ព័ត៍មានទាន់​ហេតុការណ៏
Search
T-04-23-15-m-full

ប្រវត្តិ​ព័ត៌មាន​អំពី​ប្រាសាទ អកយំ

ផ្អែក​តាម​ប្រវត្តិ​ព័ត៌មាន​ទទួល​បាន​ពី​ឯកសារ​តំបន់​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​អ្នកនិពន្ធ កែវ ភួង ទំព័រ​១៥២ មាន​ចំណងជើង​អត្ថបទ​ថា “​ប្រាសាទ អកយំ​” បានឲ្យដឹងថា ប្រាសាទ អកយំ ឋិត​នៅ​ចុង​ផុត​ខាងត្បូង​នៃ​បារាយណ៍​ខាងលិច​។ ប្រាសាទ​នេះ​កសាងឡើង​ក្នុង​រវាង​សតវត្សរ៍​ទី​៧ និង​ទី​៩​។ សិលាចារឹក​ដែល​រកឃើញ​នៅលើ​សសរ​បញ្ជាក់ប្រាប់​ពី​កាលបរិច្ឆេទ​នៃ​ប្រាសាទ អកយំ គឺ​ក្នុង​ឆ្នាំ​៦០៩, ៧០៤​និង ១០០១ នៃ​គ្រិស្តសករាជ​ក្នុងពេល​កសាង​បារាយណ៍​ខាងលិច​ដែល​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​នេះ​ត្រូវបាន​កប់​ដោយ​ទំនប់​ខាងត្បូង​។ តាម​ឯកសារ​បានបញ្ជាក់​អោយដឹងថា ប្រាសាទ​នេះ​មាន​៣​ជាន់​មាន​ប្រាង្គ​ចំនួន​១២ និង​ហ៊ុមព័ទ្ធ​ដោយ​ជញ្ជាំង​ធ្វើ​អំពី​ឥដ្ឋ​។​

បើតាម​ឯកសារ Books GUIDES Ancient Angkor ទំព័រ​១៨៩ របស់លោក MICHAEL FREEMAN CLAUDE FACQES បាន​បញ្ជាក់ថា បើតាម​សិលាចារឹក​បាន​បញ្ជាក់ថា កសាង​ថ្ងៃ​សៅរ៍ ទី​១០ ខែមិថុនា ឆ្នាំ​៦៧៤ ដោយ​ព្រះមហាក្សត្រ​ជ័យ​វរ្ម័នទី​១​។ ប៉ុន្តែ​បើ​យើង​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ឯកសារ​របស់​លោក កែវ​.​ភួង នោះ​យើង​អាច​សន្និដ្ឋាន​បាន​ថា ប្រាសាទ អកយំ​ត្រូវ​បាន​កសាង​ឡើង​អស់​រយៈពេល​៣​រាជ្យ​ស្តេច​ទើបបាន​ហើយ​ស្រេច​ជា​ស្ថាពរ គឺ​ព្រះមហាក្សត្រ​ទី​១ កសាង​មុនគេ​បង្អស់​ក្នុងការ​ចាប់ផ្តើម​ពី​គ​.​ស ៦០៩, ព្រះមហាក្សត្រ​ទី​២ ដែល​យើង​មិន​ស្គាល់​ព្រះនាម​ឬ​គ្មាន​ឯកសារ​បញ្ជាក់​នោះបាន​ចាប់ផ្តើម​កសាង​បន្ត​នៅ​គ​.​ស ៧០៤ និង​ព្រះមហាក្សត្រ​ចុងក្រោយ​គេ​ដែល​បាន​កសាង​បង្ហើយ​អោយបាន​សម្រេច​ជា​ស្ថាពរ​នោះ​គឺ នៅ​គ​.​ស​១០០១ គឺ​ព្រះបាទ​សូរិយា​វរ្ម័នទី​១ ជា​ព្រះមហាក្សត្រ​ដ៏​ល្បីល្បាញ​ក្នុង​ការកសាង​ប្រាសាទភ្នំ​ដូចជា​ប្រាសាទ ព្រះវិហារ​, ប្រាសាទ ភ្នំ ជី​សូរ​…។

