ព័ត៍មានទាន់​ហេតុការណ៏
Search
010

បែក​ថ្នាំ​ចាប់​កូនស្រី​អាយុ​ជាង​មួយ​ខួប​បង្ខាំង​ក្នុងផ្ទះ​គំរាម​ចាក់​សាំង​ដុត​

បាត់ដំបង ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ក៏ដូចជា​សមត្ថកិច្ច​នៃ​កង​រាជ​អាវុធ​ហត្ថ​ និង​កងកម្លាំង​នគរបាល ដោយសារ​តែ​មាន​បុរស​ម្នាក់​ដែល​រស់នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះ​ស្ដេច ក្រុង​បាត់ដំបង​បាន​ចាប់​កូនស្រី​របស់​ខ្លួន​ដែល​ទើបតែ​មាន​អាយុ​ជាង​មួយ​ខួប​ចូល​សំងំ​បិទទ្វារ​នៅ​ក្នុងផ្ទះ ដោយ​គំរាម​ទៅ​ម្តាយ​ថា​នឹង​ចាក់​សាំង​ដុត​សម្លាប់ខ្លួនឯង​ជាមួយនឹង​កូន​កាលពី​ម៉ោង១១​ថ្ងៃត្រង់ នា​ថ្ងៃទី​៨ ខែមេសា ឆ្នាំ២០១៥ ហើយ​រហូត​មក​ទល់នឹង​ម៉ោង​៣​រសៀល​ គឺ​មិនទាន់​ស្ងប់ស្ងាត់​នៅឡើយ​ទេ​។ នៅក្នុង​ខណៈ​នោះ​ផង​ដែរ ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​របស់​លោក​ព្រះរាជអាជ្ញា​នួន សាន លោកស្នងការ​រង លោក​ជេ​ត វណ្ណ​នី ព្រមទាំង​កម្លាំង​កងរាជអាវុធហត្ថ​សហការ​ជាមួយ​ផង​បាន​ចុះទៅ​ចំណុច​ខាងលើ​ក្នុង​គោលបំណង​ចរាចរ​រក​ដំណោះស្រាយ​ឲ្យ​បុរស​រូប​នេះ​បើកទ្វារ​ដើម្បី​យក​កូនតូច​នោះ​ចេញ​មក​ក្រៅ​។​

ស្ថិត​ក្នុង​សភាព​ទឹកភ្នែក​រលីងរលោង អ្នកស្រី​ សៀង ហ៊ាន អាយុ​៦១​ឆ្នាំ​ ត្រូវជា​ម្តាយ​របស់​ជន​បង្ក​បាន​រៀបរាប់​ថា កូនប្រុស​របស់​គាត់​មាន​ប្រពន្ធ​ចំនួន​ពីរ​នាក់​មក​ហើយ ហើយ​ម្នាក់ៗ​សុទ្ធតែ​រត់​ចោល​វា​ទាំងអស់​ ដោយសារតែ​មិនអាច​រួមរស់​នៅ​ជាមួយគ្នា​បាន មូលហេតុ​កូន​របស់​គាត់​បាន​ប្រើប្រាស់​គ្រឿងញៀន​រហូត​ស្ទើរតែ​បែក​ទៅ​ហើយ ថែមទាំង​វាយ​ធ្វើបាប​ប្រពន្ធ​ទៀត​។​

