ជាមួយនឹងការអំពាវនាវរបស់អង្គការសុខភាពពិភពលោក WHO នោះ អង្គការនេះបានលើកយកមកបញ្ជាក់យ៉ាងច្បាស់លាស់ហើយកាលពីថ្ងៃសុក្រកន្លងមកនេះដែលថា ការប្រសូតបុត្រដោយវះកាត់ (Caesarean Section) គួរតែត្រូវបានធ្វើឡើងតែនៅពេលមានករណីដ៏ចាំបាច់បំផុតតែប៉ុណ្ណោះ។ ការលើកឡើងយ៉ាងដូច្នេះដោយផ្ដោតទៅលើករណីដែលមានការកើនឡើងដ៏ពេញនិយមនៅពេលប្រសូត ដោយធ្វើការវះកាត់នៅក្នុងប្រទេសឥណ្ឌា។
យោងតាមការឲ្យដឹងពី WHO ចាប់តាំងពីឆ្នាំ១៩៨៥មក សហគមន៍ថែទាំសុខភាពអន្ដរជាតិបានចាត់ទុកថា អត្រាដ៏ច្រើនដែលបានកើនឡើងដោយសារការប្រសូតបុត្រតាមរូបភាពវះ កាត់នោះមានពី១០ទៅ១៥ភាគរយ។
នៅទីក្រុងមុមបៃ ប្រទេសឥណ្ឌាវិញ ទារកម្នាក់ក្នុងចំណោមទារក៤នាក់ ត្រូវបានប្រសូតមកដោយការវះកាត់ (C-section)។
មានការកើនឡើងនៃការប្រសូតបុត្រដោយវះកាត់នេះក្នុងរយៈពេល២០ឆ្នាំកន្លងមក។ អ្នកជំងឺខ្លួនឯងក៏ចង់បានការវះកាត់យ៉ាងដូច្នេះនៅពេលប្រសូតនោះផងដែរ។ ចំពោះមុខវិញ បើគិតតាំងពីឆ្នាំ២០១៣មក ការប្រសូតដោយធ្វើការវះកាត់យ៉ាងដូច្នេះ នៅតាមមន្ទីរពេទ្យឯកជនបានកើនឡើងយ៉ាងខ្ពស់ ក្នុងនោះមានដល់ទៅ៣៧.៨១ភាគរយ។ នៅឯតាមមន្ទីរពេទ្យសីុវិលរបស់រដ្ឋវិញ មានដល់ទៅ១៩.៧៧ភាគរយ។
ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ខណៈពេលដែលការវះកាត់នៅពេលប្រសូតបានកើនឡើងដល់ទៅ១០ភាគរយនៅក្នុងចំណោមប្រជាពលរដ្ឋរស់នៅនោះ វាបែរជាចំនួនមាតា និងទារកដែលទើបតែប្រសូតស្លាប់នោះធ្លាក់ចុះទៅវិញ។ តាមការលើកយកមកនិយាយថា ពេលដែលអត្រានៃការប្រសូតដោយវះកាត់កើនឡើងដល់ទៅ១០ភាគរយ ពុំមានភស្ដុតាងដែលបញ្ជាក់ឲ្យឃើញថា អត្រាមរណៈរបស់មាតា និងទារកត្រូវបានបង្ហាញថា កើនឡើងនោះទេ។ ប៉ុន្ដែនៅពេលឥឡូវនេះ ខណៈដែលការនិយមប្រសូតដោយធ្វើការវះកាត់យ៉ាងដូច្នេះ តម្លៃព្យាបាលបែរជាកើនឡើងយ៉ាងខ្ពស់នៅក្នុងប្រទេសដែលមានចំណូលជាមធ្យមនោះ។
អង្គការ WHO គិតថា ការប្រសូតដោយធ្វើការវះកាត់ វាគ្រាន់តែចាំបាច់តែនៅពេលដែលការប្រសូតតាមទ្វារមាសអាចមានហានិភ័យចំពោះមាតា ឬទារក នៅពេលដែលអាការៈឈឺពេលឆ្លងទន្លេកាន់តែអូសបន្លាយ ឬនៅពេលដែលទារកនៅក្នុងផ្ទៃស្ថិតនៅក្នុងស្ថានភាពខុសពីធម្មតា អាចទារកនៅក្នុងពោះស្ថិតនៅទទឹង ឬច្រាសជើង។ បើតាមការនិយមប្រសូតដោយវះកាត់នោះ មន្ទីរនឹងរកចំណូលជាប្រាក់បានយ៉ាងច្រើន ហើយគ្រូពេទ្យវិញចំណាយពេលវេលាដ៏តិចតួចតែប៉ុណ្ណោះសម្រាប់ស្ដ្រីឆ្លងទន្លេ នោះហើយដែលថា តើហេតុអ្វីទើបបានជាវិធីបែបយ៉ាងនេះពេញនិយមនោះ។ ចំពោះការប្រសូតតាមធម្មជាតិវិញ គ្រូពេទ្យត្រូវចំណាយពេលពី១២ទៅ១៥ម៉ោង ដើម្បីរង់ចាំជួយប្រសូត រីឯការវះកាត់គេអាចបញ្ចប់ការងារទៅតែក្នុងរយៈពេល១ម៉ោងតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត អ្នករស់ នៅទីក្រុងពិសេសអ្នកធូរធារគេមិនចង់ឈឺពោះយូរនោះ ទេ គឺគេចង់ប្រសូតបុត្រភ្លាមៗដោយមិនពន្យារពេល ស៊ូទ្រាំនឹងការឈឺចាប់នោះឡើយ៕
DNA India