ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-22-15-l-full

ប្រាសាទព្រៃ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧

តាមរយៈ​ការបង្ហាញ​ក្នុង​សៀវភៅ​ដែលមាន​ចំណងជើង​ថា តំបន់​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បោះពុម្ព​លើក​ទី​២ ឆ្នាំ​២០០៥​របស់លោក កែវ​.​ភួង​ទំព័រ ១៤៨ បានអោយដឹងថា “​ប្រាសាទព្រៃ​ស្ថិតនៅ​ខាងស្តាំ​ដៃ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ខាង​ជ្រុង​ឦសាន​នៃ​ប្រាសាទព្រះខ័ន​។ ប្រាសាទ​នេះ​សាងសង់ឡើង​អំពី​ថ្មភក់​បែរមុខ​ទៅ​ទិសខាងកើត​នៅ​ចុង​សតវត្សរ៍​ទី​១២​និង​ដើម​សតវត្សរ៍​ទី​១៣ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​១២ និង​ដើម​សតវត្សរ៍​ទី​១៣ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧”​។

ចំពោះ​សេចក្តីបញ្ជាក់​ខាងក្រោម​ទំព័រ​នេះ​បានអោយដឹងថា ការហៅ​ប្រាសាទព្រៃ​នេះ​ប្រហែល​នៅពេល​មនុស្ស​ទៅដល់​ដំបូង​គឺ ឃើញ​ប្រាសាទ​នេះ​ត្រូវ​ព្រៃ​ដុះ​ជុំជិត​។ ពាក្យ​”​ព្រៃ​”​នេះ​ប្រើ​ច្រើន​សម្រាប់​ឈ្មោះ​ប្រាសាទ​ដូចជា​ប្រាសាទ​នៅ​ខាងលិច​ភូមិ​អង្គរ​ក្រៅ​ហៅថា ប្រាសាទ ព្រៃ​ដែរ ហើយ​មាន​ប្រាសាទ​មួយទៀត​នៅ​ខាងត្បូង​បារាយណ៍​ខាងកើត និង​នៅ​ជ្រុង​ប្រាសាទ​។ ពាក្យ​ដែល​ហៅថា ព្រៃ​នេះ​គឺ​ប្រើ​តាំងពី​បុរាណ​ដែល​សរសេរ​នៅលើ​សិលាចារឹក​”​វ្រៃ​”​។​

​ ​ប្រាសាទព្រៃ​នេះ ជា​ប្រាសាទតូច​ដែលមាន​តួ​ប៉ម​តែមួយ​នៅ​ល្អ ឯ​តួ​ប៉ម​ខ្លះទៀត​បែកបាក់​ទ្រុឌទ្រោម​ស្ទើរ​អស់​ទៅហើយ ដែល​ពុំមាន​សល់​ឯកសារ​ចម្លាក់​ណា​សំខាន់ៗ​នោះទេ​ហើយក៏​ពុំមាន​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​កត់ត្រា​អោយបាន​ស៊ី​ជំរៅ​នោះឡើយ​។ ដូចនេះ​សម្រាប់​មតិ​វិភាគ​ទៅលើ​សំណង់​នេះ​ផ្អែក​តាម​ភូមិសាស្ត្រ​ដែលមាន​ទីតាំង​ចម្ងាយ​ប្រហែល​៤០​ម៉ែត្រ​ពី​ប្រាសាទព្រះខ័ន​នោះបាន​អោយគេ​សន្និដ្ឋាន​ដូច​មាន​ខាងក្រោម​នេះ ៖

