ប្រាក់ចំណូល ប៊ូ​អ៊ី​ង កើនឡើង​៣៨%

0
1

សារព័ត៌មាន​តំបន់​អោយដឹងថា ក្រុមហ៊ុន​យាន​ផ្លូវអាកាស​សហរដ្ឋអាមេរិក​ដ៏​ធំ Boeing បាន​រាយការណ៍​អោយដឹងពី​ប្រាក់ចំណេញ​សុទ្ធ ក្នុង​ត្រីមាស​ទីមួយ​ថា កើនឡើង ៣៨% ពីមួយ​ឆ្នាំ​កន្លងទៅ និង​បញ្ជាក់​ជាថ្មី ពី​ការ​ព្យាករ​របស់ខ្លួន​សម្រាប់​ឆ្នាំ​២០១៥ សម្រាប់​លទ្ធផល​ហិរញ្ញវត្ថុ និង​ការបញ្ជូន​យន្តហោះ អោយ​តាម​ការបញ្ជាទិញ​។ ប្រាក់ចំណូល​សុទ្ធ មាន​សរុប ១.៣៤​ពាន់​លាន​ដុល្លារ ក្នុង​ត្រីមាស​ទីមួយ នៃ​ឆ្នាំ ធៀប​ទៅ ៩៦៥ លាន​ដុល្លារ ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​២០១៤។ ការកែសម្រួល​ប្រាក់ចំណូល ១.៩៧​ដុល្លារ ក្នុង​មួយ​ភាគហ៊ុន កើតមាន​លើសពី​កុងសង់ស៊ុស នៅ Wall Street ដែលថា នឹង​មានតែ ១.៨១ ដុល្លារ។

ការបញ្ជូន​តាម​ការបញ្ជា​ទិញ​នូវ​យន្តហោះ​ពាណិជ្ជកម្ម បាន​រុញ​ប្រាក់ចំណូល​ដល់​២២.១៥ ពាន់​លាន​ដុល្លារ កើនឡើង​៨% ពីមួយ​ឆ្នាំ​កន្លងទៅ តែ​នៅ​ទាប​ជាង​បន្តិច​នឹង​ការរំពឹងទុក​២២.៤៩ ពាន់​លាន​ដុល្លារ នៃ​ក្រុមអ្នកវិភាគ​។ ប្រធាន និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Boeing លោក Jim McNerney អោយដឹងថា ការធ្វើ​បានល្អ​មែនទែន​ខាង​ផ្នែក​ប្រតិបត្តិការ និង​ហិរញ្ញវត្ថុ បាន​ពង្រឹង​លទ្ធភាព​ក្រុមហ៊ុន​អោយ​បន្ត​ផ្តល់ ជា​ប្រាក់ចំណូល​ដ៏​ប្រកួតប្រជែង សម្រាប់​ម្ចាស់​ភាគហ៊ុន​ទាំងឡាយ ដែល​កំពុង​វិនិយោគ​លើ​បច្ចេកវិទ្យា និង​មនុស្ស​របស់ Boeing។

ក្រុមហ៊ុន Boeing អោយដឹងថា បានបញ្ចប់​ត្រីមាស​ទីមួយ ជាមួយនឹង​កំណល់​ជា​សាច់ប្រាក់ ៩.៦ ពាន់​លាន​ដុល្លារ បន្ទាប់ពី​បាន​ទិញ​ឡើងវិញ នូវ​ភាគហ៊ុន ១៧​លាន សម្រាប់ ២.៥​ពាន់​លាន​ដុល្លារ និង​បង្កើន​ប្រាក់ចំណេញ​ប្រមាណ ២៥% ធៀប​ទៅមួយ​ឆ្នាំមុន​។ ក្រុមហ៊ុន​មាន​ផែន​ការទិញ​ភាគហ៊ុន​ដែល​នៅ​ទាំងអស់ ៩.៥​ពាន់​លាន​ដុល្លារ ក្នុង​កម្មវិធី​ទិញ​មកវិញ នៅក្នុងពេល​ពីរ​ទៅ​បី​ឆ្នាំ​ខាងមុខ​។ ក្រុមហ៊ុន ដែលមាន​មូលដ្ឋាន​តាំងនៅ​ស៊ីកា​ហ្គោ បានបញ្ចប់​ត្រីមាស​ទីមួយ ជាមួយ​បញ្ជី​ការងារ​ក្រុមហ៊ុន​សរុប ៤៩៥ ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន ការបញ្ជាទិញ​យន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាត​ធំ ជាង​៥,៧០០ គ្រឿង។

ធុរកិច្ច​ខាង​ការពារ​លំហ​អាវ​កាស និង​សន្តិសុខ ដែលមាន​ទំហំ​តូច​ជាង នៃ​ក្រុមហ៊ុន ប៊ូ​អ៊ីង មាន​ប្រាក់ចំណូល​ធ្លាក់ចុះ ១២% ធៀប​ទៅមួយ​ឆ្នាំមុន ដល់ ៦.៧១​ពាន់​លាន​ដុល្លារ ក្នុងពេលដែល​មានការ​កាត់បន្ថយ​ចំណាយ​ការពារ​របស់​សហរដ្ឋ​អាមេរិក​។ មាន​ប្រមាណ​មួយ​ភាគបី​នៃ​សៀវភៅ​កត់ត្រា​ការងារ​ត្រូវធ្វើ​ប្រាប់​ពី​ការបញ្ជាទិញ​ពី​អតិថិជន​អន្តរជាតិ​។ សម្រាប់​ពេញ​មួយឆ្នាំ​២០១៥ Boeing បញ្ជាក់​ពី​ការ​ព្យាករ​របស់ខ្លួន នូវ​ប្រាក់ចំណូល ៩៤.៥ ទៅ ៩៦.៥ ពាន់​លាន​ដុល្លារ និង​កែសម្រួល​ប្រាក់ចំណូល​ក្នុង​មួយ​ភាគហ៊ុន​ពី ៨.២​ដល់ ៨.៤​ដុល្លារ​។

ការប៉ាន់ស្មាន​នៃ​អ្នកវិភាគ​កម្រិត​កណ្តាល គឺ ៩៤.៨​ពាន់​លាន​ដុល្លារ ជា​ប្រាក់ចំណូល និង ៨.៤៩% ជា​ចំណូល​ក្នុង​មួយ​ភាគហ៊ុន។ គេ​រំពឹងថា Boeing នឹង​បញ្ជូន​យន្តហោះ​ពាណិជ្ជកម្ម ៧៥០ ទៅ ៧៥៥ គ្រឿង​តាម​ការបញ្ជាទិញ នៅ​ឆ្នាំនេះ ដែល​នឹង​ផលិត​បាន​ប្រាក់ចំណូល ៦៤.៥ ទៅ ៦៥.៥​ពាន់​លាន​ដុល្លារ៕