Connect with us

ព័ត៌មានជាតិ

ក្រុងបូកគោ នឹងរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ១២ សីហាខាងមុខ​

បានផុស

នៅ

រដ្ឋបាល​ក្រុង​បូកគោ ជា​ក្រុង​ទើប​បង្កើត​ថ្មី​ នឹង​រៀបចំ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ទី​ ១២​ ខែ​សីហា​ ឆ្នាំ​ ២០២១ ​ខាងមុខនេះ ​ដើម្បី​បម្រើ​សេវា​រដ្ឋបាល សេវា​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​ណែនាំ​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ត្រៀមលក្ខណៈ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រដ្ឋ​បាល​ក្រុង​បូកគោ​ជា​ផ្លូវការ​ កាលពី​ថ្ងៃ​ទី​ ០៦ ​សីហា​ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត បានមាន​ប្រសាសន៍​ថា ​ក្រុង​បូកគោ​ គឺជា​រដ្ឋបាល​ក្រុង​មួយ​ត្រូវបាន​រាជរដ្ឋាភិបាល ទើបបាន​សម្រេច​បង្កើត​ថ្មី ហើយ​ត្រូវ​បាន​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រប​ទៅ​នឹង​ច្បាប់ ​ស្ដីពី​ការ​គ្រប់​គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ កាលពី​ថ្ងៃ​ទី ​២៥ ខែ​កក្កដា​ ឆ្នាំ​ ២០២១ និង ​ត្រូវ​បាន​ប្រកាស​លទ្ធផល​សមាសភាព​សមាជិក​ក្រុមប្រឹក្សា​ក្រុង ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កាលពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ។

លោក​អភិបាលខេត្ត​ បាន​បន្ត​ថា ​នៅ​ថ្ងៃ​ទី​ ១២ សីហា ខាងមុខនេះ​ នឹង​ឈាន​ដល់​ការរៀបចំ​ពិធី​ប្រកាស ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ​ជា​ផ្លូវការ ដើម្បី​បម្រើ​សេវា​រដ្ឋបាល សេវា​សាធារណៈ និង ​កិច្ច​អភិវឌ្ឍន៍​មូលដ្ឋាន​ ជូន​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត។

លោក ជាវ តាយ ​បញ្ជាក់​ថា ដោយ​ផ្អែកលើ​សភាព​ជាក់ស្ដែង ដែល​រដ្ឋបាល​ក្រុង​បូកគោ​ ជា​ក្រុង​មួយ​ទើបបាន​បង្កើត​ថ្មី ក្រោម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ សម្ដេច​តេ​ជោ ហ៊ុន សែន សំដៅ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សង្គម ​និង​ ការ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង ​ក្រោម​ការណែនាំ​យ៉ាង​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ នៃ​ក្រសួងមហាផ្ទៃ ក៏ដូចជា​ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តែងតែ​ផ្ដល់​អនុសាសន៍​ជូន​ដល់​រដ្ឋបាល​ខេត្ត​ឲ្យ​មានការ​យកចិត្តទុកដាក់​ពី​បញ្ហា​ប្រឈម​ក្នុង​ចំណុច​ចាប់ផ្ដើម​ ដើម្បី​ជំរុញ​ដំណើរការ​ដល់​រដ្ឋបាល​ក្រុង​បូកគោ ដែល​ពុំ​ទាន់​មាន​អគារ​រដ្ឋបាល​នៅឡើយ ដោយ​ធ្វើ​យ៉ាង​ណាឲ្យ​រដ្ឋបាល​ក្រុង​បូកគោ ​ប្រព្រឹត្ត​ទៅ​ក្នុង​ជំហាន​ដំបូង​នេះ​ បាន​បម្រើ​ទាំង​ប្រយោជន៍​សេវា​រដ្ឋបាល​ សេវា​សាធារណៈ​ផ្សេងៗ ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​។

ជា​មួយ​នេះ​ផង​ដែរ លោក​អភិបាល​ខេត្ត បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ ពិសេស​មន្ត្រី​រដ្ឋបាល​ក្រុង​បូកគោ​ ដែល​ទើប​បង្កើត​ថ្មី​នេះ ត្រូវតែ​យកចិត្តទុកដាក់​សហការ​គ្នា​ប្រើ​ធនធាន​ដែល​មាន​ស្រាប់​ឲ្យ​អស់​លទ្ធភាព ជម្នះ​នូវ​បញ្ហា​ប្រឈម​ខ្វះខាត​ចំពោះ​មុខ​ នៃ​ចំណុច​ចាប់ផ្ដើម​រដ្ឋបាល​ក្រុង​ដំបូង​នេះ​ឲ្យ​បាន​ល្អ និង ​ត្រូវ​ឈាន​ដល់​ជំហាន​បន្តបន្ទាប់​ទៀត ​រដ្ឋបាល​ក្រុង នឹង​កសាង ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​រដ្ឋបាល​របស់​ខ្លួន​ ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ ដើម្បី​បម្រើ​ប្រយោជន៍​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ ព្រមទាំង​កិច្ច​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា​ រដ្ឋបាល​ខេត្ត​បាន​យក​សណ្ឋាគារ​មួយ​កន្លែង ដែល​ផ្ដល់​ដោយ​ឯកជន ជាប់​ផ្លូវជាតិ​លេខ​ ៣ ទល់​ចំណុចប្រសព្វ​ផ្លូវ​ឡើង​ឧទ្យាន​ព្រះមុនីវង្ស​បូកគោ​ ស្ថិត​ក្នុង​សង្កាត់​បឹង​ទូក ធ្វើជា​ទីតាំង​អគារ​រដ្ឋបាល​ក្រុង​បូកគោ ​សម្រាប់​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម