ព័ត៍មានទាន់​ហេតុការណ៏
Search
07

ខេត្ត​ព្រះសីហនុ​ប្រជុំ​ផ្សព្វផ្សាយ​ចរាចរ​ណែនាំ​ស្ដីពី​ការរៀបចំ​ផលិតផល​ទេសចរ​

ព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៥ មន្ទីរ​ទេសចរ​ខេត្ត​ព្រះសីហនុ​បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ស្ដីពី​ការរៀបចំ​ផលិតផល​ទេសចរ​ ក្នុង​ឧកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំមមែ ឆស័ក ពុទ្ធសករាជ ២៣៣៨ ត្រូវ​នឹង​ថ្ងៃទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០១៥ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​បងប្អូន​អាជីវករ ម្ចាស់​សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន ម្ចាស់​តូច​លក់ដូរ​នៅ​តាម​តំបន់ឆ្នេរ រួម​ទាំង​បងប្អូន​ប្រកប​មុខរបរ​ដឹកជញ្ជូន​សេវាកម្ម​ជូន​ភ្ញៀវ​ទេសចរ​តាម​ម៉ូតូ​តុ​ក​តុ​ក រថយន្ត​តាក់​ស៊ី និង​ទូក​ទេសចរ និង​កម្លាំង​សមត្ថកិច្ច ក្រោម​អធិបតីភាព​ឯកឧត្តម ឈិ​ត សុខុន អភិបាលខេត្ត​ព្រះសីហនុ​។

លោក ឈិ​ត សុខន បាន​មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​បងប្អូន​ប្រកបមុខរបរ​ក្នុង​វិស័យ​ទេសចរ​ទាំងអស់ ក្នុង​ខេត្ត​ព្រះសីហនុ​ថា វិស័យ​ទេសចរ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺជា​វិស័យ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា វិស័យ​ទេសចរ​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ចូលរួម​កសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ផ្តល់​ឱកាស​ការងារ​ច្រើន​ដល់​ប្រជាពលរដ្ឋ និង​បង្កើន​ប្រាក់ចំណូល​ប្រចាំ​គ្រួសារ ដើម្បី​ឲ្យ​ខេត្ត​ព្រះសីហនុ​យើង​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មកលេង​កំសាន្ត​កាន់​តែ​ច្រើន​ថែមទៀត​នោះ យើង​ត្រូវ​ចូលរួម​សហការ​គ្នា​ទាំង​បងប្អូន​ម្ចាស់​អាជីវករ ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន លុបបំបាត់​ការ​បោះ​ចោល​សំរាម កាកសំណល់​ផ្សេងៗ​នៅ​តាម​ដងផ្លូវ​សាធារណៈ ត្រូវ​យក​កាកសំណល់​ទៅ​ចោល​ក្នុង​ធុងសំរាម ឬ​កន្ត្រក​សំរាម ជាពិសេស​តម្លៃ​ម្ហូបអាហារ​ត្រូវ​សរសេរ​ឪ្យ​បាន​ត្រឹមត្រូវ​ដាក់​ក្នុង​តារាង ដើម្បី​ជូន​ភ្ញៀវ​ទេសចរ​ឲ្យ​បានដឹង​ជាមុន ចៀសវាង​ការ​ដំឡើងថ្លៃ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មានការ​មិន​ពេញចិត្ត ធ្វើ​ឲ្យ​បាត់បង់​ផល​ប្រយោជន៍​រួម​របស់​ទាំងអស់គ្នា ព្រោះ​កាលណា​តម្លៃ​មានការ​ឡើងថ្លៃ​ខ្ពស់​ពេក​នោះ ធ្វើ​ឲ្យ​យើង​បាត់បង់​ភ្ញៀវ​ទេសចរ​ជាក់​ជាមិនខាន​នោះ​ឡើយ​។

​ លោក​បាន​បញ្ជាក់​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​ត្រូវ​សហ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​មាន​របៀបរៀបរយ ចូលរួម​បង្ការ​ទប់ស្កាត់​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ទប់ស្កាត់​សកម្មភាព​ក្មេង​ទំនើង លួច ឆក់ ប្លន់ ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ឈាន​ចូល​មកដល់​នៅ​ពេល​ខាងមុខនេះ ព្រមទាំង​លើកកម្ពស់​គុណភាព​សេវាកម្ម និង​អនាម័យ​ម្ហូបអាហារ រក្សា​តំលៃ​ផលិតផល​ទេសចរ​ឲ្យ​បាន​សមរម្យ ធានា​ធ្វើ​យ៉ាង​ណា​ឲ្យ​ភ្ញៀវ​ទទួល​យក​បាន​ទាំងអស់គ្នា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684