល​ពួកគេ​ចូលចិត្ត​បំផុត​ទៀត​នោះ គឺ​ស្ងោរ​និង​ចំហុយ​លើ​បាយ ។ ដោយឡែក​ខ្មែរ​យើង​មិន​ទទួលទាន​ដូចជា​ជនជាតិ​វៀតណាម​ទេ គឺ​ភាគច្រើន​ហូប​ក្រៀមៗ​ដូចជា អាំង ឬក៏​បំពង​ខ្លាញ់​ជាដើម​។​

លោក ជុង អាជីវករ​ប្រមូល​ទិញ​សាច់​កណ្តុរស្រែ​ម្នាក់​មកពី​ខេត្ត ដុងថាប ប្រទេស​វៀតណាម​ធ្លាប់​បាន​បញ្ជាក់​ឲ្យ​ដឹងថា​ តម្លៃ​លក់ដុំ​កណ្តុរស្រែ​កើនឡើង​ដល់ ៣៣,០០០​ដុង​(​លុយ​វៀតណាម​)​ប្រហែលជា ៦,០០០​រៀល​ក្នុង​១​គីឡូក្រាម កណ្តុរស្រែ​ជួនកាល​មាន​ច្រើន​និង​ជួនកាល​មាន​តិច​អាស្រ័យទៅលើ​រដូវ​ប្រមូល​ផល ស្រែ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​កណ្តុរ​មាន​ពេញ​មួយឆ្នាំ​ដូច្នេះ​ការលក់ដូរ​សត្វ​កណ្តុរស្រែ​នេះ​ក៏​អាច​រកស៊ី​បានដែរ ។​

ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​នេះ​បាន​និយាយថា​មួយថ្ងៃៗ​អាជីវករ​ខ្មែរ​បាន​ដឹក​សត្វ​កណ្តុរស្រែ​លើស ២ តោន​ទៅកាន់​ប្រទេស​វៀតណាម ។ នៅ​ប្រទេស​វៀតណាម មាន​ភោជនីយដ្ឋាន​ច្រើនណាស់​និយម​ធ្វើ​ម្ហូប​កណ្តុរ​ហៅ​កណ្តុរ​បំពង​ឬ​កណ្តុរ​រ៉ូ​តទី​ដ៏​ឈ្ងុយឆ្ងាញ់​និង​ពេញនិយម​ទទួលទាន ៕

អត្ថបទ ​៖ ​ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម