ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-21-15-u-full

សំណង់​រូបចម្លាក់​វិមាន​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ នឹងត្រូវ​សាងសង់ឡើង​ដ៏​ប្រណិត​សំរាប់​ជា​កូនចៅ​ជំនាន់​ក្រោយ

ភ្នំពេញ ៖ គណៈកម្មការ​សម្រាប់​សិក្សា និង​រៀបចំ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ និង​ការបញ្ចប់​សង្គ្រាម​ស៊ី​វិល​នៅ​កម្ពុជា គ្រោង​នឹង​រៀបចំ​កម្មវិធី​មួយ​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ ខាងមុខ ដើម្បី​ប្រកាស​ពី​ការប្រកួតប្រជែង​ជ្រើសរើស​វិចិត្រករ​មាន​ស្នាដៃ​ល្អ​ក្នុងការ​រចនា​រូបសំណាក​សម្រាប់​កសាង​រូបចម្លាក់​វិមាន​ឈ្នះ ឈ្នះ ដែលជា​ស្នាដៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

តាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ បាន​ជូនដំណឹង​ដល់​សាធារណជន វិចិត្រករ​ទូទៅ និស្សិត​បញ្ញ​វ័​ន្ត គ្រប់​ក្រសួង​-​ស្ថាប័នរដ្ឋ សហគ្រាស​ឯកជន និង​សង្គម​ស៊ីវិល ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ដឹង​ថា នាពេល​ដ៏​ខ្លី​ខាងមុខនេះ រាជរដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​វិមាន​មួយ​ដែលមាន​ឈ្មោះថា “​វិមាន​នយោបាយ​ឈ្នះ ឈ្នះ​” ដូចនេះ គណៈកម្មការ​នឹង​រៀបចំ​ការប្រកួតប្រជែង​ជ្រើសរើស​ជ័យលាភី​រចនា​សំណាក សម្រាប់​កសាង​រូបចម្លាក់​នៅ​វិមាន​នយោបាយ​ឈ្នះ ឈ្នះ។

ដើម្បី​ឱ្យ​សាធារណជន វិចិត្រករ​ទូទៅ និស្សិត​បញ្ញវ័ន្ត គ្រប់​ក្រសួង – ស្ថាប័នរដ្ឋ សហគ្រាស​ឯកជន និង​សង្គម​ស៊ីវិល ងាយស្រួល​គិតគូរ​ពិចារណា ក្នុងការ​រចនា​សំណាក ធ្វើការ​ប្រកួតប្រជែង​ដណ្តើម​ស្នាដៃ នា​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ នៅ​វិទ្យាស្ថាន​ប្រវត្តិសាស្ត្រ​យោធា ដែលមាន​ទីតាំងនៅ (K81) ខាងក្រោយ​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ (​ស្តុ​ប​ទួលគោក​) គណៈកម្មការ​នឹង​រៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​អត្ថន័យ នឹង​ខ្លឹមសារ​សម្រាប់​សាងសង់​វិមាន​នយោបាយ​ឈ្នះ ឈ្នះ ដោយ​ជ្រើសរើស​ប្រធានបទ​មួយចំនួន មក​ធ្វើ​បទឧទ្ទេសនាម ដែល​រួមមាន ទី​១-​នយោបាយ​ឈ្នះ ឈ្នះ និង​ការបញ្ចប់​សង្គ្រាមស៊ីវិល និង​ប្រភព​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា ទី​២-​មូលដ្ឋាន​ទស្សនវិជ្ជា សុខដុម​នីយកម្ម​ខ្មែរ​នៅ​បុរាណសម័យ ទី​៣-​ប្លង់​មេ​វិមាន​ឈ្នះ ឈ្នះ​។​

​ទាក់ទង​បញ្ហា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ ណិ​ម សុវត្ថិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​នយោបាយ និង​ការបរទេស​នៃ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​នយោបាយ ឈ្នះ ឈ្នះ បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៥ ថា មកដល់ពេលនេះ​នៅ​មិនទាន់​បានសម្រេច​ថា នឹងត្រូវ​កសាងឡើង​នៅទីណា មាន​ទំហំ​ប៉ុណ្ណា ប្រើប្រាស់​ទឹកប្រាក់​អស់​ប៉ុន្មាន​នោះទេ ហើយ​អ្វីៗ​នឹង​សំរេច​នៅក្រោយ​សិក្ខាសាលា​នា​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ ខាងមុខ​។ លោក​បញ្ជាក់ថា នៅ​ថ្ងៃទី​២៣ ខែមេសា នោះ មិនមែន​ជាការ​ប្រ​ឡើង​ទេ តែ​ជាការ​ស្តាប់​យោបល់​ពី​អ្នកចូលរួម ថា​តើ​គួរ​ឲ្យ​និយមន័យ​បែបណា សាងសង់​ពីអ្វី នៅទីណា ដើម្បី​ឲ្យ​សមជា​វិមាន​ជា​ប្រវត្តិសាស្ត្រ ដែលជា​ស្នាដៃ​ដ៍​ប្រពៃ​រ៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​អនុវត្តន៍​នយោបាយ​ឈ្នះ ឈ្នះ រហូត​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញបរិបូរណ៍​ទូទាំង​ផ្ទៃ​ប្រទេស។

តាម​លោក​ឧ​ត្ត​ម​សេនីយ៍ ណិ​ម សុវត្ថិ បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយពី​ការផ្តល់​រូបភាព​មួយខែ ទើប​ក្រុម​គណៈកម្មការ​សំរេច​ជ្រើស​រើសយក​រូប​ណាមួយ ហើយ​រង្វាន់​សំរាប់​អ្នក​ដែល​គូររូប​បាន​ជោគជ័យ​នោះ នៅ​មិនទាន់បាន​កំណត់ថា នឹង​ទទួលបាន​ចំនួន​ប៉ុន្មាន​នោះទេ ប៉ុន្តែ​សំខាន់​នោះ គឺ​កិត្តិយស​ជា​ប្រវត្តិសាស្ត្រ​របស់​អ្នក​ដែល​ទទួលបាន​ជោគជ័យ​។ ចំពោះ​ទីកន្លែង ដែល​ត្រូវ​តម្កល់​វិមាន​នេះ ក៍នៅ​មិនទាន់​បានកំណត់​ដែរ តែមាន​កំ​រោង​ខ្លះៗ​ហើយ ដូចជា​នៅក្នុង​ក្រុង នៅ​ជាយក្រុង​ជាដើម ហើយ​បញ្ហា​ការចំណាយ ក៍នៅ​មិនទាន់​បានកំណត់​ដែរ ពីព្រោះ​នៅមាន​ចំណុច​សំខាន់ៗ​ជាច្រើន​ទៀត ដែល​ត្រូវ​គិតគូរ ជាពិសេស​បញ្ហា​ទំហំ និង​សារធាតុ​អ្វីដែល​ត្រូវ​យកមក​សាងសង់​នោះ ដើម្បី​ឲ្យ​សមរម្យ​ជា​សំណង់​ប្រវត្តិសាស្ត្រ ទុកជា​កេរដំណែល​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​យក​ជា​គំរូ​៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684