Connect with us

ព័ត៌មានជាតិ

កូរ៉េ​ចង់​ឲ្យ​មាន​កិច្ច​សន្ទនា​សុខុមាលភាព​ជាមួយ​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ​រាតត្បាត​កូ​វីដ​-១៩

បានផុស

នៅ

​នេះ​ជាការ​បញ្ជាក់​នៅក្នុង​លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​សាធារណរដ្ឋ​កូរ៉េ សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជប៉ុន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី លើក​ទី​២២ ដែល​រៀបចំឡើង​ស្របពេល​ជាមួយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លើក​ទី​៥៤​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាមួយ​សាធារណរដ្ឋ​កូរ៉េ សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជប៉ុន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី​លើក​ទី​២២ តាម​ប្រព័ន្ធ​វីដេអូ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គ​ប្រជុំបាន​អបអរសាទរ​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង​បាន​រំលឹក​ឡើងវិញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ រួមមាន​តាមរយៈ​គោលនយោបាយ​ទិស​ខាងត្បូង​ថ្មី​បូក (NSPP) របស់​សាធារណរដ្ឋ​កូរ៉េ ។ ក្នុងន័យនេះ អាស៊ាន​បាន​គាំទ្រ​ចំពោះ​សំណើ​របស់​សាធារណរដ្ឋ​កូរ៉េ សម្រាប់​សេចក្តីប្រកាស​រួម​របស់​ថ្នាក់ដឹកនាំ ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ដែល​ស្របគ្នា​ជាមួយ​គោលនយោបាយ​ទិស​ខាងត្បូង​ថ្មី​បូក (NSPP) និង​យុទ្ធសាស្ត្រ និង​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​របស់​អាស៊ាន​។

អាស៊ាន​បាន​ស្វាគមន៍​សំណើ​របស់​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​រៀបចំ​ឱ្យមាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AMMDM) បូក​យន្តការ​សាធារណរដ្ឋ​កូរ៉េ​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ សម្រាប់​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​ដោះស្រាយ​បញ្ហា​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ រួមមាន​ការរៀបចំ​កិច្ច​សន្ទនា​សុខុមាលភាព​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​ជាដើម​។

កិច្ចប្រជុំ​ក៏បាន​កត់សម្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ពង្រឹង​ការភ្ជាប់​ទំនាក់ទំនង​ធុរកិច្ច និង​ធុរកិច្ច​រវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ និង​បានបញ្ជាក់​អំពី​សារៈសំខាន់ នៃ​ការពង្រីក​កិច្ចសហប្រតិបត្តិការ នៅក្នុង​វិស័យ​មួយចំនួន ដូចជា សុខភាព​សាធារណៈ និង​វ៉ាក់សាំង​ពហុភាគី​និយម ពាណិជ្ជកម្ម និង​វិនិយោគ ការជំរុញ​វិស័យ​សហគ្រាស​មី​ក្រ តូច និង​មធ្យម (MSMEs) ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍ​បៃតង ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ការអប់រំ​ឌីជីថល សំដៅ​សម្រួល​ដល់​ការស្តារ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ពី​ជំងឺ​រាតត្បាត និង​រក្សាបាន​នូវ​កំណើន​ក្នុង​រយៈពេល​វែង​។

រដ្ឋមន្ត្រីការបរទេស ក៏បាន​ឯកភាព​បន្តការងារ​លើ​ការថែរក្សា​សន្តិភាព សន្តិសុខ និង​វិបុលភាព​នៅក្នុង​តំបន់ រួមមាន​តាមរយៈ​ការ​ពង្រឹង​កិច្ចសហការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ និង​សន្តិសុខ​ប្រព័ន្ធ​អ៊ិន​ធឺរ​ណែ​ត​។ ភ្ជាប់​ជា​មួយគ្នានេះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក៏បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​នាំមក​នូវ​សន្តិភាព​យូរអង្វែង​ដល់​ឧបទ្វីប​កូរ៉េ និង​បាន​សាទរ​ចំពោះ​កិច្ចព្រមព្រៀង​ដែល​ទើប​សម្រេចបាន​នាពេល​ថ្មីៗ​នេះ ដើម្បី​បើក​ឱ្យ​ដំណើរការ​ជាថ្មី​នូវ​ការិយាល័យ​សម្របសម្រួល​អន្តរ​កូរ៉េ​។

​នៅក្នុង​កិច្ចប្រជុំ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកទឹកចិត្ត​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​រឹងមាំ​ឡើង​នៅក្នុង​វិស័យ​ការអភិវឌ្ឍ​ធនធានមនុស្ស ទីក្រុង​ឆ្លាត ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​ទីក្រុង​។ ឆ្លៀតឱកាស​នោះ លោក​បាន​ធ្វើការ​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ សម្រាប់​ការ​ផ្តល់ជំនួយ​វ៉ាក់សាំង និង​ការផ្គត់ផ្គង់​សម្ភារៈ​វេជ្ជសាស្ត្រ ជូន​ដល់​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម