ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-22-15-r-full

អ្នកនាំពាក្យ​ចាត់ទុក​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជា​អ្នកនយោបាយ​ជ្រុលនិយម

ភ្នំពេញ ៖ អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​អះអាង​ថា លោក កឹម សុខា ដែល​បច្ចុប្បន្ន​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា បាននឹងកំពុង​ប្រឆាំង​ទៅ​និង​វប្បធម៌​សន្ទនា ដែល​បង្កើត​ឡើង​ដោយ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ដោយ​បាន​បន្ត​រិះគន់​បក្ស​កាន់អំណាច​ថា ផ្តាច់​ការ និង​កុម្មុយនីស្ត ដូច្នេះ​តាមរយៈ​សារ​នយោបាយ​នេះ មានន័យថា លោក កឹម សុខា មាន​ចេតនា​ឲ្យ​ស្ថានការណ៍​នយោបាយ​ឡើង​កម្ដៅ​វិញ ដោយសារតែ​ការ​និយម​វប្បធម៌​ហិង្សា និង​គំនុំ សងសឹក។

លោក ទិ​ត សុធា ថ្លែង​បែបនេះ បន្ទាប់ពី​លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​សមាជិក​-​សមាជិកា នៅពេល​ចូលរួម​ជា​អធិបតី​ក្នុង “​ពិធី​ប្រកាស​សុពលភាព​តែងតាំង​ថ្នាក់ដឹកនាំ​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បាត់ដំបង​” កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែមេសា ឆ្នាំ​២០១៥។ លោក​ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ប្រែប្រួល​យុទ្ធសាស្ត្រ និង​គោលនយោបាយ​នៃ​ការផ្លាស់ប្ដូរ​របស់​ខ្លួន​ទេ​។ ជាមួយគ្នា​នោះ​លោក​បាន​ចាត់ទុកថា ប្រជាពលរដ្ឋ ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​មួយ​ដ៏​ពិតប្រាកដ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅតែ​អនុវត្ត​នៃ​ការផ្លាស់ប្ដូរ​នេះ​ដូច​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ មិន​ប្រែប្រួល​ឡើយ។

លោក កឹម សុខា បញ្ជាក់​ថា ក្នុងនាម​ជា​សកម្មជន​ទាំងអស់ យើង​កុំ​ភ្លេចៗ​ខ្លួន​ថា ប្រជាពលរដ្ឋ​ដែល​គាំទ្រ​យើង​នេះ​ដោយសារ​អ្វី​? គឺ​ដោយសារ​គាត់​ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ ប៉ុន្តែ​បើ​យើង​ងាក​ចេញពី​អ្វីដែល​គាត់​ចង់បាន គាត់​ក៏​ងាក​ចេញពី​យើង​ដែរ​។ “​អ៊ីចឹង​យើងខ្ញុំ​ចង់​បញ្ជាក់ជូន​បងប្អូន​ជនរួមជាតិ​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​រក្សា​គោលជំហរ​ដដែល ឥត​ងាក​ចេញពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាដាច់ខាត​”​។​

