Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះក្រសួងពាណិជ្ជកម្មទទួលរឿងក្តីវិវាទពាណិជ្ជកម្មចំនួន២៧ករណី

បានផុស

នៅ

ភ្នំពេញ៖ រហូតមកដល់ពេលបច្ចុប្បន្ននេះមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មបានទទួលរឿងក្តីវិវាទពាណិជ្ជកម្មចំនួន ២៧ករណី ខណៈវិវាទពាណិជ្ជកម្មរវាងប្រទេសសមាជិកនៃអង្គការពាណិជ្ជកម្មពិភពបានកើនឡើងពី ២៥ករណី នៅឆ្នាំ១៩៩៥ ទៅ ៦០៥ករណី នៅឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី មជ្ឈត្តការពាណិជ្ជកម្មនៅកម្ពុជា កាលពីពេលថ្មីៗនេះ លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា សម្រាប់កម្ពុជាដោយកត្តាសន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេស បរិយាកាសវិនិយោគមានភាពទាក់ទាញ និងលក្ខខណ្ឌអំណោយផលពីកត្តាខាងក្នុងនិងក្រៅ បានធ្វើឱ្យសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគមានការកើនឡើងគួរឱ្យគត់សម្គាល់។

លោកស្រីបានបន្តថា ប្រសិនបើធៀបទិន្នន័យនៃការបង្កើតក្រុមហ៊ុនថ្មី នៅឆ្នាំ២០០៧ មានត្រឹមតែ ២,៥៣៥ក្រុមហ៊ុន នៅឆ្នាំ២០១៩ មានការចុះបញ្ជីក្រុមហ៊ុនថ្មីរហូតទៅដល់១៦,២០៨ក្រុមហ៊ុន។

លោកស្រីបានបន្តថា ការកើនឡើងនៃចំនួនក្រុមហ៊ុននេះបានបង្ហាញពីភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវិវាទពាណិជ្ជកម្មរវាងធុរជនតែងកើតមានឡើងដោយយថាហេតុនៅក្នុងប្រតិបត្តិការអាជីវកម្ម ដែលតម្រូវឱ្យមានយន្តការដោះស្រាយវិវាទប្រកបដោយតម្លាភាព សុក្រិត្យភាព ភាពមិនលំអៀងតាមមធ្យោបាយប្រព័ន្ធតុលាការ ឬមជ្ឈត្តការពាណិជ្ជកម្ម។

លោកស្រីបានបញ្ជាក់ថា ចំណែកឯវិវាទពាណិជ្ជកម្មក៏កើនឡើងដែរ រហូតមកដល់ពេលបច្ចុប្បន្ននេះមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មបានទទួលរឿងក្តីចំនួន ២៧ ករណី។

លោកស្រីបានបញ្ជាក់ទៀតថា៖ “ហេតុដូចនេះក្រៅពីប្រព័ន្ធតុលាការ យើងមើលឃើញពីតួនាទីយ៉ាងសំខាន់របស់មជ្ឈត្តការពាណិជ្ជកម្មនៅក្នុងការសម្របសម្រួល ផ្សះផ្សារ និងផ្តល់នូវដំណោះស្រាយដល់ភាគីវិវាទ ដែលជួយឱ្យធុរជនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា និងធុរជនក្នុងស្រុក ងាយដោះស្រាយវិវាទពាណិជ្ជកម្មបានលឿនរហ័ស ប្រកបដោយទំនុកចិត្ត”។

លោកស្រីបានលើកឡើងទៀតថា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវិត-១៩ ប្រតិបត្តិករមជ្ឈត្តការផ្នែកពាណិជ្ជកម្ម អតិថិជនដែលមានតម្រូវការផ្នែកមជ្ឈត្តការ និងពិភពលោក មានតម្រូវការកាន់តែច្រើនក្នុងការរកមធ្យោបាយដោះស្រាយវិវាទពាណិជ្ជកម្មដើម្បីកុំឱ្យមានភាពរាំងស្ទះដល់ដំណើរសវនាការអាជីវកម្មរបស់ពួកគេ។

គួរបញ្ជាក់ថាប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ២០០៤ បន្ទាប់ពីការចរចាជិតមួយទសវត្សរ៍ ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាសមាជិកពេញសិទ្ធិ និងមានសិទ្ធិដូចបណ្តាសមាជិកដទៃទៀត ដូចជាសិទ្ធិបោះឆ្នោត សិទ្ធិមិនរើសអើងរវាងសមាជិក និងសមាជិក សិទ្ធិប្រើប្រាស់យន្តការដោះស្រាយវិវាទពាណិជ្ជកម្មរបស់ WTO និងសិទ្ធិទទួលបានភាពអនុគ្រោះពាណិជ្ជកម្មជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម