ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-21-15-m-full

ការវាយប្រហារ​ដែនអាកាស លើ​មូលដ្ឋាន​មី​ស៊ី​ល​ក្នុង​រដ្ឋធានី​ប្រទេស​យេ​មែន បានសម្លាប់​មនុស្ស​២៥​នាក់ និង​របួស​៤០០​នាក់

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Saba បាន​ឲ្យ​ដឹង​ថា ការវាយប្រហារ​ដែនអាកាស​មួយ​លើ​មូលដ្ឋាន​មី​ស៊ី​ល Scud នៅក្នុង​រដ្ឋធានី Sanaa របស់​ប្រទេស​យេ​មែន ដែល​គ្រប់គ្រង​ដោយ​ក្រុម Houthi បាន​បង្ក​ការផ្ទុះ​ដ៏​ធំ​មួយ និង​បានសម្លាប់​មនុស្ស ២៥​នាក់ ខណៈ​មនុស្ស​រងរបួស​ជិត ៤០០​នាក់​នៅ​ថ្ងៃ​ចន្ទ​។​

​ ​អា​រ៉ា​ប៊ី​សា​អ៊ូឌី​ត បាន​ដឹកនាំ​សម្ព័ន្ធភាព​នៃ​ប្រទេស​អារ៉ាប់​ស៊ុន​នី នៅក្នុង​ការវាយប្រហារ​តាម​អាកាស​ប្រឆាំងនឹង​ក្រុម និង​កងទ័ព​ស៊ី​អ៊ីត Houthi សម្ព័ន្ធមិត្ត​អុ​ី​រ៉ង់ និង​អង្គភាព​កងទ័ព​ស្មោះត្រង់​នឹង​អតីត​ប្រធានាធិបតី​លោក Ali Abdullah ។​

​ ​ភ្នាក់ងារ​ព័ត៌មាន​នេះ​បានឱ្យដឹងថា មនុស្ស​២៥​នាក់​ត្រូវបាន​សម្លាប់ និង​ជាង ៣៩៨​នាក់​បាន​រងរបួស ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ នេះ​បើ​យោងតាម​តួលេខ​បឋម បន្ទាប់ពី​ការឈ្លានពាន​ដោយ​ទម្លាក់​គ្រាប់បែក​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នៅ​ថ្ងៃ​ម្សិលមិញ​នេះ​។​

​ ​ចំនួន​នេះ​មិនអាច​ផ្ទៀងផ្ទាត់​បាន​ភ្លាមៗ​នោះទេ ប៉ុន្តែ​ប្រភពពី​ពេទ្យ​បាន​ប្រាប់ Reuters ថា​យ៉ាងហោចណាស់​មនុស្ស ១៥​នាក់​ត្រូវបាន​សម្លាប់ និង​ច្រើន​នាក់​ផ្សេងទៀត​រងរបួស​។​

​ ​ការផ្ទុះ​នេះ​បាន​វាយប្រហារ​មូលដ្ឋាន​នៅលើ​ភ្នំ Faj Attan ក្បែរ​ស្រុក Hadda ដែលជា​តំបន់​នៃ​វិមាន​ប្រធានាធិបតី និង​ស្ថានទូត​ជាច្រើន​បានធ្វើ​ឲ្យ​បង្អួច​នៃ​អគារ​ខ្ទាត​ជាច្រើន​ម៉ែត្រ​និង​មាន​ផ្សែង​ពាសពេញ​មេឃ​។​

​ ​អ្នករស់នៅ​ក្នុង​តំបន់​លោក Adel Mansour បាន​និយាយថា វា​ជាការ​ផ្ទុះ​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​ជាង​បី​សប្តាហ៍​នៃ​ការទម្លាក់​គ្រាប់បែក​ដោយ​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​នេះ​។​

​ ​យុទ្ធនាការ​នេះ​មាន​គោលដៅ​លើ​កន្លែង Faj Attan ម្តង​ហើយ​ម្តងទៀត​រួមជាមួយ​នឹង​មូលដ្ឋាន​យោធា​និង​ព្រលានយន្តហោះ​ផ្សេងទៀត​នៅក្នុង​ទីក្រុង Sanaa និង​នៅ​ទូទាំងប្រទេស​។​

​ ​ទូរទស្សន៍​រដ្ឋ​អុ​ី​រ៉ង់ បាន​និយាយថា ប្រទេស​អុ​ី​រ៉ង់​បាន​កោះហៅ​ប្រេសិត​អា​រ៉ា​ប៊ី​សា​អូ​៊​ឌី​ត មកកាន់​ទីក្រុង​តេ​អេ​រ៉ង់ កាលពី​ថ្ងៃ​ចន្ទ ដោយសារ​បញ្ហា​ការផ្ទុះ​នៅ​ជិត​ស្ថានទូត​របស់ខ្លួន​នៅក្នុង​ទីក្រុង Sanaa​។​

​ ​សាធារណរដ្ឋ​ឥស្លាម​ស៊ី​អុ​ី​ត បាន​កោះហៅ​ប្រេសិត​របស់​រាជាណាចក្រ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ស៊ុន​នីមួយ​នេះ​ម្តង​ហើយ​ម្តងទៀត ទាក់ទិន​នឹង​វិវាទ​ដែល​កើតឡើង​ពី​ជម្លោះ​ត្រូវបាន​គេ​មើលឃើញថា ជាការ​តស៊ូ​ដើម្បី​ឥទ្ធិពល​រវាង​មហាអំណាច​ក្នុង​តំបន់​ទាំងពីរ​។​

​ ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី លោក Retno Marsudi ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ហ្សា​ការ​តា​ថា ប្រទេស​របស់លោក​បាន​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ពី​ដែនអាកាស​នេះ​បន្ទាប់ពី​បុគ្គលិក​ការទូត​ពីរ​នាក់​របស់​ប្រទេស​នេះ​បាន​រងរបួស និង​ស្ថានទូត​របស់ខ្លួន​ត្រូវបាន​រង​ការខូចខាត​។​

​ ​ក្រសួងមហាផ្ទៃ​នៃ​រាជាណាចក្រ​មួយ​នេះ​បាន​និយាយថា ឆ្មាំ​ព្រំដែន​អា​រ៉ា​ប៊ី​សា​អូ​៊​ឌី​តម្នាក់ ត្រូវបាន​គេ​សម្លាប់ និង​ទាហាន​ពីរ​នាក់​បាន​រងរបួស​ដោយ​ការបាញ់​កាំភ្លើង និង​កាំភ្លើងត្បាល់​មកពី​ប្រទេស​យេ​មែន នៅ​ល្ងាច​ថ្ងៃអាទិត្យ​។ ដោយឡែក​សមាជិក​មួយ​ចំនួន​នៃ​កងកម្លាំង​អា​រ៉ា​ប៊ី​សា​អូ​៊​ឌី​ត ក៏ត្រូវ​បានសម្លាប់​នៅក្នុង​យុទ្ធនាការ​ប្រឆាំងនឹង​ក្រុម Houthis នេះ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684