គប្បី​បញ្ជាក់​ផង​ដែរ​អំពី​ឈ្មោះ​ប្រាសាទ​នេះ​ហេតុអ្វី​ក៏​ចាស់​បុរាណ​បាន​ដាក់​ឈ្មោះថា ប្រាសាទ អកយំ​? គេ​បាន​បញ្ជាក់​ដោយ​ការ​សន្មត​តាម​ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​យើង​ដែល​គាត់​ចំណាំតែ​ឮ​សំ​ឡែ​ង​អកយំ​នៅ​ទីនោះ​កាលពីមុន​កសាង​ប្រាសាទ​ទើប​គេ​ហៅ​ទីនោះ ឬ​ប្រាសាទ​នោះ​ជា​ប្រាសាទ អកយំ​។ ការ​អះអាង​ម្យ៉ាងទៀត​គេ​យល់ថា​ក្រោយពី​ការសាងសង់​ប្រាសាទ​រួចហើយ ហើយ​ដែលមាន​ការ​បោះបង់ចោល​ជា​យូរ​ឆ្នាំ​បណ្តាលអោយ​ទីនោះ​មានការ​ទ្រុឌទ្រោម​បាក់បែក​ដោយមាន​ព្រៃ​ដុះ​ច្រើន​ហើយក៏​ជា​កន្លែង​សត្វ​អកយំ​រស់នៅ​ទៀតផង​។ ជារឿយៗ​គេ​តែង​ឮ​សំឡេង​អកយំ​ទើប​ទីនោះ​ឬ​ប្រាសាទ​នោះគេ​តែង​ហៅ​ឈ្មោះថា ប្រាសាទ អកយំ​តរៀងមក។

ចំពោះ​ការវិភាគ​អំពី​សំណង់​ប្រាសាទ​ធ្វើ​អំពី​ឥដ្ឋ​ដី​ដុត​នោះ​គេ​តែង​ចាត់ទុកជា​ពពួក​ប្រាសាទ​ក្នុង​ជំនាន់​ប្រាសាទ​សម័យ​អាណាចក្រ​ចេនឡា​។ ដ្បិត​ប្រាសាទ ឬ​បូជនីយដ្ឋាន​សម័យ​ចេនឡា ដូច​ក្រុម​ប្រាសាទសំបូរព្រៃគុក​ខេត្តកំពង់ធំ ជាដើម​នោះ គឺ​ភាគច្រើន​គេ​និយម​កសាង​អំពី​ឥដ្ឋ​ដី​ដុត។ ប្រការ​ដែល​គួរអោយកត់សំគាល់​កាន់​តែ​ច្បាស់​ទៅទៀត​នោះ​គឺ​ប្រាសាទ អកយំ​ចាប់​ផ្តើម​កសាង​ពី​គ​.​ស​៦០៩ ដែលជា​សម័យ​ចេនឡា ពិតប្រាកដ​។ បានសេចក្តីថា​ប្រាសាទ អកយំ​កសាង​មុន​សម័យអង្គរ ព្រោះ​សម័យអង្គរ​បានចាប់ផ្តើម​ឡើង​ត្រឹមតែ​គ​.​ស ៨០២ ប៉ុណ្ណោះ​ដែលជា​ព្រះរាជតម្រិះ​ផ្តួចផ្តើមឡើង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​២ ចេញពី​ប្រភព​នៃ​ភ្នំ​គូលែន​នេះ​ទេ​។ ដោយឡែក​ប្រាសាទ អកយំ​ជា​ប្រាសាទ​មុន​សម័យអង្គរ គឺ​ហាក់ដូចជា​ចុង​នៃ​សម័យ​អាណាចក្រ​នគរ​ភ្នំ​មកម្ល៉េះ។ ប៉ុន្តែ​រហូតដល់​សម័យ​អង្គរ ទើប​ព្រះបាទ​សូរិយា​វរ្ម័នទី​១ កសាង​អោយ​ហើយ​ស្រេច​។​

បច្ចុប្បន្ននេះ​ប្រាសាទ អកយំ​ស្ទើរតែ​បាត់បង់​រលុបរលាយ​រូបឆោម​ទៅហើយ​គឺ​គេ​ឃើញតែ​ទីទួល​ខ្ពស់​មួយ​គ្របដណ្តប់​ដោយ​គំនរ​ឥដ្ឋ​ធ្លាក់​រប៉ាត់រប៉ាយ​ដោយ​បន្សល់​នូវ​ខឿន​ថ្ម​តម្រៀប​ជា​ថ្នាក់​ឬ​ជា​កាំជណ្តើរ​សម្រាប់​ឡើងទៅ​ប្រាសាទ​ប៉ុណ្ណោះ​។ នេះ​ជាការ​គួរអោយ​មានការ​ស្តាយស្រណោះ​ដូច​ប្រាសាទ​ឥដ្ឋ​ដែល​ខូចខាត​នៅ​អង្គរ​បូរី​ខេត្តតាកែវ អ៊ីចឹង​ដែរ​។ គឺ​គេ​នៅ​ចំណាំតែ​ទីទួល​ឥដ្ឋ​បាក់បែក​នោះ​ហើយ​ជា​តួ​ប៉ម​នៃ​ប្រាសាទ​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684