ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-21-15-o-full

គ្រូ​ចាប់ផ្តើម​បង្រៀន ដើម្បីអោយ​សិស្ស​មក​រៀន

ចំពោះ​វប្បធម៌ ប្រចាំ​គ្នា​នោះ វា​មិនបាន​ផល​អ្វី​ឡើយ​គឺ​ត្រូវ​ខាតបង់​ទាំងស្រុង​។ ជាក់ស្តែង​ដូច​កន្លងមក​មាន​ទម្លាប់​មិនល្អ​មួយ​នៃ​ការ​ចូលរៀន​ដោយ​គេ​តែង​រិះគន់ថា សិស្ស​មក​ចាំ​គ្រូ និង​គ្រូ​មក​ចាំ​សិស្ស​នោះ​ហៅថា ជាការ​ប្រចាំ​ជើង​គ្នា ឬ​ផ្អែក​និង​ទម្លាក់កំហុស​ដាក់គ្នា​នោះ តែង​មិនបាន​រៀន​ព្រមទាំង​មិនបាន​បង្រៀន​នោះទេ​។​

​ ​ជាក់ស្តែង​ចំពោះ​សិស្ស​ឧស្សាហ៍​តែងមាន​ចិត្ត​ចង់​រៀន ទើប​មានការ​ភ្ញាក់រលឹក​ផ្ទាល់ខ្លួន​ក្នុងការ​មក​សាលារៀន​ដើម្បី​បាន​រៀន នៅពេល​ចូលរៀន​វិញ ក្រោយពី​សម្រាក​វិស្សមកាល​តូច​។ សិស្ស​ប្រភេទ​នេះ​មាន​ចំនួន​មិន​ច្រើន​ប៉ុន្មាន​នោះទេ គឺ​ក្នុង​មួយ​ថ្នាក់ៗ​មាន​មិន​ដល់​ពាក់កណ្តាល​ផង​។ ប៉ុន្តែ​នៅពេលដែល​គេ​មកដល់​សាលារៀន​តែ​គ្រូ​មិនបាន​បង្រៀន​ព្រោះ​គ្រូ​ចេះតែ​យល់ថា សិស្ស​មក​តិចពេក​នោះ​បណ្តាលអោយ​សិស្ស​ទាំងនោះ​មានការ​ខកចិត្ត ឬ​មានការ​ធុញទ្រាន់​និង​លែង​ចង់​មក​រៀន​ទៀតហើយ​។ គេ​ចេះតែ​យល់ថា​ម​ករៀនតែ​មិនបាន​រៀន ដដែលៗ​អ៊ីចឹង​មានតែ​លែង​ចង់​ចង់​មក​សាលារៀន​ទៀតហើយ​។ ឯ​ចំណែក​គ្រូបង្រៀន​បើ​គិតថា សិស្ស​មក​តិចពេក​ហើយ​មិន​ព្រម​បង្រៀន​នោះ​គឺ សិស្ស​ត្រូវតែ​មានការ​កើន​ខាង​អវត្តមាន​ជា​បន្តទៅទៀត​ដោយ​មិន​ងាយ​បាន​ជួបជុំគ្នា​នោះឡើយ​។ ទាំងអស់នេះ​ជា​ទម្លាប់​មិនល្អ​ដែល​បណ្តាលអោយ​បាត់បង់​ពេលវេលា​ដ៏​មានតម្លៃ ឬ​ហៅថា ជាការ​ខាត​ពេល​ពេល​រៀនសូត្រ នា​ចុងឆ្នាំ​សិក្សា​ពិតប្រាកដ​។​

​ ​យក​ល្អ​! និង​មាន​ប្រសិទ្ធភាព​ដែល​ចាត់ទុកជា​ការបញ្ជូនសា​រ ដល់​សិស្ស​ដែល​មិនទាន់​មក​រៀន​អោយ​បានមក​រៀន​នោះ​គឺ​គ្រូបង្រៀន​ត្រូវតែ​ចាប់ផ្តើម​បង្រៀន​ទៅតាម​តួនាទី និង​ភារកិច្ច​របស់គាត់​អោយបាន​ទៀងទាត់​និង​ម៉ឺងម៉ាត់​ទៅតាម​កាលវិភាគ​និង​ផែនការ​កំណត់​។ នៅពេលដែល​គ្រូបង្រៀន​មាន​វត្តមាន​តាម​ថ្នាក់រៀន​ជា​រៀងរាល់​ម៉ោង​បង្រៀន​នេះ​បានធ្វើអោយ​ដំណឹង​នេះ​បាន​ដឹងឮ​ដល់​សិស្ស​នៅតាម​សហគមន៍​អោយបាន​ដឹងថា ត្រូវតែ​ប្រញាប់​ចូលរៀន​នឹង​គេ​។ ព្រោះ​កាលណា​យើង​អវត្តមាន​ច្រើន​ពេលនោះ​ប្រាកដជា​រៀន​មិនទាន់​គេ​ឡើយ​។ នេះ​ជា​នយោបាយ​របស់​គ្រូ​ក្នុង​ការប្រមូល​សិស្ស​ចូលរៀន​តាមរយៈ​ការងារ​របស់គាត់​បាន​ទៀងទាត់​។ ជាពិសេស​ទៅទៀត​ចំពោះ​ការបង្រៀន​របស់​គ្រូ​ក៏មាន​ន័យ​ម្យ៉ាង​ទៀតថា គ្រូបង្រៀន​រូបនោះ​បាន​បំពេញការងារ​ស្នូល​របស់ខ្លួន​ជាប់លាប់​ហើយ​ដែរ​។ លើសពីនេះទៅទៀត ក៏​គ្រូបង្រៀន​មាន​ឈ្មោះថា ជា​គំរូ​ល្អ​ដល់​សិស្ស​។ បានសេចក្តីថា បើ​គ្រូ​មិនមាន​អវត្តមាន​ក៏​សិស្ស​មិនមាន​អវត្តមាន​ដែរ​។ ផ្ទុយទៅវិញ​បើ​គ្រូ​អវត្តមាន​ជា​ញឹកញាប់​នោះ​ក៏​វា​ជះឥទ្ធិពល​ដល់​សិស្ស​គឺ ធ្វើអោយ​សិស្ស​អវត្តមាន​ច្រើន​ជាមិនខាន​។ រឿងនេះ​វា​ចូលក្នុង​ទម្លាប់​ចាស់ ដែល​ហៅថា គ្រូ​ចាំ​សិស្ស និង​សិស្ស​ចាំ​គ្រូ​នោះ​គឺ​ផ្តេកផ្តួល​ទៅតាម​គ្នា​ហៅថា ជា​តម្រិះ​អាក្រក់​ដូចគ្នា​ក្នុងការ​ធ្វើអោយ​អន្តរាយ​ម៉ោង​សិក្សា​ទាំងស្រុង​។​

​ ​ជាធម្មតា​សិស្ស​តែងមាន​គំនិត​មួយ​ខ្លាច​ខាត​ការរៀនសូត្រ​ដែរ​អី​តើ​។ ដ្បិត​នៅពេលដែល​គេ​បានដឹងថា​មាន​សិស្ស​ខ្លះ​រៀន​យ៉ាងនេះ​ក៏ត្រូវ​តែម​ករៀន​ដែរ​ដើម្បី​រៀន​អោយបាន​ចេះ​ចាំ​ទាន់​គេ​។ កត្តា​សំខាន់​ម្យ៉ាងទៀត​គឺ​សិស្ស​មាន​ភារកិច្ច​ប្រឡង​នៅ​ចុងឆ្នាំ​សិក្សា​ផង​នោះ​គឺ សិស្ស​នោះ​មិន​ចង់​ខាតបង់​ការរៀន​ពី​គ្រូ​នោះឡើយ​។ ដូចនេះ​កាលណា​គេ​បានដឹងថា គ្រូ​ចាប់ផ្តើម​បង្រៀន​ហើយ​នោះ គេ​ត្រូវតែ​មក​សាលារៀន​ដើម្បី​សន្សំ​ពិន្ទុ និង​បាន​សន្សំ​ចំណេះ​ដឹងផង​ក្នុងការ​បង្កើន​សមត្ថភាព​ព្រមទាំង​គុណភាព សិក្សា​អោយបាន​ប្រសើរ​ជាពិសេស​អោយបាន​ប្រឡង​ជាប់​ជា​ស្ថាពរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684