គេ​ឃើញ​ប្រាសាទព្រះខ័ន ជា​ប្រាសាទធំ​មួយ​ជា​ស្នា​ព្រះហស្ត​កសាងឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ក្នុងការ​ឧទ្ទិស​ថ្វាយ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ព្រះបិតា​របស់​ព្រះអង្គ​ហើយក៏​ប្រាសាទព្រះខ័ន​នេះ​ជា​មជ្ឈមណ្ឌល​សិក្សា​ក្នុង​កម្រិត​ឧ​ត្ត​ម​សិក្សា​ដែលជា​សាកលវិទ្យាល័យ​សម័យអង្គ​រ​ទៀតផង​។ ដោយឡែក​ចំពោះ​ប្រាសាទព្រៃ​នៅ​ទិសឦសាន​ជិត​ប្រាសាទព្រះខ័ន​នោះ អាច​ចាត់ទុកជា​ប្រាសាទ​របស់​ព្រះ​ញាតិវង្ស​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ក៏​ថា​បាន ឬ​អាច​ចាត់ទុកជា​ប្រាសាទ​របស់​មន្ត្រី​ធំ​ប្រកបដោយ​ឥទ្ធិពល​ក្នុងសង្គម​ក៏​ថា​បាន​។ ព្រោះ​បើ​យើង​គិត​អំពី​បូជនីយដ្ឋាន ឬ​ចេតិយ​នៅតាម​វត្ត​អារាម​បច្ចុប្បន្ន​ក៏មាន​លំនាំ​នៃ​មរតក​គំនិត​បន្ត​មកពី​បុរាណកាល​ផងដែរ​។ បានសេចក្តីថា នៅ​ជុំវិញ ឬ​ជិតខាង​នៃ​ចេតិយ​ធំ​ក៏មាន​ចេតិយ​តូចតាច​ជា​បរិវារ​នៅក្បែរ​នោះដែរ​។ ដូចនេះ​ចំពោះ​ប្រាសាទព្រះខ័ន​ដែលជា​ប្រាសាទធំ​នោះ​ក៏​អាចមាន​មន្ត្រី ឬ​ព្រះ​ញាតិវង្ស​នៃ​ព្រះមហាក្សត្រ​បាន​សង់​ប្រាសាទ​ទៅតាម​លទ្ធភាព​នៅ​អម​ឬ​នៅក្បែរ​នោះដែរ​។ មតិ​វិភាគ​ខ្លះទៀត​បានបង្ហាញ​អោយដឹង​បន្តថា មាន​ប្រាសាទតូចៗ​ជាច្រើន​ទៀត​ដែលមាន​ការកសាង​យ៉ាង​ផុស​ផល​នោះ​គឺ គ្រាន់តែ​ឋិត​នៅក្នុង​រជ្ជកាល​ព្រះមហាក្សត្រ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ប៉ុណ្ណោះ​។ ឯ​ចំណែក​ការកសាង​នោះ​គឺជា ឧ​ត្ត​ម​គិត​បុគ្គល​ដែលមាន​ការឯកភាព​ក្រោម​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ​ដ៏​មាន​ប្រសិទ្ធភាព ឬ​ជា​ចម្បង​និង​ឈានមុខ​គេ​។ ដូចនេះហើយ​ទើប​មរតក​វប្បធម៌​ទាំងនោះ​ដែល​កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ គេ​តែង​យល់ឃើញ​តាមបែប​រចនាប័ទ្ម នៃ​សំណង់​ផង​និង​ក្បាច់ចម្លាក់​ប្រកបដោយ​ជំនឿ​ខាង​ពុទ្ធសាសនា​មហាយាន​ផង​នោះ​ដែលនាំអោយ​គេ​សន្និដ្ឋានថា ជា​ប្រាសាទ​កសាង​ដោយ​ស្នា​ព្រះហស្ត​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ពិតប្រាកដ។

ដោយឡែក​ចំពោះ​ប្រាសាទព្រៃ​នៅ​ទិសឦសាន​នៃ​ប្រាសាទ​ព្រះ ខ័ន​នេះ ក៏​ចាត់ទុកជា​វិមាន​នៃ​គ្រូធំ​ក្នុងការ​ថែរក្សា​ប្រាសាទព្រះខ័ន​ផង ហើយក៏​ជាការ​លើ​កក​ម្កើ​ង​បារមី​និង​ឫទ្ធានុភាព​នៃ​ប្រាសាទ​ព្រះ ខ័ន អោយ​កាន់តែ​ក្លាយជា​មជ្ឈមណ្ឌល​នៃ​ការសិក្សា​ដ៏​សក្តិ​សិ​ទិ្ធ​បំផុត​នា​សម័យអង្គរ​។ ម្យ៉ាងទៀត​គេ​សន្និដ្ឋានថា ឈ្មោះថា​ប្រាសាទ ព្រៃ​នេះ​ប្រហែលជា​វិមាន​នៃ​រុក្ខទេវតា​ថែរក្សា​ព្រៃឈើ ដែលមាន​បារមី​ខ្លាំងពូកែ សណ្ឋិត​នៅ​ប្រាសាទ​នេះ​ក៏​ថា​បានដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684