អ្នកស្រី​បាន​បន្ត​ថា ប្រពន្ធ​ទី​ពីរ​របស់​វា​គឺ​ទើប​តែ​ចុះចេញ​ប្រហែល​ជាង​មួយ​ខែ​នេះ ​ដោយ​នាង​​បាន​យក​កូនស្រី​ដែល​មាន​អាយុ​ជាង​មួយ​ខួប​ទៅជា​មួយ​ផង បញ្ហា​នេះ​ហើយ​ដែល​វា​ចាប់ផ្តើម​រករឿង​គាត់​យ៉ាង​ខ្លាំង ដោយ​បាន​ដេញ​គាត់​ឲ្យ​ទៅ​យក​កូនស្រី​នោះ​មក​វិញ​ រហូត​វា​ហ៊ាន​ទាញ​ញញួរ​រក​វាយ​​ក្បាល​របស់​គាត់​ថែមទៀត នៅ​ទីបំផុត​គាត់​ក៏បាន​ទៅ​យក​កូន​នោះ​មកវិញ ប៉ុន្តែ​អ្វីៗ​មិន​ត្រូវ​បាន​ផ្លាស់ប្ដូរ​នោះ​ទេ គឺ​វា​នៅតែ​រករឿង​ដដែល ហើយ​នៅ​ថ្ងៃ​កើត​ហេតុ​នេះ​វា​បាន​កញ្ឆក់​កូនស្រី​ពី​ដៃ​របស់​អ្នកស្រី​រត់ឡើង​ទៅ​លើ​ផ្ទះ​ ដោយ​បាន​បិទទ្វារ​ដាក់​គន្លឹះ​ជាប់​ពី​ខាងក្នុង។ នៅក្នុង​នោះ​ដែរ​វា​បាន​ត្រៀម​នូវ​ដប​សាំង​ចំនួន​កន្លះ​លីត្រ ញញួរ​មួយ ដែក​ស្បែង​មួយ​ដើម កូនកាំបិត​មួយ ដោយ​គំរាម​សម្លាប់ខ្លួន​​ឯង​ជាមួយ​នឹង​កូនស្រី​ដ៏​តូច​នោះ​ក្នុង​វិធី​ចាក់​សាំង​ដុត​។​

ដោយមាន​ការភ័យខ្លាច ស្ត្រី​ជា​ម្តាយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​រហូត​ផ្អើល​ទាំង​ប្រជាពល​រដ្ឋ​មក​ចោមរោម​មើល​ពេញ​ពីមុខ​ផ្ទះ នៅពេល​នោះ​ដែរ​ទាំង​លោក​ព្រះរាជអាជ្ញា ក៏ដូចជា​សមត្ថកិច្ច​បា​ន​រិះរក​វិធី ដើម្បី​រំដោះ​កូនតូច​នោះ​ឲ្យ​បាន​ចេញ​មក​ខាងក្រៅ​ ប៉ុន្តែ​គ្មាន​ប្រយោជន៍​ដោយសារតែ​ជន​នេះ​មិន​ព្រម​បើកទ្វារ​ជាដាច់ខាត ដោយមាន​ការ​ព្រួយបារម្ភ​ចំពោះ​អគ្គិភ័យ​ដែល​អាច​កើតមានឡើង​នោះ​ រថយន្ត​ពន្លត់អគ្គីភ័យ​ក៏បាន​ចេញ​មក​ចត​ក្បែរ​ចំណុច​កើតហេតុ​ដើម្បី​ត្រៀម​លក្ខណៈ​ដែរ​។​

ទីបំផុត ប្រហែល​ជា​ម៉ោង​៣​រសៀល​លោកស្នងការ​បាន​បញ្ជា​ឲ្យ​ដក​កម្លាំង​ចេញ​ឲ្យ​អស់​សិន​ដោយ​គ្រាន់តែ​ទុក​កម្លាំង​បង្កប់​តែប៉ុណ្ណោះ ​រង់ចាំ​ឃាត់ខ្លួន​ខណៈ​ដែល​ជន​នេះ​បើកទ្វារ​ចេញ​មក​ក្រៅ​។ ​ជន​នេះ​មានឈ្មោះ ​ប៊ួ រ័ត្ន​សំណាង ហៅ​ទៀង អាយុ​៣១​ឆ្នាំ ជា​ជន​ញៀន​ថ្នាំ​រហូត​បែក​ទៅ​ហើយ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ត្រៀមខ្លួន​ក្បែរៗ​ចំណុច​នោះ​នៅឡើយ ​រង់ចាំ​ឱកាស​ហុច​ឲ្យ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684