ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-21-15-j-full

មនុស្ស​៣​នាក់ បាត់បង់​ជីវិត ខណៈដែល​ព្យុះ​ស៊ីក្លូន បោកបក់​មកលើ​តំបន់ឆ្នេរ​ភាគ​ខាងកើត​ប្រទេស​អូស្ត្រាលី​

ព្យុះ​ស៊ីក្លូន​បាន​បោកបក់​មក​លើ​តំបន់ឆ្នេរ​ភាគ​ខាងកើត​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​អង្គារ​នេះ ដោយបាន​សម្លាប់​មនុស្ស​៣​នាក់ និង​បាន​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ព្រមទាំង​កាត់​ផ្តាច់​ប្រព័ន្ធ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ជាង​២​សែន​ខ្នង ហើយ​និង ធ្វើ​ឲ្យ​នាវា​កម្សាន្ត​ជាច្រើន​គ្រឿង ជាប់​កឿង​លើ​ឆ្នេរ។

ព្យុះ​ស៊ីក្លូន​ដែល​មាន​សន្ទុះ​ខ្យល់​បក់​ក្នុង​ល្បឿន​១៣៥​គ​.​ម​ក្នុង​១​ម៉ោង​នេះ​ដែរ បាន​បក់​រំលើង​ឫស​ដើមឈើ រំលំ​បង្គោល​ភ្លើង និង​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត ព្រមទាំង​អគារ​ផង​ដែរ។

រីឯ​កម្ពស់​រលក​សមុទ្រ​វិញ មាន​រហូតដល់​ទៅ​១១.២​ម៉ែត្រ ហើយ​ផ្លូវដែក​ដែល​ត​ភ្ជាប់​ពី​តំបន់​ភាគ​ខាងជើង​ទៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ស៊ីដនី ត្រូវ​បាន​កាត់​ផ្តាច់​ទាំងស្រុង ហើយ​ផ្លូវថ្នល់​មួយចំនួនទៀត​នៅក្នុង​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​អូស្ត្រាលី​មួយ​នេះ ត្រូវបាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង។

ខណៈនោះ​ដែរ អភិបាល​រដ្ឋ​ញូ​វ​សោត​វែ​លស៍ លោក​ម៉ៃ ប៊ែ​ដ បាន​មានប្រសាសន៍ថា ស្ថានភាព​នឹង​កាន់តែ​អាក្រក់​ទៅ ហើយ​លោក​សូម​ស្នើរ​ឲ្យ​ក្រុមការងារ​ជួយសង្គ្រោះ​ទាំងអស់ ធ្វើដំណើរ​ទៅកាន់​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ ឲ្យ​បាន​ឆាប់រហ័ស​បំផុត​ដូចដែល​អាច​ធ្វើ​ទៅ​បាន។

​លោក​ប៊ែ​ដ បាន​បន្ត​ទៀត​ថា គេហដ្ឋាន​ប្រជាពលរដ្ឋ​មួយចំនួន ត្រូវ​បាន​បំផ្លិចបំផ្លាញ​គ្មាន​សល់ ដែល​ផ្ទះ​មួយចំនួន​ត្រូវ​ខ្យល់​បក់​ប៉ើង​ដំបូង​អស់​គ្មាន​សល់ ហើយ​នៅ​មាន​ទាំង​អ្នក​បាត់បង់​អាយុជីវិត​ទៀត​ផង​ដែរ​។ លោក​បាន​បន្ត​ទៀត​ថា វា​គឺជា​ខ្យល់ព្យុះ​ដ៏​កំណាច​មួយ បាន​បោកបក់​ឆ្លងកាត់​រដ្ឋ​ញូ​វ​សោត​វែ​លស៍ ហើយ​អាទិភាព​ដំបូង​គេ គឺ​ធ្វើយ៉ាងណា​ឆ្លងកាត់​ឲ្យ​បាន​ដំណាក់កាល​ទាល់ច្រក​មួយ​នេះ​។​

ដោយឡែក ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់​រដ្ឋ​ញូ​វ​សោត​វែ​លស៍ បាន​ឲ្យ​ដឹង​ថា ពួកគេ​ទទួល​បានការ​ទូរស័ព្ទ​ចូល​ជាង​៣​ពាន់​ដង ដើម្បី​សុំ​ជំនួយ​បន្ទាន់ ហើយ​ពួកគេ​សង្គ្រោះ​បាន​ជនរងគ្រោះ​១៩​នាក់​ហើយ ដោយសារ​ការ​លិចលង់ ដែល​ក្នុង​នោះ​រួមមាន​ទាំង​ស្ត្រី​ចំណាស់​ម្នាក់​ផងដែរ រស់នៅក្នុង​ទីក្រុង​ស្ត្រោ​ដ ដែ​មាន​ចម្ងាយ​ប្រហែល​២០០​គ​.​ម ភាគ​ខាងជើង​ទីក្រុង​ស៊ីដនី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684