ទាក់ទង​និង​ការលើកឡើង​នេះ លោក​ទិ​ត សុធា មន្ត្រី​អ្នកនាំពាក្យ​អង្គភាព​ព័​ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែងថា បុគ្គល​គ្រប់រូប​ទាំង​អ្នកនយោបាយ ក៏ដូចជា​ប្រជាពលរដ្ឋ​ធម្មតា​ធ្វើ​សកម្មភាព​អ្វីមួយ គួរ​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​ច្បាប់ ប៉ុន្តែ​ចំពោះ​សំដី​របស់លោក​កឹម សុខា ដែល​បាន​និយាយថា រក្សា​ជំហរ​ដដែល គឺ​នៅក្នុង​ការផ្លាស់ប្តូរ យើង​បាន​មើលឃើញថា នេះ​គឺជា​ពាក្យឃោសនា​របស់លោក​កឹម សុខា ក៏ប៉ុន្តែ​ការផ្លាស់ប្តូរ​ណាមួយ​ដែល​នាំ​ឲ្យ​មាន​មហន្តរាយ​ដល់​សង្គមជាតិ ឬមួយ​ក៏​ជាការ​ផ្លាស់ប្តូរ​ណាមួយ​ដែល​ប្រើ​កម្លាំង បំពាន​លើ​រដ្ឋធម្មនុញ្ញ គឺ​ការផ្លាស់ប្តូរ​នោះ ស្ថិតនៅក្នុង​វិធានការ​នៃ​ច្បាប់ ហើយ​លោក​យល់ថា នៅក្នុង​ដំណាក់​កាលដែល​លោក​កឹម សុខា គឺ​កំពុងតែ​ស្ថិតនៅក្នុង​នីតិវិធី នៃ​ការស៊ើបអង្កេត​សួរនាំ និង​ដំណើរការ​ផ្លូវច្បាប់​នៅឡើយ​យល់ថា ការ​ផ្គើន​ចំពោះ​នីតិវិធី​ផ្លូវច្បាប់ វា​គឺជា​រឿង​មួយ​របស់​អ្នកនយោបាយ​ជ្រុលនិយម​។​

ចំពោះ​សំណួរ​ដែល​ទាក់ទង​វិធានការ​ច្បាប់ លោក​ទិ​ត សុធា បាន​អះអាង​ថា “វា​អាស្រ័យ​ទៅ​លើ​សកម្ម​ភាព​ជាក់​ស្តែង​បន្ត​ទៅ​មុខទៀត​របស់​លោក​កឹម សុខា តើ​បន្ទាប់ពី​គាត់​បាន​និយាយ​ថា នឹង​បន្ត​ចលនា​ផ្លាស់ប្តូរ​នេះ តើ​គាត់​នឹងធ្វើ​សកម្មភាព​អ្វី​ទៀត ជា​សកម្មភាព​ញុះញង់ បង្កចលាចល នាំ​ឲ្យ​សង្គម​វឹកវរ ឬមួយ​ក៏​គ្រាន់តែ​ជា​សារ​នយោបាយ ដើម្បី​សំ​ញើញ​ទាក់ទាញ​ទឹកចិត្ត​មហាជន​ឲ្យ​មានការ​យល់ច្រឡំ​ថា គាត់​ពិតជា​មានបំណង មាន​មហិច្ឆតា​ថា ទៅមុខ​គាត់​ពិតជា​បាន​ទៅជា​គណបក្ស​មួយ​ដែល​អាច​ដឹក​នាំ​ប្រទេស​បាន ក៏ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​យុគសម័យ​នេះ គឺ​គេ​មិន​ជឿ​ទៅលើ​ការឃោសនា​បោកប្រាស់ គេ​ជឿ​តាម​នោះទេ សំខាន់​ប្រជាពលរដ្ឋ​យល់ថា គណបក្ស​ណា​ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ពិត​ដល់​រូបគាត់”។

លោក ទិ​ត សុធា បាន​ឲ្យ​ដឹង​ដែរ​ថា រឿង​អតីត​កាលដែល​លោក​កឹម សុខា គាត់​បាន​ដឹកនាំ​កម្លាំង​មហាជន​នៅក្នុង​ការតវ៉ា​នៅតាម​ដងផ្លូវ ការ​បង្ក​ភាព​ចលាចល​នៅក្នុង​សង្គម ការបង្កើត​ឲ្យ​មាន​ហិង្សា​រហូតដល់​មាន​អ្នកស្លាប់ នេះហើយ​ដែលជា​អំពើហិង្សា​ដែល​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់ ហើយ​បើ​សកម្មភាព​ណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម នោះ​គឺ​លោក​កឹម សុខា នឹង​ប្រឈម​ចំពោះ​នីតិវិធី​ផ្លូវច្បាប់​ជា​បន្តទៀត ពីព្រោះ​រឿង​គាត់​កំពុងតែ​ស្ថិតនៅក្នុង​សំណាញ់​ច្បាប់​នៅឡើយ​ទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684